ករណីសម្លាប់មនុស្ស ៦ នាក់ និងសមត្ថភាពសណ្តំអារម្មណ៍របស់ឃាតករ

វិធីសាស្រ្តដែល Miyoko Sumida ប្រើដើម្បីបានទទួលការជឿទុកចិត្តពីជនរងគ្រោះ បន្ទាប់មកលួចចូលក្នុងផ្ទះរបស់​ពួក​គេ ញុះញង់ឱ្យសមាជិកនៅក្នុងគ្រួសារសម្លាប់គ្នាទៅវិញទៅមក។

នៅឆ្នាំ ២០១២ ករណីឃាតកម្មយកប្រាក់ធានារ៉ាប់រងបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សាធារណជនជប៉ុន ជនល្មើស​មិន​ត្រឹម​តែ​ឆក់​យកជីវិត​មនុស្ស ៦ នាក់ប៉ុណ្ណោះទេ ហើយថែមទាំងជាប់ពាក់ព័ន្ធនឹងករណីបាត់ខ្លួនជាបន្តបន្ទាប់ទៀតផងដែរ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ “មេក្លោង” នៅពីក្រោយករណីឃាតកម្មឈ្មោះ Miyoko Sumida អាយុ ៦៤ ឆ្នាំ មិនដែលសម្លាប់នរណាម្នាក់ផ្ទាល់ដៃនោះទេ។

រូបភាព https://www.dailymail.co.uk/

ហេតុការណ៍នេះចាប់ផ្តើមកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅពេលដែលប៉ូលីសរកឃើញធុងដែកមួយក្នុងទន្លេ ខាងក្នុង​ពោរ​ពេញ​ទៅ​ដោយ​ស៊ីម៉ងត៍ រក្សា​សាក​សព​របស់​ស្រ្តី​ម្នាក់។

អ្នកធ្វើកោសល្យវិច្ច័យបានអោយដឹងថាស្រ្តីជនរងគ្រោះមានឈ្មោះ Kazuo Oe អាយុ ៦៦ ឆ្នាំ ដែលត្រូវគេរាយការណ៍​ថា​បាន​បាត់ខ្លួនកាលពីខែកញ្ញាឆ្នាំដដែល។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថាលោកស្រី Kazuo ត្រូវកូនស្រីទាំងពីរនាក់របស់ខ្លួនសម្លាប់ ជនសង្ស័យទាំងពីររួមជាមួយកូនប្រសារឈ្មោះ Hiroshi Kawamuda អាយុ ៤២ ឆ្នាំត្រូវចាប់ខ្លួនទាំងអស់។

រូបភាព https://www.dailymail.co.uk/

ជនសង្ស័យ Hiroshi Kawamuda និយាយថាខ្លួនស្គាល់លោកស្រី Miyoko Sumida បន្ទាប់ពីដោះស្រាយបញ្ហានៅលើរថភ្លើង។ ពេលនោះអ្នកទាំងពីរចាប់ផ្តើមជឿទុកចិត្តគ្នាទៅវិញទៅមក។

តាមយោបល់របស់ Miyoko Sumida លោក Hiroshi Kawamuda បានលាឈប់ពីការងារនៅក្រុមហ៊ុន ថែមទាំងប្រគល់ប្រាក់ចំនួន ១ លានយ៉េនដែលខ្លួនសន្សំសម្រាប់ធ្វើជំនួញ។ បន្ទាប់មកលោកស្រី Miyoko Sumida បន្តទៅរាប់អាននឹងភរិយារបស់លោក។

មិនដឹងថាហេតុ​អ្វីបានជាប្តីប្រពន្ធនេះត្រូវលោកស្រី Miyoko Sumida សណ្តំ និងជឿទុកចិត្តយ៉ាងខ្លាំង។ ស្តាប់តាមរឿងទាំងអស់ មិនយូរប៉ុន្មានលោក Hiroshi Kawamuda នាំលោកស្រី Miyoko Sumida ទៅនៅផ្ទះជាមួយគ្នា។

មួយរយៈពេលក្រោយមកកូនស្រីពីរនាក់របស់លោកស្រី Kazuo និងលោក Hiroshi ស្តាប់តាមសម្តីរបស់លោកស្រី Miyoko Sumida វាយម្តាយរហូតដល់ស្លាប់។

រូបភាព https://www.dailymail.co.uk/

ប៉ូលីសចាប់ផ្តើមញញើតបន្ទាប់ពីពួកគេស៊ើបអង្កេតករណីជាច្រើនទៀតដែលពាក់ព័ន្ធនឹងស្ត្រីឈ្មោះ Miyoko Sumida ។

ដំបូងនិយាយពីគ្រួសាររបស់ Hashimoto នៅឆ្នាំ ១៩៨១ ។ លោកស្រី Miyoko Sumida និងប្អូនស្រី Masanori Sumida មិនដឹងហេតុ​អ្វីបានទៅសុំស្នាក់នៅផ្ទះរបស់ Hashimoto ។ នៅក្នុងផ្ទះរបស់ Hisashi Hashimoto មានម្តាយ និងបងប្រុស។

រហូតដល់ឆ្នាំ ១៩៨៧ ម្តាយរបស់ Hashimoto បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ ក្រោយមកត្រូវបានបញ្ជាក់ថាស្លាប់នៅឆ្នាំដដែល ហើយត្រូវបញ្ចុះខាងក្រោមឥដ្ឋ។

នៅឆ្នាំ ២០០១ Masanori Sumida រៀបការជាមួយលោក Hisashi Hashimoto រហូតដល់ឆ្នាំ ២០០៥ ខណៈពេលប្តីប្រពន្ធធ្វើដំណើរកំសាន្ត លោក Hisashi Hashimoto ចៃដន្យធ្លាក់ចូលសមុទ្រ ហេតុ​ការណ៍នេះត្រូវបានរាយការណ៍​ជូន​ភ្នាក់​ងារ​ស៊ើប​អង្កេតថាជាគ្រោះថ្នាក់។ បន្ទាប់មកលោកស្រី Masanori Sumida ទទួលបានប្រាក់ធានារ៉ាប់រងចំនួន ៩០ លានយ៉េន។

នៅឆ្នាំ ២០១១ មនុស្សចុងក្រោយនៅក្នុងគ្រួសារ Hashimoto គឺបងប្រុសថ្លៃរបស់លោកស្រី Masanori Sumida ត្រូវសម្លាប់ សាក​សព​របស់​ជន​រងគ្រោះដាក់ក្នុងធុងប្រេងដើម្បីបំបាត់ភស្តុតាង ហើយកប់ខាងក្រោមឥដ្ឋជាមួយម្តាយ។

រូបថតកុមារភាពរបស់ Miyoko Sumida

រូបភាព https://www.dailymail.co.uk/

បងប្អូនលោកស្រី Masanori Sumida ភ្លាមៗស្រាប់តែក្លាយជាម្ចាស់ផ្ទះ ហើយទទួលបានទ្រព្យសម្បត្តិទាំងអស់ ក្រោយ​មក​ប៉ូលីសបានបញ្ជាក់ថាលោកស្រី Miyoko Sumida ជាអ្នកឈរពីក្រោយញុះញង់ឱ្យប្អូនស្រី Masanori Sumida សម្លាប់គ្រួសារ ៣ នាក់។

គោលដៅបន្ទាប់របស់លោកស្រី Miyoko Sumida គឺជាគ្រួសាររបស់ Yokochi ។ លោកស្រី Miyoko Sumida ជាម្ចាស់បំណុលកូនប្រុសពៅនៃគ្រួសារនេះ។ ប៉ុន្តែជាក់ស្តែងលោកស្រីជាជនឆបោកយកទ្រព្យសម្បត្តិដីធ្លី ហើយនៅទីបំផុតគ្រួសារ Yokochi ត្រូវលោកស្រី Miyoko Sumida ធ្វើអោយក្លាយទៅជាអ្នកបម្រើរបស់ខ្លួន។

ជាក់ស្តែងគាត់តែងតែបង្ខំអោយពួកគេធ្វើការរហូតដល់អស់កម្លាំង លោកស្រី Miyoko Sumida ថែមទាំងបាន​ឃុប​ឃិត​ញុះញង់សមាជិកគ្រួសារឱ្យធ្វើបាបគ្នាទៅវិញទៅមកដូចជាកូនវាយម្តាយ បងប្អូនក្លាយជាសត្រូវ។

គ្រួសារអកុសលបន្ទាប់មកទៀតគឺ Tanimoto ដោយប្រើល្បិចចាស់លោកស្រី Miyoko Sumida ជួយសងបំណុលរបស់ម្ចាស់ផ្ទះ Tanimoto ហើយបន្ទាប់មកធ្វើបាបគ្រួសាររបស់គាត់។ លោកស្រី Miyoko Sumida បញ្ជាអោយឃុំខ្លួនសមាជិកគ្រួសារទាំងអស់ ជារៀងរាល់ថ្ងៃអាហាររបស់ពួកគេអាស្រ័យលើលោកស្រី។

កូនស្រីពៅឈ្មោះ Rui Tanimoto ត្រូវលោកស្រី Miyoko Sumida បញ្ជាអោយទទួលគាត់ជាម្តាយចិញ្ចឹម ហើយស្តាប់តាមបញ្ជាធ្វើបាបម្តាយ និងបងស្រីបង្កើតរបស់ខ្លួន។ ចំណែកកូនស្រីច្បងក្នុងគ្រួសារឈ្មោះ Mariko ជាអ្នកដែលតែងតែប្រឆាំងនឹងលោកស្រី Miyoko Sumida ត្រូវសម្លាប់ រីឯប្រពន្ធរបស់លោក Tanimoto ក៏ត្រូវសម្លាប់ដែរ។ ទាំង​នេះ​ជាស្នាដៃរបស់កូនស្រីពៅ Rui Tanimoto ជាអ្នកធ្វើ។

រូបភាព https://www.dailymail.co.uk/

យោងតាមស្ថិតិរបស់ប៉ូលីសបានអោយដឹងថាលោកស្រី Miyoko Sumida ជាប់ពាក់ព័ន្ធនឹងករណីស្លាប់ចំនួន ៦ នាក់ បាត់​ខ្លួន​ចំនួន ៣ នាក់ ព្រមទាំងករណីទារុណកម្មផ្លូវចិត្ត និងរាងកាយជាច្រើនផ្សេងទៀត។

នៅទីបំផុតអាថ៌កំបាំងត្រូវបានលាតត្រដាង សាធារណជនមានការភ្ញាក់ផ្អើលដោយឆ្ងល់ថាហេតុអ្វីបានជាស្ត្រីម្នាក់នេះមានសមត្ថភាពសណ្តំអារម្មណ៍របស់អ្នកដទៃដូចនេះ។ មានករណីជាច្រើនត្រូវគាត់បញ្ជារហូតដល់សម្លាប់សាច់ញាតិខ្លួនឯង។

កាលនោះគេរកមិនឃើញដានរបស់លោកស្រីអាយុ ៨៨ ឆ្នាំ និងកូនស្រីម្នាក់ទៀតកំពុងរស់នៅក្នុងផ្ទះដែរ។

ប៉ូលីសក៏បានស៊ើបអង្កេតឃើញថានៅឆ្នាំ ២០០៥ ប្តីរបស់លោកស្រី Masanori Sumida បានទទួលមរណភាពខណៈកំពុងធ្វើដំណើរទៅ Okinawa ។ ប្រាក់ធានារ៉ាប់រងទាំងអស់ចំនួន ៩០ លានយ៉េន និងទ្រព្យសម្បត្តិផ្សេងទៀតរបស់បុរសនេះបានធ្លាក់ក្នុងកណ្តាប់ដៃលោកស្រី Miyoko Sumida ។

យោងតាមប៉ូលីសនៅថ្ងៃទី ២២ ខែតុលាលោកស្រី Sumida និយាយប្រាប់មន្រ្តីទទួលបន្ទុកគ្រប់គ្រងកន្លែងឃុំឃាំងរបស់គាត់ថា “ខ្ញុំចង់ស្លាប់ តើខ្ញុំអាចធ្វើអត្តឃាតបានដោយរបៀបណា?” ករណីនេះធ្វើអោយមន្ត្រីប៉ូលីសបញ្ជូនលោក​ស្រីចូលកន្លែងឃ្លាំមើល។

លោកស្រី Miyoko Sumida បានធ្វើអត្តឃាតនៅក្នុងគុក ថ្វីត្បិតតែគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនោះក៏ដោយ ចុងក្រោយគាត់នៅតែឆ្លងមិនផុត។

ករណីស្លាប់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងលោកស្រី Miyoko Sumida និងបក្ខពួកកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅ​ឡើយ។ ការស្លាប់របស់លោកស្រី Sumida ធ្វើឱ្យសំណុំរឿងកាន់តែអាថ៌កំបាំង។

ប៉ុន្តែសំនួរធំបំផុតហេតុអ្វីបានជាស្ត្រីម្នាក់នេះមានសមត្ថភាពសណ្តំអារម្មណ៍របស់អ្នកនៅជុំវិញខ្លួន ប្រហែលជាមិនអាចរកឃើញចម្លើយឡើយ។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: