ទឹកស៊ីអុីវចម្រាញ់ចេញពីចង្រិតថ្លៃជាងទឹកស៊ីអុីវសណ្តែកសៀងដល់ទៅដប់ម្ភៃដង

ទឹកស៊ីអុីវដែលចម្រាញ់ចេញពីចង្រិតចំនួន ៤៨០ ក្បាល ក្នុងមួយដបចំណុះ ១០០ មីលីលីត្រ ថ្លៃជាងទឹកស៊ីអុីវដែលផលិត​ពី​សណ្តែក​សៀងដល់ទៅដប់ម្ភៃដងឯណោះ។

បង្កើតឡើងនៅឆ្នាំ ១៩២៨ អ្នកផលិត Miso, Noda Miso Syoten នៅខេត្ត Aichi ដែលល្បីខាងផលិត Miso ក្នុងបរិមាណ​ច្រើន​ដោយប្រើធុងឈើបុរាណផលិតរហូតដល់ ២០០០ តោន Miso ក្នុងមួយឆ្នាំ។

លើសពីនេះ Noda Miso Syoten មានគំនិតផលិត Miso ពីចង្រិត និងកណ្តូបតាំងពីឆ្នាំ ២០០៨ ។

គំនិតនេះផ្តើមចេញពីចម្ងល់របស់សិក្ខាកាមម្នាក់ក្នុងថ្នាក់បង្រៀនធ្វើ Miso របស់ប្រធានជំនាន់ទី ៤ ឈ្មោះ Noda Yoshinari អាយុ ៣៦ ឆ្នាំ។ លោក Noda Yoshinari បើកថ្នាក់បង្រៀនធ្វើ Miso ហើយទទួលបានសំណួរពីសិក្ខាកាមម្នាក់ថា តើ​អាចផលិត Miso ពីសត្វល្អិតបាន​ទេ?

ដោយចំណូលចិត្តធ្វើដំណើរ ហើយក៏ធ្លាប់សាកសត្វល្អិតជាច្រើននៅក្រៅប្រទេសលោក Noda Yoshinari ឃើញថាគ្រឿងផ្សំនេះសំបូរប្រូតេអុីន​ដូច​សណ្តែក​សៀងដែលជាគ្រឿងផ្សំចម្បងរបស់ Hatcho Miso ។

ការបរិភោគសត្វល្អិតត្រូវគេចាត់ទុកដូចជាដំណោះស្រាយចំពោះកង្វះស្បៀងអាហារនៅកន្លែងមួយចំនួនលើពិភព​លោក។

រូបភាព Pr Times

នៅឆ្នាំបន្ទាប់លោក Noda Yoshinari ដាក់បង្ហាញទឹកសុីអុីវ Miso ដែលចម្រាញ់ពីសត្វល្អិតក្នុងព្រឹត្តិការណ៍សម្រាប់​សហគ្រិន​វ័យ​ក្មេង។ នៅទីនោះគាត់ជួបជាមួយបុគ្គលិកភោជនីយ៍ដ្ឋាន Antcicada ស្រុក Chuo ទីក្រុងតូក្យូដែលល្បីខាង Ramen ចង្រិត។ មុននោះភោជនីយ៍ដ្ឋាន Antcicada ក៏បានពិចារណាផលិតទឹកសុីអុីវចង្រិត ដូច្នេះពួកគេស្នើសហការជាមួយលោក Noda Yoshinari ក្នុងការស្រាវជ្រាវ និងផលិតទឹកសុីអុីវប្រភេទថ្មី។

ដំណើរការស្រាវជ្រាវ និងសាកល្បងចាប់ផ្តើមកាលពីខែមករាឆ្នាំ ២០២០ គម្រោងនាំយកទឹកសុីអុីវចង្រិតដាក់​លើ​ទីផ្សាររត្រូវបានរៀបចំឡើងកាលពីខែកញ្ញាឆ្នាំ ២០២០ ។

ផលិតផលដំបូងដែលត្រូវបានណែនាំជាផ្លូវការដល់អ្នកប្រើប្រាស់មានឈ្មោះហៅថា “Koorogi Shoyu” ។

ទឹកសុីអុីវ Koorogi Shoyu មួយដបចំណុះ ១០០ លីមីលីត្រត្រូវការចង្រិតចំនួន ៤៨០ ក្បាល និងតម្លៃរួមទាំងពន្ធ ១.៦៤០ យ៉េន ថ្លៃជាងទឹកសុីអុីវដែលផលិត​ពីសណ្តែកសៀង។ ទោះជាយ៉ាងណាការនិយមសត្វល្អិតកើនធ្វើអោយផលិត​កម្មកើនឡើង ដូច្នេះតម្លៃផលិត​ផល​អាចនឹងថយចុះ។

លោក Noda Yoshinari បានអោយដឹងកាលពីមុនគាត់គិតថាសណ្តែកសៀងជាគ្រឿងផ្សំដ៏ល្អបំផុត ធ្វើឱ្យមានតុល្យ​ភាព​ប្រូតេអុីន និងខ្លាញ់។ ប៉ុន្តែនៅពេលគាត់ប្រើចង្រិតដើម្បីផលិត Miso និង Shoyu ទើបគាត់ដឹងថាមានគ្រឿង​ផ្សំមួយចំនួនល្អដូចសណ្តែកសៀងដែរ។

ផលិតផល Koorogi Shoyu ធ្វើពីចង្រិតមានជាតិប្រៃហើយឈ្ងុយ។ ចង្រិតដែលគេប្រើមានរសជាតិឆ្ងាញ់ផ្គត់ផ្គង់ដោយ​ក្រុមហ៊ុន Gurirasu Co., Ltd ។ នៅខេត្ត Tokushima និង Taiyo Green Energy Co., Ltd ខេត្ត Saitama ។

Yuta Shinohara អាយុ ២៦ ឆ្នាំជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Antcicada ពន្យល់បន្ថែមអំពីការប្រើប្រាស់ទឹកស៊ីអុីវចង្រិត។

“ទឹកស៊ីអុីវនេះសាកសមបំផុតពេលបរិភោគជាមួយ Sashimi ឬប្រភេទត្រីមានសាច់ស។ ហើយផលិតផលក៏អាចទទួលទានជាមួយបាយអាំងឬនំ Dango ផងដែរ” ។

សម្រាប់ព័ត៌មានផលិតផលលើ៖ WEBSITE

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: