មិនធម្មតាបុរសម្នាក់ឡើងភ្នំហ្វូជីដើម្បីធ្វើការពីចម្ងាយ
រហូតមកដល់ពេលនេះជំងឺកូវីដ ១៩ រាតត្បាតប្រហែល ២ ឆ្នាំមកហើយ ដែលរំខានដល់ការរស់នៅរបស់មនុស្សជាច្រើន។ ដើម្បីកាត់បន្ថយទំនាក់ទំនងជាមួយអ្នកដទៃ ក្រុមហ៊ុនកាន់តែច្រើនកំពុងងាកមកធ្វើការពីផ្ទះ។ ប្រហែលជាអ្នកអានអត្ថបទនេះក៏កំពុងធ្វើការពីចម្ងាយដែរ។
នៅប្រទេសជប៉ុនក្រុមហ៊ុន និងនិយោជកច្រើនប្រមូលផ្តុំនៅតំបន់ប្រជុំជន ជាពិសេសទីក្រុងតូក្យូ។ ដង់ស៊ីតេប្រជាជននៅទីនោះខ្ពស់ខ្លាំងណាស់។ ថ្វីត្បិតតែទីក្រុងតូក្យូមានភាពងាយស្រួល ប៉ុន្តែមួយផ្នែកមានភាពច្របូកច្របល់ ជាពិសេសថ្លៃឈ្នួលខ្ពស់ជាងកន្លែងផ្សេងទៀត។
ចំពោះអ្នកដែលចង់នៅតំបន់ជនបទហើយមានការងារធ្វើផងនោះ ប្រហែលជា “work from home” គឺល្អបំផុត។
ធ្វើការពីចម្ងាយ តើឆ្ងាយដល់ណា? បុរសម្នាក់បានពិសោធន៍ដោយធ្វើការនៅលើភ្នំហ្វូជី ដើម្បីឆ្លើយតបនឹងសំណួរនេះ។
រូបភាព https://nikkan-spa.jp/1771235?cx_clicks_sldbox=1_slidemdl
ទិដ្ឋភាពកន្លែងធ្វើការរបស់បុរសម្នាក់នេះមើលទៅពិតជាអស្ចារ្យណាស់។ ក៏ប៉ុន្តែតើការងារដំណើរយ៉ាងណា? តោះចូរស្វែងយល់ពីដំណើរ “ធ្វើការលើភ្នំហ្វូជី” របស់គាត់ទាំងអស់គ្នា។
ចាប់ផ្តើមពីចំណតលេខ ៥ នៃភ្នំហ្វូជី
នៅលើភ្នំហ្វូជីអ្នកអាចជិះទៅដល់តំណតទី ៥ បន្ទាប់មកអ្នកត្រូវដើរ។ ចំណតស្ថិតក្នុងរយៈកម្ពស់ ២៣០៥ ម៉ែត្រ នៅទីនោះតួអង្គសំខាន់របស់យើងស្ពាយកុំព្យូទ័រយួរដៃក្រោយខ្នងហើយចាប់ផ្តើមឡើងភ្នំ។
ពាក់កណ្តាលផ្លូវឡើងភ្នំ
ក្នុងអំឡុងពេលឡើងភ្នំបុរសម្នាក់នេះសាកប្រើទូរស័ព្ទ ប្រើ Google Meet គ្រប់យ៉ាងដំណើរការយ៉ាងរលូន។ ទោះបីជាសំឡេង និងរូបភាពមានភាពយឺតយ៉ាវបន្តិចក៏ដោយ ប៉ុន្តែជាទូទៅនៅតែដំណើរការល្អ។ ពេលកំពុងហៅទូរស័ព្ទងាកមើលពពកអារម្មណ៍ក៏ស្រស់ស្រាយណាស់ដែរ។
នៅពេលនោះគាត់ទទួលការហៅជាវីដេអូខល
តើនេះជាទិដ្ឋភាពអ្វី??? តើឯងកំពុងនៅឯណា?
ខ្ញុំកំពុងនៅលើភ្នំហ្វូជី។
ហេតុអ្វី?
សំបុត្រផ្ញើមកកាន់បុរសម្នាក់នេះក៏និយាយដែរថាប្រហែលជាលើកទីមួយនៅលើពិភពលោក។ “សុំទោសដែលរំខានអ្នកពេលកំពុងរវល់នៅលើភ្នំហ្វូជី” ។
ពេលទៅដល់កន្លែងគាត់ចាប់ផ្តើមរៀបចំឧបករណ៍ ដាក់កុំព្យូទ័រអោយមានរបៀបរៀបរយត្រៀមធ្វើការងារ។
កម្ពស់កាន់តែខ្ពស់ កំហាប់អុកស៊ីសែនកាន់តែចុះខ្សោយ ស្មានតែគាត់នឹងអស់កម្លាំង ហើយមិនអាចផ្តោតអារម្មណ៍ទៅលើការងារ ប៉ុន្តែផ្ទុយទៅវិញគាត់អាចផ្តោតលើការងារយ៉ាងល្អ។ ប្រហែលជាចេញអោយឆ្ងាយពីទូរទស្សន៍ ទូទឹកកក ទស្សនាវដ្តី ។ល។ នឹងជួយយើងធ្វើការកាន់តែមានប្រសិទ្ធភាព។ ប្រសិនបើមានតុ និងកៅអីទៀត នោះការងារនៅលើភ្នំហ្វូជីនឹងកាន់តែមានភាពងាយស្រួល។
ហាក់ដូចជាអ្នកដែលហៅមកកាន់គាត់មិនអាចផ្តោតអារម្មណ៍ពេលនិយាយគ្នា។ ពួកគេចាប់អារម្មណ៍ទេសភាពនៅពីក្រោយគាត់ ហើយឆ្ងល់ចង់ដឹងចង់ឃើញ។ ភាគច្រើនអ្នកទាំងអស់គ្នាអស់សំណើចដែលពួកគេដឹងថាគាត់កំពុងធ្វើការស្រាវជ្រាវពិសេសនេះ។
មិនអាចវាយក្តារចុចព្រោះត្រជាក់ពេក
នៅរយៈកម្ពស់ ៣០០០ ម៉ែត្រលើភ្នំហ្វូជី បន្ទាប់ពីម៉ោង ៩ យប់សីតុណ្ហភាពធ្លាក់ចុះមកត្រឹម ៧ អង្សារ។ ក្រោមបរិយាកាសត្រជាក់វាយក្តារចុចពិតជាពិបាកណាស់។ ផ្ទះសំណាក់លើភ្នំបិទភ្លើងបន្ទាប់ពីម៉ោង ៩ យប់ អ្នកឡើងភ្នំផ្សេងទៀតសម្រាក ដូច្នេះគាត់មិនអាចធ្វើការបានដែរ។
ពេលវេលាគយគន់ព្រះអាទិត្យរះថ្ងៃបន្ទាប់
ធ្វើការក្រោមទិដ្ឋភាពថ្ងៃរះមើលទៅពិតជាស្អាតខ្លាំងណាស់ ប៉ុន្តែកុំបណ្តោយខ្លួនព្រោះតែទេសភាពដ៏ស្រស់ស្អាត។
ថ្វីត្បិតតែមិនជាក់ស្តែងប៉ុន្មាន ប៉ុន្តែក៏ជាការពិសោធន៍ “ធ្វើការលើភ្នំហ្វូជី” ដែលបង្ហាញពីគុណសម្បត្តិក្នុងការធ្វើការពីចម្ងាយ ជាបរិយាកាសដែលល្អបំផុតសម្រាប់អ្នក។ ជាការពិតណាស់ដើម្បីធ្វើការដោយរលូនត្រូវមានសមត្ថិភាព និងការផ្តោតអារម្មណ៍ខ្ពស់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយការបណ្តុះបណ្តាលបុគ្គលិកថ្មីក្រោមទម្រង់ការងារបែបនេះមិនល្អនោះទេ។
Kengo Abe