ក្រុមហ៊ុនសំណង់ដែលទទួលបានការគាំទ្រ និងទុកចិត្តពីរាជវង្សានុវង្សជប៉ុនមានអាយុកាល ១៤០០ ឆ្នាំមកហើយ

តាំងពីពេលបង្កើតរហូតដល់សង្គ្រាមលោកលើកទី ២ ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Kongō Gumi តែងតែទទួល​បានការគាំទ្រ និងទុកចិត្តពីរាជវង្សានុវង្សជប៉ុន ដោយសារតែជំនាញសាងសង់ប្រាសាទ ទីសក្ការៈបូជាមានលក្ខណៈ​លេចធ្លោជាងគេ។

រូបភាព https://mag.lexus.co.uk/l

ក្រុមហ៊ុនបង្កើតឡើងក្នុងឆ្នាំ ៥៧៨ ក្រោយគ.ស នៅអូសាកាក្នុងបំណងសាងសង់ប្រាសាទ Shitenno-ji តាមគំនិតផ្តួចផ្តើមរបស់ព្រះអង្គម្ចាស់ Shotoku ដែលជាកូនប្រុសរបស់អធិរាជទី ៣២ Yōmei Tennō នៃរាជវង្សជប៉ុន។

ក្រុមហ៊ុន Kongo Gumi ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនចំណាស់ជាងគេ ដោយលោកសាស្រ្តាចារ្យ Toshio Goto សាកល​វិទ្យាល័យសេដ្ឋកិច្ចជប៉ុន។

ក្នុងបរិបទសង្គ្រាមសាសនារវាងព្រះពុទ្ធសាសនា និងស៊ីនតូ ព្រះអង្គម្ចាស់ Shotoku ក្លាយជាបុគ្គលដែលគួរឱ្យគោរពព្រោះជំនឿ និងការតស៊ូការពារវប្បធម៌ព្រះពុទ្ធសាសនា ផ្តើមសម័យសិល្បៈបម្រុងទុកសម្រាប់ជំនឿដែលហៅថា Asuka ។

រូបគំនូរព្រះអង្គម្ចាស់ Shōtoku ជាមួយកូនប្រុស ២ នាក់របស់គាត់

ដោយសារតែជំនឿមុតមាំព្រះអង្គម្ចាស់ Shotoku ជួបជាមួយលោក Kongō Shigemitsu បង្កើតអាជីវកម្មដែលមានអាយុកាលចំណាស់​ជាង​គេ​នៅក្នុងប្រទេស។

ត្រកូលដែលឈរនៅពីក្រោយក្រុមហ៊ុន Kongō Gumi តាមពិតមានប្រភពមកពីកូរ៉េ ជាក់ស្តែងជាគ្រួសារមួយមកពី Baekje ដែលជា​នគរ​មួយ​ក្នុងចំណោមនគរទាំង ៣ របស់កូរ៉េ។ ល្បីថាជាកន្លែងដែលពុទ្ធសាសនិកតែង​តែ​ទៅ​ផ្សព្វ​ផ្សាយ​សាសនា។

សមាជិកមួយចំនួននៃត្រកូលដែលដឹកនាំដោយ Kongō Shigemitsu បានទៅដល់ប្រទេសជប៉ុន ហើយត្រូវបានព្រះ​អង្គម្ចាស់​ជួល​ឱ្យ​សាងសង់ប្រាសាទដំបូងគេនៅជប៉ុន។ ប្រាសាទនោះគឺ Shitennō-ji ដែលបញ្ចប់នៅឆ្នាំ ៥៩៣ សព្វ​ថ្ងៃស្ថិតនៅអូសាកា។ ការជួសជុលលើកចុងក្រោយធ្វើឡើងនៅឆ្នាំ ១៩៦៣ ។

រូបភាព https://worksthatwork.com/

ព្រះអង្គម្ចាស់ Shōtoku បង្ហាញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលត្រកូល Kongō បានធ្វើ ដូច្នេះបានសម្រេច​ផ្តល់រង្វាន់ដល់ពួកគេ ហើយប្រកាសថានឹងអនុញ្ញាតឱ្យត្រកូលនេះដេញថ្លៃប៉ុន្មានគម្រោងទៀត។ ចាប់តាំង​ពី​ពេល​នោះ​មក Kongō ក្លាយជាឈ្មោះដែលនៅពីក្រោយស្ថាបត្យកម្មល្បីៗជាច្រើននៅក្នុងប្រទេសជប៉ុន។

ទោះជាយ៉ាងណានៅឆ្នាំនេះ Kongō Gumi ត្រូវប្រឈមនឹងឧបសគ្គថ្មីដោយសារជំងឺរាតត្បាតកូវីដ ១៩ គម្រោងប្រាសាទ​ជាច្រើនត្រូវពន្យារពេល។

ចំនួនអ្នកទៅមើលប្រាសាទ វត្តឬប្រារព្ធពិធីព្រះពុទ្ធសាសនាសម្រាប់អ្នកទទួលមរណភាពនៅជប៉ុនកំពុងធ្លាក់ចុះយ៉ាងខ្លាំង និងការនិយមលក្ខណៈសាមញ្ញដែលនាំឱ្យមានការខ្វះខាតប្រាក់ចំណូល។

រូបភាព https://worksthatwork.com/

Shitennō-ji ត្រូវបានកសាងឡើងនៅឆ្នាំ ៥៩៣ ក្រោយគ.ស ជាវិហារព្រះពុទ្ធសាសនាដំបូងគេនៅប្រទេសជប៉ុន។ វិហារធ្លាប់ត្រូវបំផ្លាញមួយផ្នែកឬទាំងស្រុងយ៉ាងហោចណាស់ប្រាំពីរដងក្នុងរយៈពេលជាច្រើនសតវត្ស ដោយសារសង្គ្រាម និងគ្រោះមហន្តរាយធំ ថ្មីនេះបំផុតក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ វិហារត្រូវបានសាងសង់ឡើងដោយមិនប្រើដែក​គោល ដូច្នេះបន្ទះឈើនីមួយៗអាចរុះរើឬប្តូរចេញ​ជួយ​រក្សារចនាសម្ព័ន្ធរាប់សតវត្សរ៍។ (រូបភាព Masaki Hayashi)

ប្រវត្តិដ៏យូរអង្វែងរបស់ក្រុមហ៊ុន Kongo Gumi ដែលរួមមានកត្តាសំខាន់ៗមួយចំនួនបង្ហាញពីអាយុកាលរបស់អាជីវកម្ម។ យោងទៅតាមសាស្រ្តាចារ្យរងនៅសាកលវិទ្យាល័យវប្បធម៌ និងសិល្បៈ Shizuoka លោក Hidekazu Sone កត្តាសំខាន់គឺវត្តមានរបស់ Shitenno-ji ប៉ុន្តែនោះមិនមែនជាមូលហេតុតែមួយគត់ជួយអោយក្រុងហ៊ុនឈរជើងយូរនោះទេ។

លោក Hidekazu Sone និយាយថា “ហេតុ​ផលមួយចំន​ួន​ទាក់ទងនឹងជំនាញគ្រប់គ្រង” ។

ក្រុមសិប្បករតែងតែថែរក្សាបច្ចេកទេសផ្ទាល់ខ្លួន ក្រុមជាងឈើប្រាសាទដែលមានជំនាញជាក់លាក់ធ្វើការអោយក្រុមហ៊ុន Kongo Gumi ដើរតួយ៉ាងសំខាន់នៅក្នុងភាពស្ថិតស្ថេរនេះ។ សព្វថ្ងៃមាន ៨ ក្រុមឯករាជ្យច្រើនជាងទ្វេ​ដង​បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ ។ ការប្រកួតប្រជែង និងសហការជាក្រុមក្នុងគម្រោងសាងសង់រួមចំណែក​ដល់​ការ​បង្កើន ចែករំលែកជំនាញ និងបច្ចេកទេសរបស់ជាង។

នៅក្នុងការគ្រប់គ្រងក្រុមហ៊ុនដែលធ្លាប់ជាអាជីវកម្មគ្រប់គ្រងដោយគ្រួសារ Kongo Gumi បានចៀសវាងទំនៀមទម្លាប់​ឪពុក​ផ្ទេរ​ទៅ​អោយ​កូន។ ក្នុងកំឡុងសម័យអេដូ (១៦០៣-១៨៦៨) ក្រុមហ៊ុនទទួលរងការប្រកួតប្រជែងពីក្រុម​ជាង​ឈើប្រាសាទផ្សេងទៀត។ ដើម្បីបន្តក្នុងបរិបទជំនួញដ៏លំបាក Kongo Gumi ត្រូវជ្រើសរើសអ្នកដឹកនាំដែល​មានជំនាញហើយចេះដឹកនាំ។

រូបភាព https://www.marcelopedra.com.ar/

ឯកសារពីសម័យអេដូបង្ហាញថាក្រុមហ៊ុនសម្រេចមិនអោយកូនប្រុសច្បងនៃគ្រួសារ Kongo ឡើងកាន់អំណោចនោះទេ ប្រសិនបើគាត់គ្មានជំនាញក្លាយជាអ្នកដឹកនាំល្អម្នាក់។

ករណីខ្លះអ្នកដែលទទួលបានការជ្រើសរើសត្រូវដកសិទ្ធិព្រោះមិនបានបង្ហាញការប្តេជ្ញាចិត្តចំពោះការងារ។ ប្រសិន​បើ​គ្រួសារ​គ្មានអ្នកស្នងមរតកបុរស អាចរៀបចំអោយកូនស្រីក្នុងគ្រួសាររៀបការជាមួយបុរសដែលអាចក្លាយជា​ជាង​ឈើ។

ជាទូទៅថវិកាសម្រាប់សាងសង់ប្រាសាទ ទីសក្ការបូជាមកពីការបរិច្ចាគនៃក្រុមអ្នកគោរពបូជា និងអ្នកឧបត្ថម្ភ។ ការរៃអង្គាសប្រាក់ចំណាយពេលពី ៥ ទៅ ១០ ឆ្នាំ។

នៅក្នុងគម្រោងសាងសង់ប្រាសាទ និងវត្ត ការពន្យារពេលសាងសង់ជាទូទៅអាចទទួលយកបាន។ Kongo Gumi មានទំនុកចិត្តលើការគ្រប់គ្រងរបស់ខ្លួន ហើយចាត់ទុកចំណូលជារឿងធម្មតានឹង “មកដោយស្វ័យប្រវត្តិ” ប្រសិន​បើ​អាជីវកម្ម​ដំណើរការបានត្រឹមត្រូវ។

Kongo Gumi បង្ហាញពីតួលេខហិរញ្ញវត្ថុរបស់ខ្លួនដល់បុគ្គលិកដែលមិនដឹងពីដំណើរការរកប្រាក់ចំណេញរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានចាត់វិធានការចែករំលែកផែនការសាងសង់ក្នុងចំណោមបុគ្គលិក និងបង្កើតសៀវភៅណែ​នាំ​សម្រាប់​គ្រប់​គ្រង​ដំណើរការអាជីវកម្ម។

រូបភាព https://poslovnipuls.com/

ទោះជាយ៉ាងណាក្រុមហ៊ុនមិនផ្លាស់ប្តូររបៀបធ្វើការរបស់សិប្បករដែលមានទេពកោសល្យនោះទេ។ ភាគច្រើនការកសាង​ប្រាសាទធ្វើដោយដៃ និងតាមរបៀបដែលខុសពីការសាងសង់សំណង់ធម្មតា។

ជាលទ្ធផល Kongo Gumi អាចរក្សាកម្រិតជំនាញ និងទំនាក់ទំនងរបស់ខ្លួនជាមួយទីសក្ការបូជា។ ក្រុមហ៊ុនក៏រក្សា​កេរ្តិ៍ឈ្មោះយូរអង្វែងដោយនាំមកនូវភាពស្រស់ស្អាតនៃការជឿទុកចិត្តដែលមានជាច្រើនសតវត្សមកហើយ។

Kongo Gumi ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ៤ ពាន់លានយ៉េន។ ចរន្តប្រាក់ចំណូលរបស់ក្រុមហ៊ុនមានការ​ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំដោយសារគម្រោងប្រាសាទធំមានរយៈពេលខ្លីម្តងម្កាល។

បច្ចុប្បន្នកម្លាំងពលកម្ម Kongo Gumi មានសមាជិកតែម្នាក់គត់នៃគ្រួសារ Kongo ។ បុគ្គលនោះជាកូនស្រីរបស់មេ​គ្រួសារជំនាន់ទី ៤០ ហើយបច្ចុប្បន្នជាមេគ្រួសារទី ៤១ ។

រូបភាព https://www.ancient-origins.net/

ប្រាសាទ Shitenno-ji គ្រាន់តែផ្តល់ងារឱ្យ Sho daiku គ្រូជាងឈើដែលទទួលខុសត្រូវការពារប្រាសាទសម្រាប់សមាជិក​នៃ​ត្រកូល Kongo ។

ពិធីបុណ្យប្រចាំឆ្នាំនៅប្រាសាទ Shitenno-ji ដែលជាការចាប់ផ្តើមជំនួញត្រូវធ្វើឡើងដោយគ្រួសារ Kongo និងជាង​ឈើ​ក្នុង​ប្រាសាទ។ បុគ្គលិករបស់ Kongo Gumi ជួយនៅពីក្រោយឆាក។

រូបភាព https://www.ancient-origins.net/

ថ្វីត្បិតតែគ្រួសារ Kongo មិនចូលរួមក្នុងការគ្រប់គ្រងក្រុមហ៊ុនក៏ដោយ ប៉ុន្តែគ្រួសារនេះនៅតែត្រូវបានចាត់ទុកជានិមិត្តសញ្ញារបស់ Kongo Gumi មានសារៈសំខាន់ចំពោះជាងឈើដែលសាងសង់ប្រាសាទ។ ជាងឈើទាំងនេះ និងគ្រួសារ Kongo ដើរតួជាអ្នកណែនាំ មានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏រឹងមាំ។

បច្ចុប្បន្ន Kongō Gumi ត្រូវបានដាក់បញ្ចូលទៅក្នុងសាជីវកម្មសំណង់ Takamatsu ។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: