យុវជនឈរតម្រង់ជួរនៅ Shibuya ចាំទទួលប័ណ្ណដើម្បីចាប់ឆ្នោតចាក់វ៉ាក់សាំង
ជប៉ុនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្រោមស្ថានភាពតំបន់ជាច្រើនទូទាំងប្រទេសស្ថិតក្នុងភាពអាសន្ននៅឡើយ។ អត្រាចាក់ថ្នាំបង្ការប្រហែល ៤៣% បង្ហាញថាមនុស្សជាច្រើនមិនទាន់ចាក់វ៉ាក់សាំង។
អាស្រ័យទៅតាមទីក្រុងឬតំបន់មានវិធីចាក់ថ្នាំខុសៗគ្នា។ នៅ Osaka អ្នកអាចទូរស័ព្ទឬសាកល្បងកក់កន្លែងតាមអុីនធឺណេតនៅពេលមាន voucher ។ បរិមាណត្រូវបានបំពេញយ៉ាងលឿន ហើយខ្លះនឹងបន្តត្រួតពិនិត្យឡើងវិញជារៀងរាល់សប្តាហ៍មុននឹងកក់បានជោគជ័យ។
ទោះជាយ៉ាងណាកាលពីថ្ងៃទី ២៧ ខែសីហា នៅ Shibuya បើកមជ្ឈមណ្ឌលផ្តល់ថ្នាំបង្ការដល់យុវជនដែលមានអាយុពី ១៦ ដល់ ៣៩ ឆ្នាំដោយមិនចាំបាច់កក់មុន។ មជ្ឈមណ្ឌលគ្រោងបើកពេលថ្ងៃត្រង់ និងផ្តល់វ៉ាក់សាំងចំនួន ២០០ ដូស។ ចំនួនដូសដែលប៉ាន់ប្រមាណនេះមានកម្រិតទាបបើប្រៀបទៅនឹងចំនួនយុវជននៅទីក្រុងតូក្យូចង់ទទួលវ៉ាក់សាំង។
ទំព័រ NHK រាយការណ៍ថាគិតត្រឹមម៉ោង ៧ៈ៣០ នាទីព្រឹកមានមនុស្សចំនួន ៣០០ នាក់ឈរតម្រង់ជួរទៅហើយ។ មិនយូរប៉ុន្មានកន្លែងឈរតម្រង់ជួរត្រូវបិទ។
អ្នកឆ្លើយបទសម្ភាសន៍ម្នាក់និយាយថា “ខ្ញុំមកដល់កន្លែងតាំងពីម៉ោង ៣ ព្រឹក” “ខ្ញុំមិនអាចកំណត់ពេលចាក់វ៉ាក់សាំងនៅសង្កាត់របស់ខ្លួនបានឡើយ” ។
កាលពីថ្ងៃច័ន្ទមជ្ឈមណ្ឌលប្តូរទៅប្រព័ន្ធចាប់ឆ្នោត។ ប័ណ្ណចាក់វ៉ាក់សាំងនឹងប្រគល់ដល់ដៃ ហើយលទ្ធផលនឹងត្រូវប្រកាសតាមអុីនធឺណេត។
ការឈរតម្រង់ជួរចាំទទួលប័ណ្ណឆ្ងាយរហូតទៅដល់ស្ថានីយ៍ Harajuku ។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបានចែកសន្លឹកឆ្នោតអោយមនុស្សចំនួន ២.២២៦ នាក់។ ក្នុងចំណោមនោះមាន ៣៥៤ នាក់ទទួលបានឱកាសចាក់វ៉ាក់សាំង។
យន្តហោះចាប់យកទិដ្ឋភាពមនុស្សឈរតម្រង់ជួរចាំទទួលប័ណ្ណ (JNN / YouTube)
ពេលសម្លឹងមើលទិដ្ឋភាពមនុស្សឈរតម្រង់ជួរលើបណ្តាញសារព័ត៌មានជប៉ុន ប្រហែលជាអ្នកស្រមៃគិតដូចទិដ្ឋភាពឈររង់ចាំទិញ PlayStation ឬទូរស័ព្ទ Apple ទើបចេញថ្មី។
និស្សិតសាកលវិទ្យាល័យម្នាក់និយាយប្រាប់សារព័ត៌មាន Jiji Press ថា “នឹងមិនចាំបាច់ទៅដល់មជ្ឈមណ្ឌលនោះទេ ប្រសិនបើពាក្យសុំត្រូវបានទទួលយកតាមអនឡាញ” ។
Yui Takata អាយុ ២៧ ឆ្នាំនិយាយថា “ខ្ញុំមានអារម្មណ៍ភ័យខ្លាចពេលឈរតម្រង់ជួរជាមួយមនុស្សដែលខ្ញុំមិនស្គាល់។ ខ្ញុំគិតថាកក់កន្លែងអនឡាញល្អជាង” ។
ក្រៅពីការរីករាលដាលកូវីដ ១៩ ក៏មានការព្រួយបារម្ភចំពោះស្ថានភាពពុលកម្តៅផងដែរ។
នៅថ្ងៃទី ២៩ ខែសីហាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង Shibuya មិនអនុញ្ញាតឱ្យមានការឈរតម្រង់ជួរទៀតទេ ប៉ុន្តែនៅតែចែកប័ណ្ណសម្រាប់មនុស្សចំនួន ១.៣៥៧ នាក់។ ក្នុងចំណោមនោះ ៣៥៤ នាក់មានឱកាសចាក់វ៉ាក់សាំង។
Sacchan