គំនិតផ្តួចផ្តើមយុទ្ធនាការ “Maiden Onsen” ជួយស្ត្រីមានជំងឺមហារីកអាចជំនះនឹងអារម្មណ៍អន់ចិត្ត

ស្ត្រីម្នាក់ឈ្មោះ Ai Watanabe បានផ្តួចផ្តើមយុទ្ធនាការ Maiden Onsen ជួយស្ត្រីដែលកំពុងទទួលការព្យាបាលជំងឺមហារីកនៅក្នុងប្រទេសជប៉ុន ដើម្បីជំនះនូវអារម្មណ៍អន់ចិត្តនឹងរូបរាងខាងក្រៅ ហើយរីករាយពេលងូតទឹក Onsen ។

គំនិតនេះផ្តើមក្នុងឆ្នាំ ២០១៨ កាលបងស្រី Ai Watanabe អាយុ ៤៩ ឆ្នាំ។ គាត់បានវះកាត់យកសុដន់ខាងឆ្វេងចេញ បន្ទាប់ពីរកឃើញថាខ្លួនមានជំងឺមហារីកសុដន់។

ក្រោយពេលវះកាត់ទោះបីជាគាត់ចូលចិត្តទៅត្រាំទឹកក្តៅ (Onsen) យ៉ាងណាក៏មិនអាចជំនះនឹងអារម្មណ៍អន់ចិត្តខ្លួនឯង។

បងស្រី Ai Watanabe បានបង្កើតក្រុមបណ្តាញសង្គមសម្រាប់អ្នកជម្ងឺស្រីមហារីកសុដន់កាលពីខែមិថុនាឆ្នាំមុន ហើយ​ឃើញ​ថា​អ្នក​ដទៃទៀតក៏មានអារម្មណ៍អន់ចិត្តដូចគាត់ផងដែរ។

រូបភាព https://english.kyodonews.net/

នៅ Hakodate កាលពីថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១។ ក្នុងរូបភាពជាបងស្រី Kaori Sasaki (ខាងស្តាំ) ដែលជាអ្នករៀបចំ Maiden Onsen នៅ Hokkaido និងបងស្រី Ai Watanabe (ខាងឆ្វេង) ដែលជាអ្នកផ្តើមព្រឹត្តិការណ៍ទឹកក្តៅសម្រាប់ស្រ្តីកំពុងទទួលការព្យាបាលជំងឺមហារីកក្នុងឆ្នាំ ២០២០ ។

តាមរយៈក្រុមទំនាក់ទំនងបងស្រី Ai Watanabe ដឹងថាស្រ្តីជាច្រើនឆ្លងកាត់ដំណាក់កាលព្យាបាលជំងឺមហារីកសុដន់ ក្រៅពីមានស្លាកស្នាមធំលើដងខ្លួន សក់ក៏ជ្រុះរហូតត្រូវពាក់សក់ក្លែងក្លាយ និងផលប៉ះពាល់ផ្សេងៗទៀត។ មនុស្សមួយចំនួនខ្លាចថាស្លាកស្នាមលើខ្លួនរបស់ពួកគេអាចបន្លាចក្មេងៗ ដូច្នេះពួកគេតែងតែគេចទៅ Onsen ។

បន្ទាប់ពីគំនិតនេះត្រូវបានបង្កើតឡើងបងស្រី Ai Watanabe រៀបចំព្រឹត្តិការណ៍ “Maiden Onsen” ជាកន្លែងសម្រាប់ស្រ្តីដែលមានវាសនាដូចគាត់ ជួយឱ្យពួកគេរីករាយនឹងងូតទឹក Onsen ។

ព្រឹត្តិការណ៍នេះជួយធ្វើឱ្យសុខភាពផ្លូវចិត្ត និងរាងកាយមានភាពប្រសើរឡើង ហើយផ្តល់ឱកាសឱ្យពួកគេអាចជជែក​ជាមួយអ្នកដែលកំពុងប្រយុទ្ធនឹងជំងឺមហារីកផងដែរ។ ពេលនិយាយជាមួយម្ចាស់ជ្រោះទឹកក្តៅក្នុងតំបន់ បង​ស្រី Ai Watanabe ចែករំលែកការព្រួយបារម្ភ និងភាពភ័យខ្លាចរបស់អ្នកជំងឺចំពោះការងូតទឹក Onsen ។

ដោយដឹង និងយល់ពីអារម្មណ៍អន់ចិត្តរបស់ស្ត្រីដែលមានជំងឺមហារីក ម្ចាស់ហាងយល់ព្រមធ្វើការសាកល្បងយុទ្ធនាការ “Maiden Osen” កាលពីខែតុលាឆ្នាំ ២០២០ នៅឯស្រុកកំណើត Amagasaki ខេត្ត Hyogo របស់បងស្រី Watanabe ។

ដោយការបំផុសគំនិតពីយុទ្ធនាការ “Maiden Onsen” បងស្រី Kaori Sasaki អាយុ ៥៨​ ឆ្នាំដែលកំពុងកាន់តំណែងជាប្រធានសន្និសីទជម្រុញស្រី្ត និងសមភាពយេនឌ័រនៅ Hakodate រីឯ Hokkaido ក៏បានរៀបចំព្រឹត្តិការណ៍ស្រ​ដៀង​គ្នាដែរ។

បងស្រី Kaori Sasaki និយាយបន្តថាគាត់ប្តេជ្ញាចិត្តធ្វើដោយសារមិត្តម្នាក់មានជំងឺមហារីកក្រពេញអូវែបានទទួល​មរណ​ភាពកាលពីប៉ុន្មានឆ្នាំមុន ដែលធ្លាប់និយាយពីគំនិតនេះ។ មិត្តភក្តិរបស់បងស្រី Kaori Sasaki សង្ឃឹម​ថានៅថ្ងៃណាមួយអាចងូតទឹក Onsen ដោយមិនចាំបាច់ពាក់សក់ក្លែងក្លាយ ព្រោះបន្ទាប់ពីព្យាបាលជំងឺមហារីកសក់ជ្រុះស្ទើរ​ជិត​អស់។

ទោះបីគាត់ពិតជាចង់ងូតទឹក Onsen តែមិត្តម្នាក់នេះបែរជាបារម្ភថានឹងប៉ះពាល់ដល់អ្នកដទៃ។ នាងគិតថាប្រសិនបើមានកន្លែងត្រាំទឹកក្តៅដោយឡែកសម្រាប់អ្នកជម្ងឺស្រីមហារីក ពួកគេអាចរីករាយនឹងងូតទឹក Onsen ។

ទោះបីជាបងស្រី Kaori Sasaki សន្យាថានឹងបំពេញតាមសំណូមពររបស់មិត្ត ប៉ុន្តែ ៦ ខែក្រោយមកមិត្តម្នាក់នោះបានទទួលមរណភាពកាលពីខែតុលាឆ្នាំ ២០១៩ ។

កាលពីថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១ បន្ទាប់ពីបានទាក់ទង និងទទួលឯកសាររៀបចំ “Maiden Osen” ពីបងស្រី Watanabe នោះបងស្រី Kaori Sasaki បានសហការជាមួយសណ្ឋាគារក្នុងតំបន់ “Emi Hakodateya” ជាយ Hakodate ដើម្បីរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានៅ Yunokawa Onsen ។

ព្រឹត្តិការណ៍ដំបូងនៅ Hokkaido ទាក់ទាញអ្នកជម្ងឺមហារីកស្ត្រីចំនួន ១៥ នាក់ចូលរួម។ មនុស្សម្នាក់ៗចំណាយ ១០០០ យ៉េនសម្រាប់​កក់​កន្លែងងូត Onsen ពីម៉ោង ១១ ព្រឹកដល់ម៉ោង ១៤ៈ៣០ នាទីរសៀល។

លំហាត់យូហ្គា និងការកម្សាន្តសិល្បៈក៏ត្រូវបានរួមបញ្ចូលផងដែរ។ សណ្ឋាគារគ្រោងនឹងបន្តរៀបចំព្រឹត្តិការណ៍ Onsen នៅថ្ងៃច័ន្ទសប្តាហ៍ទី ៣ ជារៀងរាល់ខែ។

រូបភាព https://english.kyodonews.net/

បងស្រី Yuna Uesugi អាយុ ២៩ ឆ្នាំជាបុគ្គលិកការិយាល័យរបស់ក្រុមហ៊ុននៅ Hakodate ។ នាងកំពុងព្យាបាលជំងឺមហារីកមាត់ស្បូន ហើយក៏ជ្រុះសក់ច្រើនដោយសារការព្យាបាល។ ក្រោយមកគាត់លែងទៅហាងធ្វើសក់ព្រោះមិនចង់​អោយ​មនុស្សនៅជុំវិញចាប់អារម្មណ៍។

បងស្រី Yuna និយាយថាខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ “Maiden Onsen” ធ្វើអោយគាត់មានភាពរីករាយ។

“ខ្ញុំសប្បាយចិត្តណាស់ដែលពេលនេះខ្ញុំអាចងូតទឹក Onsen ជំនះអារម្មណ៍អន់ចិត្តចំពោះខ្លួនឯង។ ខ្ញុំឃើញថាខ្លួនមានកម្លាំងចិត្តពេលនិយាយជាមួយស្ត្រីដទៃទៀតដែលមានជម្ងឺមហារីក។ អ្នកគ្រប់គ្នាងូតទឹក ជជែក និងសើចសប្បាយ” ។

បងស្រី Ai Watanabe ក៏បានចូលរួមព្រឹត្តិការណ៍ Maiden Onsen នៅ Hakodate ដែរ។ បងស្រីមានសេចក្តីសោមនស្សរីករាយដែលមានកន្លែងជ្រោះទឹកក្តៅជាច្រើនបានយល់ព្រមសហការ។ បងស្រីមានបំណងចង់ “ឃើញស្ត្រីកាន់​តែ​ច្រើនសប្បាយចិត្តនៅពេលដែល Maiden Onsen មាននៅទូទាំងប្រទេស” ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: