របបអាហាររបស់សាមូរ៉ៃនៅសម័យសង្គ្រាម
នៅសម័យអេដូចាប់ពីឆ្នាំ ១៦០៣ ជាសម័យសន្តិភាព។ នៅពេលនោះយុគសម័យសាមូរ៉ៃត្រូវបញ្ចប់ ហើយស្ទើរតែមិនមានសង្គ្រាមកើតឡើងក្នុងប្រទេស។
ទោះជាយ៉ាងណា មុននឹងឈានដល់ដំណាក់កាលនោះ ជប៉ុនត្រូវឆ្លងកាត់សម័យ Sengoku (រដ្ឋសង្គ្រាម) ជាសម័យសង្គ្រាមឥតឈប់ឈរ ដើម្បីដណ្តើមអំណាចគ្រប់គ្រងប្រទេស។
អំឡុងពេលនោះ សាមូរ៉ៃជាតួអង្គសំខាន់ តើអ្នកធ្លាប់ឆ្ងល់ទេថា ពួកគេបរិភោគអ្វីក្នុងជីវិតប្រចាំថ្ងៃ?
សាមូរ៉ៃត្រូវមានរាងកាយមាំមួនដើម្បីប្រយុទ្ធ ដូច្នេះរបបអាហារ និងការហ្វឹកហាត់មានសារៈសំខាន់ណាស់។ ក្នុងអត្ថបទនេះ Japo នឹងនិយាយពីរបបអាហាររបស់សាមូរ៉ៃអំឡុងសម័យ Sengoku ។
Ichijuu Issai – របបអាហារសាមញ្ញរួមមានស៊ុបមួយចាន បន្លែមួយចាន
រូបភាព https://ja.wikipedia.org/wiki/一汁一菜#/media/ファイル:Jisaku_Kaiseki_Ryori_09.jpg
របបអាហារ Ichijuu Issai (ស៊ុបមួយចាន បន្លែមួយចាន) មិនត្រឹមតែជារបៀបបរិភោគរបស់សាមូរ៉ៃប៉ុណ្ណោះទេ ថែមទាំងជារបបអាហាររបស់ប្រជាជនក្នុងសម័យ Sengoku ផងដែរ។
សូមកត់សម្គាល់នេះមិនមែនជារបបអាហាររបស់អ្នកក្រនោះទេ Ichijuu Issai អនុវត្តយ៉ាងទូលំទូលាយចំពោះប្រជាជនទាំងអស់។
ចំពោះអាហារនេះប្រជាជនជប៉ុនមិនប្រើអង្ករសនោះទេ ប៉ុន្តែច្រើនប្រើអង្ករសំរូបដែលមិនទាន់កិនរួចបន្ថែមធញ្ញជាតិមួយចំនួន។ របៀបដាំបាយមានពីរយ៉ាង ទីមួយដូចរបៀបដាំបាយសព្វថ្ងៃ និងរបៀបមួយទៀតគឺចំហុយ។ ក្នុងរបបអាហារនេះ ក្រៅពីបាយ និងស៊ុប Miso នៅមានម្ហូបបន្ថែមទៀត។ សម្រាប់គ្រួសារអ្នកមានពេលខ្លះមានសាច់មាន់ និងត្រី ទោះជាយ៉ាងណា នៅតែចាត់ទុកជាអាហារសាមញ្ញ។
អាហារពីរពេលក្នុងមួយថ្ងៃ មិនហូបពេលយប់
ចំពោះរបបអាហារនេះសាមូរ៉ៃបរិភោគអាហារពីរពេលក្នុងមួយថ្ងៃនៅម៉ោង ៨ ព្រឹក និងម៉ោង ២ រសៀល។ តើការទទួលទានបែបនោះមិនធ្វើឲ្យពួកគេដួលសន្លប់ព្រោះតែឃ្លាន? តាមពិតទៅពួកគេទទួលទានច្រើន។ នៅពេលដែលទទួលទានមនុស្សម្នាក់ហូបប្រាំចានជារឿងធម្មតា។
បើប្រៀបនឹងអង្ករស នោះអង្ករសំរូបដែលសាមូរ៉ៃបរិភោគឆ្អែតបានយូរ និងមានសារធាតុចិញ្ចឹមខ្ពស់។ អង្ករសំរូបត្រូវគេចាត់ទុកជាអាហារល្អ ត្រឹមតែអង្ករមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅហើយ។
សព្វថ្ងៃអ្នកដែលយកចិត្តទុកដាក់ចំពោះសុខភាពក៏បញ្ចូលអង្ករសំរូបក្នុងរបបអាហាររបស់ពួកគេផងដែរ។
អាហារមុនពេលចេញប្រយុទ្ធ
JAPO បានណែនាំដល់អ្នករាល់គ្នាអាហារប្រចាំថ្ងៃរបស់សាមូរ៉ៃ ដូច្នេះតើនៅពេលចេញទៅប្រយុទ្ធយ៉ាងម៉េចវិញ? ពេលចេញប្រយុទ្ធនៅសមរភូមិ សាមូរ៉ៃនឹងទទួលទានអាហារពិសេសបន្ថែមទៀត។
សូមក្រឡេកមកមើលអាហាររបស់សាមូរ៉ៃមុនពេលពួកគេចេញទៅប្រយុទ្ធនឹងសត្រូវ។
អាហាររបស់ Nobunaga Oda – សាមូរ៉ៃមួយរូបដែលបានបង្រួបបង្រួមប្រទេសជប៉ុន
រូបភាព https://tyanbara.org/business/sengoku-history/2017062625016/
Oda Nobunaga គឺជាសាមូរ៉ៃល្បីមួយរូបក្នុងសម័យ Sengoku ដែលជាអ្នកមានគុណសម្បត្តិបង្រួបបង្រួមប្រទេសជប៉ុន។
Nobunaga ចូលចិត្តបរិភោគអាហារប្រៃ។ នៅខាងឆ្វេងរូបភាពជាមើម Misozuke នេះជាជ្រក់ដែលមានរសជាតិប្រៃ។ ផ្នែកខាងស្តាំគឺ Miso អាំង ទឹកជ្រលក់នេះស្រូបលើបាយពិតជាឆ្ងាញ់ណាស់។
Hideyoshi Toyotomi – សាមូរ៉ៃដែលបញ្ចប់សម័យ Sengoku
Hideyoshi Toyotomi ជាកូនប្រុសរបស់កសិករម្នាក់។ បន្ទាប់ពីបានក្លាយជាអ្នកបន្តរបស់ Nobunaga Oda ដោយមានការប្តេជ្ញាចិត្ត និងថាមពល គាត់បានបន្តបង្រួបបង្រួមប្រទេសជប៉ុន។
ម្ហូបដែលគាត់ចូលចិត្តជាងគេគឺត្រីមឹកធំអាំងជាមួយ Miso (មិនមែន Takoyaki នោះទេ) ។
សាច់ត្រីមឹកធំមាន Taurine ដែលជាសារធាតុជួយស្តារកម្លាំង និងផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាល។ ក្រៅពីនេះគាត់ក៏ហូបសាច់ខ្លាផងដែរ។ នៅជប៉ុនមិនមានសាច់ខ្លាទេ ដូច្នេះគាត់ត្រូវនាំចូលសាច់ខ្លា។
ដោយសារហេតុផលសាសនាជនជាតិជប៉ុនពេលនោះបរិភោគសាច់មាន់ម្តងម្កាល ហើយមិនបរិភោគសត្វផ្សេងទៀតទេ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបង្រួបបង្រួមប្រទេស លោក Hideyoshi Toyotomi ប្រើអំណាចរបស់ខ្លួនទិញសាច់ខ្លាដើម្បីបម្រើដល់ការប្រយុទ្ធ។
អាហារបន្ទាន់ក្នុងស្ថានភាពអាសន្ន
ម្ហូបនេះមានឈ្មោះថា Imogaranawa (Imo មានន័យថាខ្សែ) មើលទៅមិនដូចអាហារទាល់តែសោះមែនទេ?
ដើម្បីធ្វើ Imogaranawa គេស្ងោរមែកត្រាវជាមួយនឹង Miso ស្រា Sake និងត្រីធូណាហាន់រួចហាលស្ងួត។
ដូចជាឈ្មោះមុខម្ហូបនេះត្រូវគេប្រើជាមធ្យោបាយអូសបន្លាយពេលវេលា ជាអាហារជំនួយពេលស្បៀងអស់។
នៅពេលដាក់ក្នុងទឹកក្តៅយើងនឹងបាន Miso មួយចានភ្លាមៗ។
គ្រាន់តែម្ហូបនេះទទួលទានឆ្ងាញ់ណាស់ទៅហើយ វាមានរសជាតិដូចស៊ុប Miso ។
នំហូបពេលឃ្លាន Hyorogan
នំនេះស្រដៀងឃុកឃីដែលត្រូវគេធ្វើដោយលាយអង្ករ ម្សៅ shiratama-ko ស្រូវសាឡី ម្សៅសណ្តែក គ្រាប់ល្ង និងស្រា sake ធ្វើជារាងមូលចំហុយរួចហាលថ្ងៃ។
ទទួលទាននំ ២-៣ ដងក្នុងមួយថ្ងៃជួយឲ្យបាត់ឃ្លាន និងអស់កម្លាំង។ នំស្ងួតដូច្នេះអាចយកតាមខ្លួនបានគ្រប់ទីកន្លែង។ នំនេះមើលទៅល្អជាង Imogaranawa ខាងលើ។
ក្រៅពីនេះមាននំស្រដៀងគ្នាមួយឈ្មោះ Misodama ។
ម្ហូបនេះត្រូវបានគេធ្វើឡើងដោយអាំង Miso ទៅជារាងមូល ម្ហូបនេះអាចធ្វើជាស៊ុប Miso ឬហូបទទេសុទ្ធតែឆ្ងាញ់។
ទាំងនេះជាអាហារសាមញ្ញារបស់សាមូរ៉ៃ អ្នកដែលតែងតែប្រឈមនឹងការប្រយុទ្ធ។ ចូលដល់សម័យអេដូដែលជាសម័យសន្តិភាព ជនជាតិជប៉ុនបានបង្កើតវប្បធម៌ម្ហូបឆ្ងាញ់ដូចជាស៊ូស៊ី និងសូបា។ ការរួមបញ្ចូលរបបអាហារថ្មីនាំមកនូវជំងឺផ្សេងៗជាច្រើន ដូច្នេះឥឡូវនេះមនុស្សចាប់ផ្តើមត្រលប់ទៅរបបអាហារសាមញ្ញកាលពីមុនវិញ។
តើអ្នកកត់សម្គាល់ទេថា ក្នុងរបបអាហាររបស់ប្រជាជនជប៉ុនតែងប្រើ Miso ? Miso គឺជាអាថ៌កំបាំងសុខភាពដ៏សំបូរបែបរបស់ជនជាតិជប៉ុន។
Kengo Abe