ក្រុមហ៊ុន Toyota ផ្អាកដំណើរការរថយន្ត e-Palette បើកបរដោយខ្លួនឯងបន្ទាប់ពីបង្កគ្រោះថ្នាក់នៅប៉ារ៉ាឡាំពិក
ក្រុមហ៊ុន Toyota បានបញ្ឈប់ដំណើរការទាំងអស់នៃរថយន្ត e-Palette បន្ទាប់ពីបង្កឧបទ្ទវហេតុមកលើអត្តពលិកពិការភ្នែកម្នាក់នៅប៉ារ៉ាឡាំពិក។
ព័ត៌មាននេះត្រូវបាន Toyota ប្រកាសកាលពីថ្ងៃទី ២៧ ខែសីហាមួយថ្ងៃបន្ទាប់ពី e-Palette ប៉ះទង្គិច ហើយបង្ករបួសមកលើអត្តពលិកពិការភ្នែកម្នាក់ដែលកំពុងដើរ។
ក្នុងវីដេអូមួយដែលបង្ហោះលើយូធូបនៅថ្ងៃដដែលនោះ នាយកប្រតិបត្តិក្រុមហ៊ុនតូយ៉ូតាគ្រុបលោក Akio Toyoda បានសុំទោសចំពោះគ្រោះថ្នាក់នេះ។ លោកអោយដឹងថាបានស្នើជួបអ្នកដែលត្រូវរថយន្តបុក ប៉ុន្តែមិនសម្រេច។
លោក Akio Toyoda ឆ្លើយតបសំណួរអំពីគ្រោះថ្នាក់នេះថា “យានយន្តមានកម្លាំងខ្លាំងជាងមនុស្ស ដូច្នេះខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពរបស់បុគ្គលនោះ” ។
រូបភាព https://electrek.co/
ឧបទ្ទវហេតុនេះបង្ហាញអំពីដែនកំណត់រថយន្តបើកបរដោយខ្លួនឯងក្នុងទីតាំងពិសេសដែលមានអត្តពលិកពិការភ្នែក និងជនពិការទូទៅកំពុងរស់នៅ។
Toyota បានអោយដឹងថារថយន្តឈប់នៅផ្លូវបំបែក ហើយហៀបនឹងបត់តាមការបញ្ជារបស់អ្នកប្រើឧបករណ៍គ្រប់គ្រងដោយដៃ។ នៅពេលរថយន្តបុកត្រូវអត្តពលិក រថយន្តកំពុងធ្វើដំណើរក្នុងល្បឿនប្រហែល ១,២ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
រូបភាព https://www.forbes.com/
យោងតាមមន្រ្តីប៉ារ៉ាឡាំពិកបានអោយដឹងអត្តពលិករូបនោះនៅតែមានស្មារតី ហើយត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព ក្រោយមកដើរត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ។
រូបភាព https://www.forbes.com/
ក្រុមហ៊ុន Toyota កំពុងសហការជាមួយប៉ូលីសក្នុងតំបន់ដើម្បីស៊ើបអង្កេតកំណត់អំពីមូលហេតុនៃគ្រោះថ្នាក់នេះ។
នៅក្នុងសេចក្តីប្រកាសក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននិយាយថាខ្លួននឹងបន្តសហការជាមួយគណៈកម្មាធិការរៀបចំអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះ។ បច្ចុប្បន្នអ្នករៀបចំមិនទាន់ធ្វើអត្ថាធិប្បាយអំពីហេតុការណ៍នេះនៅឡើយទេ។
ការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០ ចាប់ផ្តើមកាលពីថ្ងៃអង្គារទី ២៤ ខែសីហា និងដំណើរការរហូតដល់ថ្ងៃទី ៥ ខែកញ្ញានៅទីក្រុងតូក្យូ ខណៈដែលជប៉ុនប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតក៏ដោយ។
ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកបានបង្កើតកំណត់ត្រាពីរជាប់ៗគ្នាក្នុងនោះមានកំណត់ត្រាចំនួនអត្តពលិក និងអត្តពលិកស្រីចូលរួមច្រើន។
ក្រៅពីនេះក៏មានកំណត់ត្រាទាក់ទងនឹងករណីឆ្លងក្នុងមួយថ្ងៃ និងស្ថានភាពប្រព័ន្ធសុខាភិបាលលើសបន្ទុក។
AD