សេះ​​មួយ​​ក្បាល​​ឈ្មោះ Haru Urara មិនធ្លាប់ឈ្នះប្រណាំងតែល្បីរក​ប្រាក់​មិន​ចាញ់​សេះ​ល្អ​ទេ

ដើម្បីបង្កាត់ពូជសេះដែលរត់លឿន គេត្រូវពិនិត្យទៅលើឈាម និងការបន្តពូជរបស់វា។ ដោយផ្តោតលើការបង្កាត់​ពូជ​សេះ​រត់​លឿន ក្រុម​អ្នក​បង្កាត់​ពូជត្រូវចំណាយប្រាក់ជាច្រើន។

ប្រសិនបើសេះឈ្នះនឹងទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែបើចាញ់មិនអាចចេញប្រណាំងទៀតឡើយ សេះ​ខ្លះត្រូវសម្លាប់​យក​សាច់​ផង។ ដូច្នេះហើយ សេះប្រណាំងដែលឈ្នះនឹងរស់ រីឯចាញ់ត្រូវស្លាប់។

នេះជារូបថតរបស់ Haru Urara – ដែលជាតួអង្គសំខាន់ក្នុងអត្តបទថ្ងៃនេះ។

រូបភាព https://www.sankei.com/gallery/20180822-XNX6VMSDJRMZVG5II2E2LET2BY/

អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដឹងអំពីសមិទ្ធផលរបស់វា៖ ចូលរួមការប្រកួតចំនួន ១១៣ ដង ឈ្នះ ០ ដង។

ត្រូវហើយវាមិនដែលឈ្នះការប្រកួតឡើយ។

មិនជាបញ្ហាអ្វីទេ ព្រោះវានៅតែចេញទៅទីលានយ៉ាងទៀតទាត់។ ជារៀងរាល់ឆ្នាំវាចូលរួមការប្រកួតប្រហែល ២០ ដង។ ទោះបីជាមិនឈ្នះក៏វាទទួលបានថ្លៃឈ្នួលចាប់ផ្តើមចំនួន ៦ ម៉ឺនយ៉េន ដូច្នេះមួយឆ្នាំបានប្រមាណ ១,២ លានយ៉េន។ ប៉ុន្តែដើម្បីចិញ្ចឹម Haru Urara ត្រូវចំណាយប្រហែលពី ១,៣ ដល់ ១,៤ លានយ៉េនក្នុងមួយឆ្នាំ ដូច្នេះ​នេះជាការវិនិយោគដែលខាតបង់។ ដោយសារតែខាតបង់មិនច្រើនទើបគេមិនសម្លាប់វា ហើយបន្តអោយវារត់រហូតដល់រត់លែង​រួច ដូច្នេះប្រាក់ខាតបង់នឹងកើនឡើង។

Haru Urara ត្រូវគេដាក់រហស្សនាមថា “絶対に当たらない馬” ប្រែថា “សេះមិនដែលឈ្នះ” (មានន័យថា ភ្នាល់លើ Haru Urara មិនអាចឈ្នះទេ) ។

ប៉ុន្តែអ្វីដែលចម្លែកពេលដែលពាក្យចចាមអារាមនិយាយតៗគ្នា មនុស្សកាន់តែច្រើនភ្នាល់លើ Haru Urara មិន​មែន​ដើម្បីឈ្នះរង្វាន់នោះទេ ប៉ុន្តែជា “ទង្វើអបិយជំនឿសុំអោយមានសុវត្ថិភាពចរាចរណ៍” ។ តើ​អ្នកដឹង​ថា​ហេតុអ្វី​ទេ?

“មិនដែលឈ្នះ” = មិនដែលត្រូវឡានបុក = សុវត្ថិភាពចរាចរណ៍ ។

ការគិតចម្លែកម្យ៉ាងដែរ។

រូបភាព https://canlubang.exblog.jp/111166/

ហេតុ​ដូច្នេះសេះដែលមិនធ្លាប់ឈ្នះក្លាយជាល្បីល្បាញ ស្មើនឹងសេះល្អមួយក្បាល។ Haru Urara ទទួលបានការចាប់អារម្មណ៍​ពីបណ្តាញផ្សព្វផ្សាយ​ តែងតែចូលខ្លួនលើកញ្ចក់ទូរទស្សន៍ និងមានអ្នកគាំទ្រ ហើយថែមទាំងមាន Good អមមកជាមួយផង។ ប្រាក់ចំណូលដែល Haru Urara រកបានជាមធ្យម ១២១,៧៥ លានយ៉េនក្នុងការប្រណាំងម្តង ប្រាក់ដែលលក់ Good ច្រើនជាងប្រាក់ភ្នាល់ទៅទៀត។

បន្ទាប់ពីចាញ់ចំនួន ១០៩ ដងជាប់ៗគ្នា Haru Urara ឡើងមកចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតលើកទី ១១០ ។ កំណត់ត្រាចាញ់របស់វាត្រូវបញ្ចប់ ជាចុងក្រោយវាត្រូវចូលនិវត្តន៍ ទោះបីជាមិនដែលឈ្នះការប្រកួតក៏ដោយ។

មាន ៣ ករណីសម្រាប់សេះប្រណាំងមិនកាត់ពូជផ្សេងដល់ពេលចូលនិវត្តន៍ដូចខាងក្រោម៖

១. ក្លាយជាសេះបង្កាត់ពូជ

២. ប្រើសម្រាប់កីឡាជិះសេះ

៣. ក្លាយជា Sashimi សេះ

សរុបទៅ ៩០% សេះដែលចូលនិវត្តន៍ស្ថិតក្នុងករណីទី ៣ ច្រើន ហើយកាន់តែប្រាកដចំពោះសេះដែលរបួស។

ទោះជាយ៉ាងណាករណីទាំង ៣ ខាងលើសុទ្ធតែមិនកើតឡើងចំពោះ Haru Urara ។ សេះមួយក្បាលនេះរស់នៅដោយសុខសាន្តនៅកសិដ្ឋានមួយក្នុងទីក្រុង Chiba ។ Haru Urara ទទួលបានការងារថ្មីនោះគឺបង្ហាញខ្លួនលើផ្ទាំងរូប​ភាព​​ប៉ូលីសខេត្ត Chiba ជាមួយខ្លឹមសារ៖

“ក្នុងមួយជីវិតសូមកុំអោយត្រូវឡានបុក”

នៅក្នុងពិភពលោកដែលត្រូវប្រកួតប្រជែងដើម្បីរស់ ទោះជាយ៉ាងណាមិនដែលឈ្នះបែរជាទទួលបានការសរសើរ និង​រស់​នៅ​ដោយ​ក្តី​សុខ។ នេះជាសេះមួយក្បាលដែលសំណាងជាងគេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: