កីឡាការិនីហែលទឹកជប៉ុន Miyuki Yamada បំបែកឯតទគ្គកម្មក្លាយជាម្ចាស់មេដាយប៉ារ៉ាឡាំពិកក្មេងជាងគេក្នុងប្រទេស
អត្តពលិកស្រី Miyuki Yamada បានបំបែកឯតទគ្គកម្មជប៉ុនក្នុងនាមជាម្ចាស់មេដាយប៉ារ៉ាឡាំពិកក្មេងជាងគេនៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០ ។
ប្អូនស្រី Yamada អាយុ ១៤ ឆ្នាំជាអត្តពលិកក្មេងជាងគេក្នុងក្រុមប៉ារ៉ាឡាំពិកជប៉ុន។
រូបភាព Mainichi
កីឡាការិនីហែលទឹកវ័យក្មេងរូបនេះយកឈ្នះមេដាយប្រាក់ដោយប្រើថិរវេលា ២:២៦:១៨ ក្នុងវិញ្ញាសាហែលទឹកផ្ងារ ១០០ ម៉ែត្រសម្រាប់នារី ហើយទៅដល់ទីក្នុងថិរវេលា ៩,៥៧ វិនាទីបើប្រៀបនឹង Yip Pin Xiu របស់សិង្ហបុរី។
ជាមួយនឹងសមិទ្ធផលនេះប្អូនស្រីបានបំបែកឯតទគ្គកម្មរបស់ជប៉ុន ក្លាយជាម្ចាស់មេដាយប៉ារ៉ាឡាំពិកក្មេងជាងគេ។ កំណត់ត្រាមុននោះគឺ Yoshinori Shimazu អត្តពលិកដែលទទួលបានមេដាយសំរឹទ្ធក្នុងការប្រកួតឆ្នាំ ១៩៨៤ ។
ប្អូន Yamada និយាយថា “ខ្ញុំជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងវគ្គជម្រុះ ហើយខ្ញុំមិនគិតថាខ្លួនអាចយកឈ្នះមេដាយប្រាក់ទេ ដូច្នេះឥឡូវនេះខ្ញុំសប្បាយចិត្តណាស់។ Yamada បានបង្ហាញថានាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជ័យជំនះ ហើយមិននឹកស្មានថាខ្លួនបានបំបែកឯតទគ្គកម្មនោះទេ រហូតដល់សមិទ្ធផលរបស់នាងត្រូវបានលើកឡើងក្នុងបទសម្ភាសន៍ក្រោយការប្រកួត” ។
រូបភាព Mainichi
ប្រកួតដោយភាពរីករាយ បន្ធូរអារម្មណ៍
ប្អូន Miyuki Yamada បាននិយាយថាខ្លួនពិតជាភ័យខ្លាំងអំឡុងការប្រកួតវគ្គជម្រុះ ដូច្នេះនាង “សម្រេចបើកចំហជាងនេះក្នុងវគ្គផ្តាច់ព្រ័ត្រ ញញឹម ហើយប្រកួតដោយអារម្មណ៍ធូរស្រាល” ។
Yamada បានបន្ថែមថាគ្រូបង្វឹកណែនាំនាងអោយបន្ថយល្បឿននៅពេលហែលទឹក ដូច្នេះនាងព្យាយាមទប់អារម្មណ៍មិនអោយខ្លួនមានភាពតានតឹង។ អត្តពលិកស្រីរូបនេះចាត់ទុកជ័យជម្នះជាការប្រណាំងពិសេសបំផុតដែលនាងធ្វើបាន។ Yamada ជូនមេដាយដល់អ្នកគ្រប់គ្នាដែលបានគាំទ្រនាង ជាពិសេសគ្រូបង្វឹក និងម្តាយរបស់នាងដែលតែងតែលើកទឹកចិត្តនាងឱ្យសប្បាយចិត្ត និងបន្ធូរអារម្មណ៍។
ចូលរួមការប្រកួតហែលទឹក
បន្ទាប់ពីមើលព្រឹត្តិការណ៍អូឡាំពិក Rio ឆ្នាំ ២០១៦ Miyuki Yamada ទទួលបានការបំផុសគំនិតឱ្យចាប់ផ្តើមហ្វឹកហាត់សម្រាប់ការប្រកួតប្រជែង។
នាងហែលទឹកតាំងពីអាយុ ៥ ឆ្នាំដើម្បីបំបាត់អាការៈហឺត។ អត្តពលិកហែលទឹកមកពីខេត្ត Niigata គ្មានដៃ ហើយបច្ចុប្បន្នប្រើរទេះរុញព្រោះជើងរបស់នាងត្រូវបន្ថយការធ្វើចលនា។
Yamada ធ្លាប់ទទួលបានរង្វាន់លើកទឹកចិត្តកីឡាប៉ារ៉ាខេត្ត Niigata ប្រទេសជប៉ុននៅឆ្នាំ ២០១៩ ។
Sacchan