ព្រឹត្តិការណ៍កីឡាអូឡាំពិក និងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឆ្នាំ ១៩៦៤
បច្ចុប្បន្នប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងធ្វើជាម្ចាស់ផ្ទះអូឡាំពិកផង។ រឿងនេះធ្វើអោយមនុស្សជាច្រើនគិតពីព្រឹត្តិការណ៍ស្រដៀងគ្នាដែលបានកើតឡើងមុនពេលជប៉ុនក្លាយជាម្ចាស់ផ្ទះអូឡាំពិកឆ្នាំ ១៩៦៤ ។ កាលនោះជប៉ុនកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺអាសន្នរោគ។
កាលពីខែសីហាឆ្នាំ ១៩៦៤ មានយុវជនម្នាក់រស់នៅ Chiba ភាគខាងកើតទីក្រុងតូក្យូស្លាប់ដោយសារជំងឺអាសន្នរោគ។ បន្ទាប់មកជំងឺរាតត្បាតលក្ខណៈទ្រង់ទ្រាយធំដែលធ្វើអោយតំបន់នេះត្រូវបិទ ប្រជាជនឈរតម្រង់ជួររង់ចាំទទួលវ៉ាក់សាំង។
រូបភាព Mainichi កាលពីថ្ងៃទី ២៧ ខែសីហាឆ្នាំ ១៩៦៤ ។ ប្រជាជនឈរតម្រង់ជួរទទួលវ៉ាក់សាំងនៅមុខមណ្ឌលសុខភាពសាធារណៈ Komaji ទីក្រុងតូក្យូ។
លោកស្រី Murakami អាយុ ៧៧ ឆ្នាំធ្លាប់ជាគិលានុបដ្ឋយិកាមើលថែអ្នកជំងឺនិយាយថាគាត់នៅតែចងចាំព្រឹត្តិការណ៍ឆ្នាំនោះយ៉ាងច្បាស់។ គាត់បន្តទៀតថា៖ “អ្នកជំងឺរាគរូសធ្ងន់ធ្ងរ ហើយចូលបង្គន់ញឹកញាប់ រីឯលាមកដូចជាទឹកអង្ករ។ ខ្ញុំត្រូវយកទៅបន្ទប់ពិនិត្យ ហើយបញ្ចូលសារធាតុរ៉ាវជូនអ្នកជំងឺ។ ខ្ញុំពិតជាខ្លាច ប៉ុន្តែខ្ញុំក៏ចង់ជួយអោយអ្នកជំងឺធូរស្បើយបន្តិចដែរ” ។
លោកស្រីនិយាយពីបុរសអាយុ ២៣ ឆ្នាំម្នាក់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យជាតិ Narashino ថ្ងៃទី ២៣ ខែសីហាឆ្នាំ ១៩៦៤ ប្រហែល ៥០ ថ្ងៃមុនពេលបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៦៤ ។ កាលនោះលោកស្រី Murakami អាយុ ២០ ឆ្នាំជានិស្សិតសាលាគិលានុបដ្ឋយិកាក្រោមមន្ទីរពេទ្យ។ យុវជនរូបនោះមានអាការៈខ្សោះជីវជាតិយ៉ាងខ្លាំង ហើយមិនអាចនិយាយបាន។ ទោះយ៉ាងណាគិលានុបដ្ឋាយិកានៅតែព្យាយាមជជែកជាមួយគាត់ ហើយសាកសួរស្ថានភាព និងអារម្មណ៍របស់គាត់។
ទោះបីជាទទួលបានការយកចិត្តទុកដាក់ព្យាបាលពីគ្រូពេទ្យក៏យុវជនរូបនោះនៅតែស្លាប់នាព្រឹកថ្ងៃបន្ទាប់។ ក្រសួងសុខាភិបាលបានប្រកាសថាគាត់មានជំងឺអាសន្នរោគ ហើយតំបន់ដែលគាត់រស់នៅត្រូវដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។ ច្រកចូលតំបន់បិទខ្ទប់មានសញ្ញាសម្គាល់ និងខ្សែពួរ ខណៈពេលនោះថ្នាំសម្លាប់មេរោគបាញ់គ្រប់កន្លែងដោយឧទ្ធម្ភាគចក្រ។ ប្រជាជនប្រមាណ ១ ម៉ឺននាក់ក្នុងសង្កាត់ត្រូវធ្វើតេស្តលាមក ហើយប្រជាជនប្រមាណ ៣០ ម៉ឺននាក់ទទួលការចាក់វ៉ាក់សាំងក្នុងតំបន់តូក្យូ។
រូបភាព៖ Mainichi បិទខ្ទប់នៅទីក្រុង Narashino ខេត្ត Chiba កាលសម័យនោះ។ ពីចម្ងាយមានឧទ្ធម្ភាគចក្របាញ់ថ្នាំសម្លាប់មេរោគ។ រូបថតថ្ងៃទី ២៧ ខែសីហាឆ្នាំ ១៩៦៤ ។
គិលានុបដ្ឋាយិកា Murakami បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺត្រូវនៅដាច់ដោយឡែកក្នុងអន្តេវាសិកដ្ឋានរយៈពេលមួយសប្តាហ៍។ លោកស្រី Murakami រៀបរាប់ឡើងវិញថា “នៅជំនាន់នោះជំងឺអាសន្នរោគគេហៅថា ‘Korori’ ពាក្យសំដៅលើករណីស្លាប់លឿន ជំងឺរាតត្បាតពិតជាគួរអោយខ្លាច។ ដោយសារខ្ញុំអាចនឹងឆ្លងមេរោគ ដូច្នេះខ្ញុំត្រូវប្រយ័ត្នចៀសវាងការប៉ះពាល់ជាមួយអ្នកដទៃ” ។
គេនិយាយថាបាក់តេរីចុះខ្សោយពេលវាប៉ះនឹងអាស៊ីត ដូច្នេះពេលនោះលោកស្រី Murakami ទទួលទានផ្លែព្រូនត្រាំ Umeboshi ។ លោកស្រី Murakami នៅតែចងចាំយ៉ាងច្បាស់សម្លេងឧទ្ធម្ភាគចក្រសម្លាប់មេរោគ និងជួរមនុស្សរង់ចាំទទួលវ៉ាក់សាំង។
ពីរថ្ងៃបន្ទាប់ពីយុវជនរូបនោះស្លាប់ គេរកឃើញអ្នកដែលស្នាក់នៅផ្ទះសំណាក់នោះសុទ្ធតែមានជំងឺអាសន្នរោគដែលបណ្តាលអោយមានការព្រួយបារម្ភ។ ការប្រកួតកីឡាអូឡាំពិកនាពេលខាងមុខជាបញ្ហាធំ អ្នករៀបចំស្មុគស្មាញយ៉ាងខ្លាំង ត្រូវពិចារណាលើជម្រើសជាច្រើនដូចជាការចាក់វ៉ាក់សាំងដល់ភាគីពាក់ព័ន្ធអូឡាំពិកទាំងអស់។ ព័ត៌មានព្រឹត្តិការណ៍អូឡាំពិក និងជំងឺអាសន្នរោគតែងតែត្រូវបានធ្វើបច្ចុប្បន្នភាព ស្រដៀងនឹងអ្វីដែលកំពុងកើតឡើងក្នុងព័ត៌មានសព្វថ្ងៃនេះ។
ទោះបីជាប្រភពជំងឺអាសន្នរោគមិនទាន់អាចកំណត់បាន ប៉ុន្តែក៏គ្មានករណីឆ្លងបន្តទៀតដែរ។ កាលពីថ្ងៃ ១ ខែកញ្ញាឆ្នាំ ១៩៦៤ ក្រសួងសុខាភិបាលប្រកាសជំងឺអាសន្នរោគបានបញ្ចប់។
រូបភាព Mainichi
លោកស្រី Murakami ក្លាយជាគិលានុបដ្ឋយិកាសាធារណៈ និងចូលរួមណែនាំវិធានការការពារសុខភាពនៅមណ្ឌលសុខភាពសាធារណៈក្នុងខេត្ត។ បន្ទាប់ពីឆ្លងកាត់ជំងឺអាសន្នរោគលោកស្រី Murakami មានបទពិសោធន៍ច្រើន។ គាត់និយាយថា “ខ្ញុំដឹងពីសារៈសំខាន់ក្នុងការទំនាក់ទំនងជាមួយអង្គការពាក់ព័ន្ធរួមទាំងរដ្ឋាភិបាលទីក្រុង និងខេត្តក្នុងដំណាក់កាលដំបូងក៏ដូចជារបៀបបញ្ជូនព័ត៌មាន” ។ គាត់មើលឃើញគ្រូពេទ្យ និងមន្រ្តីរដ្ឋបាលរាយការណ៍ព័ត៌មានដោយផ្ទាល់ភ្នែក។ គាត់យល់ពីសារៈសំខាន់ក្នុងការឆ្លើយតបអោយបានលឿនមិនថាក្នុងស្ថានភាពយ៉ាងណា។
ចំពោះស្ថានភាពជំងឺរាតត្បាតសព្វថ្ងៃទោះបីជាមានភាពខុសគ្នាក៏លោកស្រី Murakami នៅតែបង្ហាញអារម្មណ៍ខកបំណងចំពោះការឆ្លើយតបរបស់រដ្ឋាភិបាល។ “ប្រសិនបើករណីឆ្លងកាន់តែធ្ងន់ធ្ងរជាងនេះ យើងគួរតែពិចារណាពន្យារពេលអូឡាំពិកទោះក្នុងស្ថានភាពកំពុងធ្វើឡើងក៏ដោយ។ ប៉ុន្តែអត្តពលិកបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែងរបស់ពួកគេនាំមកនូវភាពក្លាហាន និងក្តីសង្ឃឹម” លោកស្រី Murakami មានអារម្មណ៍ច្របូកច្របល់ពេលនិយាយពីស្ថានភាពបច្ចុប្បន្ន។
មានការកំណត់មួយចំនួនចំពោះការការពារកូវីដ១៩ ក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក អ្នកគាំទ្រជាច្រើនដោះម៉ាសចេញតម្លើងសម្លេងស្រែកលើកទឹកចិត្តអត្តពលិក។ លោកស្រី Murakami បានព្រមានថា “ប្រសិនបើបន្តការប្រកួតកីឡាអូឡាំពិក អ្នកដែលចូលរួមត្រូវការពារខ្លួនមិនអោយឆ្លងជំងឺ។ ជប៉ុនត្រូវចាត់វិធានការទប់ស្កាត់អោយខ្លាំងជាងនេះ” ។
លើសពីនេះគិលានុបដ្ឋយិកាក៏បានដាស់តឿនប្រជាជនឱ្យចៀសវាងកន្លែងដែលមានមនុស្សច្រើន និងទំនាក់ទំនងស្និទ្ធស្នាល ពង្រឹងភាពស៊ាំ ហើយធ្វើអ្វីដែលពួកយើងអាចធ្វើបានដើម្បីបញ្ចប់ការឆ្លងជំងឺ។ លោកស្រី Murakami សង្ឃឹមថាជប៉ុននឹងមានការប្រុងប្រយ័ត្នខ្ពស់ រៀបចំការប្រកួតកីឡាអូឡាំពិកអោយបានល្អ និងកំណត់ការរីករាលដាលជំងឺកូវីដ១៩ ។
Japo Cambodia