ការមកដល់បាច់ទី ២ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុនដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩ នៅលើសាកលលោក ប្រទេស​ជប៉ុន​បានប្រកាសកាលពីខែមិថុនានឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលត្រូវបានអនុម័តដោយ WHO EUL និងផលិតនៅ​ប្រទេស​ជប៉ុនចំនួនប្រមាណ ១ លានដូសជូនដល់ព្រះរាជាណាចក្រកម្ពុជា។ បាច់ទីមួយនៃវ៉ាក់សាំងនេះដែលមានចំនួនប្រមាណ ៣៣ ម៉ឺនដូសបានមកប្រទេសកម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដា ហើយចំនួនដែលនៅសល់ប្រមាណ ៦៧ ម៉ឺនដូសទៀតបានមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ។ ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេស​កម្ពុជា និងស្ថានភាពបច្ចុប្បន្ននៃជម្ងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

នេះគឺជាអំណោយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការរៀបចំភស្តុភារដោយ COVAX ។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងកំឡុងពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងការពង្រឹងប្រព័ន្ធសុខាភិបាល និងការកែ​លម្អ​ការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល COVAX AMC ដែលបានធ្វើឡើងក្នុងខែមិថុនា រដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយ ៨០០ លានដុល្លារបន្ថែមទៀត ដូច្នេះជំនួយសរុបរបស់ជប៉ុនដល់ COVAX Facility មានចំនួន ១ ពាន់លានដុល្លារអាមេរិក។ ការផ្តល់វ៉ាក់សាំង​ប្រមាណ ១លានដូសជូនដល់កម្ពុជាដូចដែលបានលើកឡើងខាងលើគឺជាបន្ថែមពីលើកិច្ចសន្យានេះ។ មកទល់ពេលនេះក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីទប់ទល់នឹងជម្ងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយប្រមាណច្រើនជាង ៥០ លានដុល្លារអាមេរិកដល់កម្ពុជា។ ជំនួយនេះរួមមានការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការ​កែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែនដោយមានការគាំទ្រពីអង្គការអន្តរ​ជាតិ​នានា និងការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ដើម្បីរក្សាទុក និងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ ឱ្យបានត្រឹមត្រូវ ដែលមានការគាំទ្រពីដៃគូរបស់យើងគឺយូនីសេហ្វ (UNICEF) និងចៃកា (JICA) ។  រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រួវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថមសាច់ប្រាក់ដល់ប្រជាជនដែល​រង​ផល​ប៉ះ​ពាល់ដោយសារកូវីដ១៩ និងសម្រាប់ពង្រឹងប្រព័ន្ធសុខាភិបាល។

ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ បរិក្ខារចាំ​បាច់។ យើងសង្ឃឹមថាការជំនួយទាំងនេះនឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩ ក៏ដូចជាអាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា៕

ប្រភព៖ JapanEmbassyCambodia

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: