ដោយក្តីស្រលាញ់បុរសចំណាស់ម្នាក់ក្រោកពីព្រលឹមធ្វើម្ហូបអោយប្រពន្ធដែលមានជំងឺភ្លេចភ្លាំងរាល់ថ្ងៃ
ដើម្បីជម្រុញចំណង់អាហាររបស់ប្រពន្ធដែលមានជំងឺ Alzheimer បុរសចំណាស់អាយុ ៧៤ ឆ្នាំ បានរៀបចំអាហារដែលគួរអោយទាក់ទាញ និងឆ្ងាញ់ជារៀងរាល់ថ្ងៃដើម្បីកំដរប្រពន្ធបរិភោគ ហើយធ្វើអោយគាត់អស់សំណើច។
នៅម៉ោង ៥ កន្លះព្រឹកលោក Kenichi Torikai បើកភ្លើងផ្ទះបាយរបស់ខ្លួនដែលស្ថិតនៅ Ohu ខេត្ត Aichi ដើម្បីរៀបចំអាហារពេលព្រឹក។ លោកនិយាយថា “ខ្ញុំចូលចិត្តពេលវេលានោះ វាធ្វើអោយខ្ញុំរំភើបក្នុងចិត្ត” ។
លោក Kenichi Torikai ចំណាយពេលប្រហែលមួយម៉ោងសម្រាប់ចម្អិនអាហារពេលព្រឹក ព្រោះគាត់ចង់អោយអាហារដែលសំខាន់បំផុតក្នុងមួយថ្ងៃត្រូវបានតុបតែងយ៉ាងល្អិតល្អន់។ ពេលខ្លះគាត់ច្នៃម្ហូបទៅជាក្មេងស្រីតូច ខ្លះទៀតទៅជារូបសត្វដែលគួរអោយស្រលាញ់។ អ្វីគ្រប់យ៉ាងដែលគាត់ធ្វើសម្រាប់លោកស្រី Mitsuyo អាយុ ៧៣ ឆ្នាំដែលកំពុងមានជំងឺ Alzheimer ចុះខ្សោយការចងចាំ និងសមត្ថភាពធ្វើចលនា។
ចានអាហារពេលព្រឹករបស់គាត់ប្រហាក់ប្រហែលនឹងប្រអប់បាយ bento តួអង្គ “kyaraben” ដែលអ្នកម្តាយជនជាតិជប៉ុនតែងតែធ្វើសម្រាប់លើកទឹកចិត្តកូនៗរបស់ខ្លួនទទួលទានបានឆ្ងាញ់។ លោក Kenichi Torikai សង្ឃឹមថាវានឹងជួយជម្រុញចំណង់អាហាររបស់ប្រពន្ធគាត់។
រូបភាព Asahi
ទម្លាប់ក្រោកពីព្រលឹមរៀបចំអាហារពេលព្រឹកជាងមួយឆ្នាំកន្លះមកហើយ។ រូបភាពតុបតែងដែលលោកចូលចិត្តបំផុតគឺជាក្មេងស្រីដែលធ្វើពីនំប៉័ងលាបតំណាប់ស្រ្តបេរីលើថ្ពាល់ និងមុខ “Konbu” ជីឆាយក្រៀមធ្វើជាត្របកភ្នែក ប៉េងប៉ោះធ្វើជាបបូរមាត់ និងសណ្តែកខ្មៅធ្វើជាភ្នែក។
“ខ្ញុំបានសាកល្បងរបស់ជាច្រើនដូចជា “nori” សារ៉ាយសមុទ្រឬសណ្តែកក្រហម ប៉ុន្តែសណ្តែកខ្មៅល្អជាងគេ។ វាធ្វើអោយភ្នែក និងទម្រង់មុខមានភាពរស់រវើក។ រាល់ពេលចម្អិនអាហាររួចខ្ញុំរីករាយនឹងចាំមើលប្រតិកម្មរបស់ភរិយាខ្ញុំ” ។
នៅពេលដែលអាហារពេលព្រឹករួចរាល់ គាត់លើកប្រពន្ធអោយអង្គុយចូលតុ “តើអូនចូលចិត្តដែរទេ?” លោកសួរពេលបញ្ចុកម្ហូប។ គាត់សម្លឹងមើលភ្នែកប្រពន្ធ ហើយរង់ចាំប្រពន្ធនិយាយដោយអំណត់។ គាត់និយាយជាមួយភរិយាដោយលើកយកប្រធានបទម្ហូបអាហារ ឬអាកាសធាតុ។
លោក Kenichi Torikai ចាកចេញពីស្រុកកំណើត Kumamoto ទៅធ្វើការនៅ Aichi កាលនៅកំលោះ។ នៅទីនោះលោក Kenichi Torikai ត្រូវបានបងប្រុសណែនាំអោយស្គាល់លោកស្រី Mitsuyo មកពីស្រុកកំណើតដូចគ្នា។ ពួកគាត់រៀបការនៅឆ្នាំ ១៩៧៤ ហើយមានកូនប្រុស ២ នាក់។
កាលពី ៩ ឆ្នាំមុន នៅពេលគាត់ និងភរិយាកំពុងត្រៀមសម្រាប់ចូលនិវត្តន៍ លោកស្រី Mitsuyo បង្ហាញសញ្ញាមិនប្រក្រតី។
លោកស្រី Mitsuyo ចំណាយពេលយូរក្នុងការដើរទិញឥវ៉ាន់ មានម្តងគាត់ងក់ក្នុងផ្ទះបាយ។ មន្ទីរពេទ្យជូនដំណឹងទៅដល់ក្រុមគ្រួសារថាមិនមានអ្វីធ្ងន់ធ្ងរទេ។
ប៉ុន្តែនៅថ្ងៃមួយលោកស្រី Mitsuyo ចេញទៅក្រៅតែមិនឃើញត្រឡប់មកផ្ទះវិញ។ លោក Kenichi Torikai ដើររកគាត់គ្រប់ទីកន្លែង នៅទីបំផុតពេលរកឃើញលោកស្រីប្រាប់គាត់ថា “អូនមិនចាំផ្លូវទៅផ្ទះទេ” ។
លោក Kenichi Torikai ចាប់ផ្តើមព្រួយបារម្ភ កាលអាយុ ៦៤ ឆ្នាំភរិយារបស់គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺភ្លេចភ្លាំង។ នៅថ្ងៃនោះលោកសម្រេចចិត្តលាឈប់ពីការងារមុនពេលកំណត់ដើម្បីមានពេលមើលថែប្រពន្ធ។ លោកនិយាយថា “ដំបូងខ្ញុំពិតជាភ័យខ្លាំងណាស់ព្រោះខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងបន្ទាប់មកទៀត” ។
លោកនាំគាត់ទៅជួបអ្នកជំនាញ ចូលរួមការបង្រៀនដើម្បីស្វែងយល់ពីជំងឺនេះ។ ពួកគាត់ធ្វើគ្រប់យ៉ាងដើម្បីបន្ថយការវិវត្តនៃជំងឺភ្លេចភ្លាំង។ លោក Kenichi Torikai នាំប្រពន្ធទៅចូលរួមវគ្គបង្រៀនគំនូរ ប៉ាក់ និងដើរផ្លូវឆ្ងាយលើភ្នំ។
ពួកគាតទិញព្យាណូចាស់មួយគ្រឿងដែលប្រើរួចម្នាក់លេងម្នាក់ច្រៀង។ រហូតមកដល់ ៥ ឆ្នាំមុនលោកស្រី Mitsuyo ត្រឹមតែអាចដេកនៅលើគ្រែ តាំងពីពេលនោះមកព្យាណូមិនដែលបានប្រើទៀតឡើយ។
ប្រហែលមួយឆ្នាំកន្លះមុនលោកស្រី Mitsuyo ចាប់ផ្តើមមានបញ្ហាក្នុងការទទួលទានអាហារដែលជាសញ្ញាបង្ហាញថាជំងឺវង្វេងវង្វេងរបស់គាត់កំពុងវិវត្ត។
លោកស្រីមិនអាចទទួលទានជាច្រើនថ្ងៃស្រកអស់ ២០ គីឡូក្រាម។ វេជ្ជបណ្ឌិតម្នាក់បានណែនាំលោក Kenichi Torikai អោយប្រពន្ធទទួលទានអាហារបំប៉នក្នុងទម្រង់រាវ ប៉ុន្តែលោកស្រីពិបាកលេបណាស់។ លុះត្រាតែគាត់ធ្វើម្ហូបក្នុងទម្រង់ជាចាហួយទើបលោកស្រីអាចបរិភោគបានបន្តិចបន្តួច។
ប៉ុន្តែចាហួយមើលទៅសាបបន្តិច ដូច្នេះលោក Kenichi Torikai ចាប់ផ្តើមបន្ថែមតំណាប់ និងទឹកឃ្មុំ លោកថែមទាំងបង្កើតគំនិតលាបពណ៌លើម្ហូបដើម្បីតុបតែង។ នៅពេលដែលលោកស្រី Mitsuyo មើលឃើញស្នាដៃរបស់លោក ស្នាមញញឹមបានបង្ហាញលើផ្ទៃមុខរបស់លោកស្រី។ ថ្វីត្បិតតែពេលនេះដោយសារមានជំងឺប្រពន្ធរបស់គាត់កម្រញញឹមដាក់គាត់ក៏ដោយ ប៉ុន្តែលោកស្រី Mitsuyo អាចបរិភោគម្ហូបអស់។
ទោះជាយ៉ាងណា លោក Kenichi Torikai នៅតែក្រោកពីព្រលឹមរាល់ព្រឹកដើម្បីរៀបចំអាហារពេលព្រឹកជូនប្រពន្ធ។
លោកនិយាយថា “ពេលខ្លះខ្ញុំមានអារម្មណ៍ឯកកោ ប៉ុន្តែខ្ញុំនៅតែរីករាយនឹងពេលវេលាដ៏ស្ងាត់ស្ងៀមជាមួយ Mitsuyo ។ ខ្ញុំគ្រាន់តែចង់ចំណាយពេលបែបនេះជាមួយនាងឱ្យយូរតាមដែលអាចធ្វើទៅបាន” ។
Japo Cambodia