រឿងនិយាយពី Jikininki ពពួកខ្មោចដែលត្រូវបង្ខំឲ្យសុីសាកសពមនុស្ស
Jikininki គឺជាខ្មោចដែលតែងតែដើរសុីសាកសពមនុស្សក្នុងរឿងព្រេងនិទានជប៉ុន។ ពួកវាមានមុខមាត់ស្រដៀងនឹងមនុស្ស ប៉ុន្តែមើលទៅគួរឲ្យខ្លាច និងចម្លែកជាង។ ធ្មេញរបស់ពួកវាមុតស្រួចស្រួលក្នុងការហែកស្បែកជនរងគ្រោះ។
រូបភាព yokai.com
ពពួក Jikininki រស់នៅតាមភូមិ ប្រាសាទដែលគេបោះបង់ចោល ឬទីសក្ការបូជាចាស់ៗ។ ពួកវាគេចពីមនុស្ស ប៉ុន្តែនៅជិតកន្លែងដែលមនុស្សរស់នៅ ព្រោះសាកសពមនុស្សជាប្រភពអាហារចម្បង។ Jikininki គ្មានភាពរីករាយក្នុងជីវិតទេ ហើយក៏មិនចូលចិត្តសុីសាកសពមនុស្សដែរ។ ពួកវាស៊ីសាកសពមនុស្សគ្រាន់តែដើម្បីបំបាត់ភាពស្រេកឃ្លានដែលគ្មានទីបញ្ចប់ប៉ុណ្ណោះ។
រូបភាព Internet
Jikininki ជាជីវិតនៅកណ្តាលរវាង “រស់” និង “ស្លាប់” ដែលមានលក្ខណៈដូចខ្មោច។ ពួកវាមើលមិនឃើញនៅពេលថ្ងៃ ហើយបង្ហាញខ្លួនពេលយប់។ ពេលរាត្រីមកដល់ Jikininki លួចចូលប្រាសាទសុីសាកសពមនុស្សដែលគេដាក់សម្រាប់ធ្វើបុណ្យ។
Jikininki មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Gaki ដែលជាខ្មោចឃ្លានក្នុងព្រះពុទ្ធសាសនា Gaki តែងតែមានអារម្មណ៍ស្រេកឃ្លានតែមិនអាចសុីអ្វីទាំងអស់។
មនុស្សអាក្រក់ម្នាក់ពេលស្លាប់ទៅអាចនឹងក្លាយជា Jikininki ។ Jikininki មួយចំនួនជាព្រះសង្ឃដែលគ្មានធម៌មិនអាចចាប់ជាតិឡើងវិញ។ ខ្លះទៀតធ្លាប់ជាមនុស្សធម្មតាចូលចិត្តសុីសាច់មនុស្ស។
——————————————————————————————————————————————————————————————————
រឿងតំណាលប្រាប់ថា កាលពីព្រេងនាយមានព្រះសង្ឃមួយអង្គឈ្មោះ Musō Soseki កំពុងដើរធ្វើធម្មយាត្រាស្រាប់តែវង្វេងក្នុងព្រៃជ្រៅ។ នៅពេលដែលព្រះអាទិត្យលិចបន្តិចម្តងៗ ព្រះសង្ឃសំណាងល្អរកឃើញប្រាសាទតូចមួយដែលស្ថិតនៅលើកំពូលភ្នំ។ ព្រះសង្ឃទៅដល់ ហើយសុំស្នាក់អាស្រ័យទីនោះមួយយប់។ ប៉ុន្តែអ្នកចេញទទួលព្រះសង្ឃ Muso ជាព្រះសង្ឃចំណាស់សំដីអាក្រក់ម្នាក់ គាត់និយាយថា ខ្លួនមិនដែលទុកឲ្យមនុស្សប្លែកមុខស្នាក់នៅឡើយ ហើយប្រាប់ព្រះសង្ឃ Muso ឲ្យចុះទៅភូមិក្រោមជ្រលងភ្នំ។
ព្រះសង្ឃ Muso គ្មានជម្រើសអ្វីក្រៅពីទៅដល់ភូមិនោះទេ។ នៅទីនោះគាត់ត្រូវបានកូនប្រុសរបស់មេភូមិទទួលយ៉ាងកក់ក្ដៅ ហើយឲ្យកន្លែងសម្រាកដោយឡែកសម្រាប់គាត់។
ប៉ុន្តែយុវជនរូបនោះនិយាយភ្លាមៗថា “ឪពុករបស់ខ្ញុំទើបតែទទួលមរណភាព។ ក្នុងភូមិនេះមានទំនៀមទម្លាប់មួយ នៅពេលដែលមានអ្នកស្លាប់ គេដាក់សាកសពទីនោះ ហើយចាកចេញពីភូមិបណ្តោះអាសន្នមួយយប់។ ប្រសិនបើមិនធ្វើដូច្នោះ អ្នកភូមិទាំងអស់នឹងត្រូវបណ្តាសា។ ខ្ញុំគិតថា ព្រះតេជគុណនឿយហត់ខ្លាំង ហើយក៏មិនមែនជាអ្នកភូមិដែរ ដូច្នេះនៅទីនេះមិនអីទេ” ។
ក្រោយមកអ្នកភូមិទាំងមូលចេញទៅអស់នៅតែព្រះសង្ឃ Muso និងសាកសពមេភូមិប៉ុណ្ណោះ។
នៅយប់នោះព្រះសង្ឃ Muso សូត្រធម៌ក្បែរសាកសព ភ្លាមៗនោះមានអារម្មណ៍ថាត្រជាក់ ស្រាប់តែរាងកាយទាំងមូលក៏ស្ពឹកតែម្តង។ បន្ទាប់មក សត្វម្យ៉ាងដែលមានរូបរាងចម្លែកចូលមកក្នុងបន្ទប់ ហើយស៊ីសាច់របស់មេភូមិ។ ពេលរួចរាល់វាបាត់ទៅដោយស្ងៀមស្ងាត់។
នៅព្រឹកថ្ងៃបន្ទាប់ពេលអ្នកភូមិត្រលប់មកវិញ ព្រះសង្ឃ Muso ប្រាប់ពួកគេអ្វីដែលគាត់បានឃើញ។ កូនប្រុសរបស់មេភូមិនិយាយថា រឿងនេះដូចតំណាលរឿងព្រេង។ ព្រះសង្ឃ Muso មានការភ្ញាក់ផ្អើល ហើយសួរថាហេតុអ្វីបានជាព្រះសង្ឃដែលរស់នៅក្បែរនោះមិនធ្វើពិធីបួងសួងសុំសេចក្តីសុខឲ្យអ្នកភូមិ។ កូនប្រុសស្រឡាំកាំងឆ្លើយថា គ្មានព្រះសង្ឃរស់នៅក្បែរនេះទេ។
បន្ទាប់ពីលាអ្នកភូមិហើយ ព្រះសង្ឃនោះបានត្រលប់ទៅប្រាសាទលើកំពូលភ្នំវិញ។ នៅទីនោះព្រះសង្ឃ Muso ជួបនឹងព្រះសង្ឃចំណាស់ម្តងទៀត ស្រាប់តែព្រះសង្ឃនោះសុំទោស Muso ភ្លាមៗថា “ខ្ញុំសុំទោសដែលព្រះតេជគុណឃើញរឿងកាលពីយប់មិញ។ ខ្មោចដែលព្រះតេជគុណមើលឃើញក្នុងផ្ទះរបស់មេភូមិគឺជាខ្ញុំ។ កាលពីមុនខ្ញុំធ្លាប់ជាព្រះសង្ឃម្នាក់។ ខ្ញុំក៏ធ្លាប់ធ្វើពិធីបណ្តេញខ្មោចជាច្រើន ប៉ុន្តែក្នុងចិត្តខ្ញុំមិនខ្វល់ពីព្រលឹងអ្នកស្លាប់ គ្រាន់តែធ្វើដើម្បីប្រាក់ប៉ុណ្ណោះ។ ដូច្នេះពេលស្លាប់ទៅខ្ញុំក្លាយទៅជា Jikininki ហើយបង្ខំចិត្តសុីសាកសពមនុស្សស្លាប់។ សូមមេតាជួយសង្គ្រោះព្រលឹងរបស់ខ្ញុំ ហើយជួយខ្ញុំឲ្យរួចផុតពីទារុណកម្មនេះ” ។
បន្ទាប់ពីត្រូវបានព្រះសង្ឃ Muso សូត្រមន្តសង្គ្រោះ ព្រះសង្ឃនោះ និងប្រាសាទដែលទ្រុឌទ្រោមរលាយបាត់ បន្សល់ទុកផ្នូរបុរាណមួយដែលពេញទៅដោយស្លែ។
RIN