ប៉ូលីសគិតថាឧប្បត្តិហេតុបង្គោលភ្លើងចរាចរណ៍រលំអាចបណ្តាលមកពីឆ្កែនោម

កាលពីខែកុម្ភៈបង្គោលភ្លើងចរាចរណ៍មួយនៅជាយក្រុង Suzuka ខេត្ត Mie បានរលំ។ ជាសំណាងអមិនមាននរណាម្នាក់រងរបួសពេលគ្រោះថ្នាក់កើតឡើងនោះទេ ប៉ុន្តែឧប្បត្តិហេតុនេះក៏បង្កឱ្យមានការរអាក់រអួលច្រើនដែរ។

ជាការពិតហេដ្ឋារចនាសម្ព័ន្ធអាចរិចរិល ប៉ុន្តែរដ្ឋាភិបាលទីក្រុងនិយាយថាបង្គោលភ្លើងទាំងនេះជាទូទៅមានអាយុកាលប្រហែល ៥០ ឆ្នាំមុននឹងត្រូវប្តូរថ្មី។ បង្គោលភ្លើងក្នុងឧប្បត្តិហេតុខាងលើត្រូវបានតំឡើងនៅឆ្នាំ ១៩៩៧ មានអាយុកាលតែ ២៣ ឆ្នាំប៉ុណ្ណោះ។

យោងតាមលទ្ធផលស៊ើបអង្កេតបានបង្ហាញថាមូលហេតុមិនត្រូវបំផ្លាញដោយចេតនារបស់នរណាម្នាក់ឡើយ។ មន្រ្តីប៉ូលីសបាន​កត់​សម្គាល់​ឃើញ​អ្នកស្រុកច្រើននាំឆ្កែដើរឆ្លងកាត់បង្គោលភ្លើង។

មន្ទីរពិសោធន៍ស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប៉ូលីសខេត្ត Mie បានសម្រេចធ្វើតេស្តត្រួតពិនិត្យកំហាប់អ៊ុយ សមាសធាតុអាសូតក្នុងទឹក​នោម​ត្រង់​ទីតាំង​បង្គោលភ្លើងរលំ និងបង្គោលភ្លើងម្ខាងទៀត។

លទ្ធផលបានបង្ហាញថាកំហាប់អ៊ុយត្រង់បង្គោលភ្លើងដែលរលំខ្ពស់ជាងដល់ទៅ ៨ ដងប្រៀបនឹងបង្គោលគ្មានឆ្កែដើរឆ្លងកាត់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀត លទ្ធផលក៏បានបង្ហាញផងដែរថាដីនៅជុំវិញបង្គោលភ្លើងមានកំហាប់អ៊ុយខ្ពស់ជាង ៤២ ដងប្រៀបនឹងកន្លែងផ្សេង។

រូបភាព NHK

ប៉ូលីសបានសន្និដ្ឋានថាមូលហេតុគឺបណ្តាលមកពីអ៊ុយបង្កើនល្បឿនច្រេះលោហៈជាពិសេសផ្នែកស្នូល។ ប្រធានមន្ទីរពិសោធន៍ Koji Takahashi បានពន្យល់ថា៖

“ទោះបីបរិមាណទឹកនោមរបស់សត្វឆ្កែនីមួយៗមិនអាចធ្វើអោយបង្គោលភ្លើងរលំតែសកម្មភាពដដែលៗក្នុងរយៈពេល​ច្រើនខែឬច្រើនឆ្នាំអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ” ។

រូបភាព https://www.saga-s.co.jp/articles/-/705811

លើសពីនេះលោកក៏សង្ឃឹមថាម្ចាស់ឆ្កែអោយវាជុះក្នុងផ្ទះជាជាងនាំទៅក្រៅក្នុងស្ថានភាពនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: