លើកដំបូងហើយដែលលោកបងធំក្រុម Yakuza ត្រូវកាត់ទោសប្រហារជីវិត
កាលពីពេលថ្មីៗនេះតុលាការជប៉ុនបានកាត់ទោសប្រហារជីវិតមេ yakuza ពីបទបញ្ជាឃាតកម្ម និងវាយប្រហារប្រជាពលរដ្ឋបីនាក់ផ្សេងទៀត។
លោក Satoru Nomura អាយុ ៧៤ ឆ្នាំ បងធំក្រុមឧក្រិដ្ឋជន Kudo-kai នៅភាគនិរតីប្រទេសជប៉ុនបានបដិសេធមិនទទួលការចោទប្រកាន់បញ្ជាអោយវាយប្រហារប្រជាពលរដ្ឋឡើយ។
តុលាការស្រុក Fukuoka បញ្ជាក់ថាកាត់ទោសប្រហារជីវិត Nomura ខណៈដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានអោយដឹងថាសាលក្រមនេះធ្វើឡើងថ្វីត្បិតតែខ្វះភស្តុតាងទាក់ទងនឹងឧក្រិដ្ឋកម្មផ្ទាល់ក៏ដោយ។
រូបភាព asia.nikkei.com/
យោងតាមសារព័ត៌មាន NHK បានអោយដឹង “ការជំនុំជម្រះក្តីរបស់ Nomura ផ្តោតលើថាតើគាត់បានបញ្ជាឱ្យវាយប្រហារឬអត់។ ព្រះរាជអាជ្ញាមិនមានភស្តុតាងផ្ទាល់ថា Nomura ធ្វើដូច្នេះនោះទេ ប៉ុន្តែសង្កត់ធ្ងន់លើឋានៈរបស់គាត់ក្នុងក្រុមដោយសំអាងថា Nomura ជាអ្នកផ្តើមគំនិតវាយប្រហារប្រជាពលរដ្ឋ។ ពួកគេស្នើសុំកាត់ទោសប្រហារជីវិត Nomura” ។
យោងតាមកាសែត Nishinippon Shimbun នេះជាអ្វីដែល Nomura និយាយជាមួយចៅក្រមបន្ទាប់ពីត្រូវកាត់ទោស៖
“ខ្ញុំសំណូមពរសេចក្តីសម្រេចដោយយុត្តិធម៌… លោកនឹងសោកស្តាយចំពោះរឿងនេះអស់មួយជីវិត” ។
ពិភព Yakuza ធ្លាប់ត្រូវជប៉ុនបណ្តោយតាមជាយូរមកហើយព្រោះគិតថាជា “ឧក្រិដ្ឋកម្មចាំបាច់” ដើម្បីធានាសណ្តាប់ធ្នាប់ និងសន្តិសុខតាមរបៀបណាមួយ។ អ្នកមិនអាចការពារយុត្តិធម៌ដោយពឹងទៅលើច្បាប់ និងចិត្តមេត្តាប៉ុណ្ណោះទេ។ ពេលខ្លះអ្នកត្រូវការអំពើអាក្រក់ដើម្បីទាមទារយុត្តិធម៌មកវិញ។ នៅពេលដែលអ្នកតំណាង និងកងកម្លាំងអនុវត្តច្បាប់ដូចជាប៉ូលីសគ្រាន់តែអាចឈរមើល ប្រសិនបើស្ថិតនៅក្រៅសិទ្ធិអំណាច នោះជាពេលដែលត្រូវការក្រុមមនុស្សគ្មានសិទ្ធិអំណាច ប៉ុន្តែប្រឈមមុខនឹងមនុស្សអាក្រក់ដោយវិធីផ្ទាល់ខ្លួន ទោះត្រូវប្រើល្បិចកលក៏ដោយដូចជា Yakuza ។
Yakuza វិវត្តន៍ក្នុងស្ថានភាពច្របូកច្របល់សម័យក្រោយសង្រ្គាមជប៉ុន បង្កើតជាក្រុមឧក្រិដ្ឋកម្មធំៗ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគ្រប់បែបយ៉ាងដូចជាគ្រឿងញៀន ពេស្យាចារ ថ្លៃការពារ និងឧក្រិដ្ឋកម្មអាវស។ មិនដូចជាក្រុមម៉ាហ្វីយ៉ាអុីតាលីឬក្រុមឧក្រិដ្ឋកម្មចិននោះទេ Yakuza កាន់កាប់តំបន់ពណ៌ប្រផេះក្នុងសង្គមជប៉ុនជាយូរមកហើយ ដែលក្រុមនីមួយៗមានទីស្នាក់ការកណ្តាលផ្ទាល់នៅចំពោះមុខប៉ូលីស។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ បទប្បញ្ញត្តិប្រឆាំងនឹង Yakuza កាន់តែតឹងរ៉ឹងជាងមុន ភាពអត់អោនក្នុងសង្គមធ្លាក់ចុះ និងសេដ្ឋកិច្ចទន់ខ្សោយធ្វើអោយការប្រព្រឹត្តរបស់សមាជិក Yakuza ថយចុះ។
រូបភាព Dailymail
ត្រឡប់មកករណីនេះ Nomura ត្រូវផ្តន្ទាទោសពីបទបញ្ជាឱ្យបាញ់សម្លាប់មនុស្សម្នាក់ក្រោមអំណាចអតីតថៅកែ នាំមុខប្រធានសហករណ៍ជលផល។ ជាមនុស្សដែលមានឥទ្ធិពលលើគម្រោងសាងសង់កំពង់ផែ។ Nomura ក៏នៅពីក្រោយករណីវាយប្រហារនៅឆ្នាំ ២០១៤ និងករណីវាយប្រហារដោយកាំបិទនៅឆ្នាំ ២០១៣ ។ ករណីបាញ់សម្លាប់អតីតមន្រ្តីប៉ូលីសម្នាក់ធ្លាប់ត្រូវស៊ើបអង្កេត Kudo-kai នៅឆ្នាំ ២០១២ ក៏ត្រូវគេសង្ស័យថាជាប់ពាក់ព័ន្ធនឹង Nomura ដែរ។
ព្រះរាជអាជ្ញាបានអះអាងថា Nomura ជាអ្នកគ្រប់គ្រងក្រុម Yakuza ទាំងស្រុង។ តួអង្គសំខាន់ទី ២ ក្នុងក្រុមនេះគឺ Fumio Tanoue ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។
ច្បាប់ជប៉ុន និងទោសប្រហារជីវិត
ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍដែលនៅតែរក្សាទោសប្រហារជីវិត។ យោងតាមអង្គការលើកលែងទោសអន្តរជាតិ ករណីកាត់ទោសប្រហារជីវិតនៅប្រទេសជប៉ុនត្រូវចាត់ទុកជា “ការសម្ងាត់ដោយអ្នកទោសប្រហារជីវិតទទួលបានដំណឹងមុនប៉ុន្មានម៉ោងប៉ុណ្ណោះ ឯខ្លះទៀតមិនទទួលបានដំណឹងប្រហារជីវិតទេ” ។
ជប៉ុនបានអនុវត្តទោសប្រហារជីវិតចំនួន ១៨ ដងក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ។ ហើយមិនមានការកាត់ប្រហារជីវិតក្នុងឆ្នាំ ២០២០ នោះទេ ដែលជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១១ ។
នេះជាលើកដំបូងដែលលោកបងធំ Yakuza ត្រូវកាត់ទោសប្រហារជីវិតពីបទមេគំនិតក្នុងហេតុការណ៍នេះ។ ជាទូទៅអ្នកក្រោមបង្គាប់ទទួលខុសត្រូវទាំងស្រុង លោកបងធំមិនបានប្រព្រឹត្តអំពើឃាតកម្មឡើយ ហើយមិនមានភស្តុតាងក៏ដូចជាឥទ្ធិពលគ្រប់គ្រាន់ក្នុងការផ្តន្ទាទោសផងដែរ។
Sacchan