លោក Steve Jobs ចូលចិត្តគំនូរ Shin-Hanga របស់វិចិត្រករ Hasui Kawase
ពេលនិយាយពីបច្ចេកវិទ្យា លោក Steve Jobs មានចក្ខុវិស័យដែលលក្ខណៈសាមញ្ញ ងាយស្រួល និងសមសួន។ ដោយផ្អែកលើអ្នកស្គាល់ និងធ្វើការជាមួយលោក សោភ័ណភាពនេះរីកចម្រើនតាំងពីដំបូង ហើយទទួលឥទ្ធិពលច្រើនពីសិល្បៈជប៉ុន ជាពិសេសការបោះពុម្ពឆ្លាក់ឈើទំនើបឬគេហៅថា shin-hanga របស់វិចិត្រករ Kawase Hasui ។
លោក Steve Jobs មើលឃើញស្នាដៃរបស់លោក Kawase កាលគាត់នៅក្មេងម្ល៉េះ ពេលលោកទៅផ្ទះមិត្តភក្តិជិតស្និទ្ធ ហើយក៏ជាបុគ្គលិកផ្លូវការដំបូងរបស់ Apple គឺ Bill Fernandez ។
“លោក Steve Jobs ចូលចិត្តវិចិត្រករ Hasui ជាងអ្នកផ្សេងទៀត” ម្តាយរបស់លោក Bill ឈ្មោះ Bambi Fernandez បានអោយដឹងថា៖ “ពេលមកលេងលោកតែងតែឈរមើលផ្ទាំងគំនូរទាំងបី” ។ ផ្ទាំងគំនូរមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះលោក Steve Jobs ។
រូបភាព https://www3.nhk.or.jp/nhkworld/en/news/backstories/1681/
លោកស្រីនិយាយថាលោក Steve Jobs ចូលចិត្តជាងគេគឺ “ទឹកជ្រោះ Senju, Akame” ។ វិចិត្រករ Kawase ប្រើរចនាប័ទ្មសាមញ្ញក្នុងការបោះពុម្ព លុបចោលលក្ខណៈស្មុគស្មាញ ប៉ុន្តែនៅតែបង្ហាញពីភាពរស់រវើក និងសមសួន។ លោក Bill Fernandez ជឿជាក់ថានេះជាការជម្រុញដ៏អស្ចារ្យសម្រាប់លោក Steve Jobs ។
“យើងអាចមើលឃើញទឹកចិត្តរបស់លោក Steve Jobs ចំពោះភាពសាមញ្ញ និងការដុសខាត់ដូចជាផលិតផលដែលគាត់បានបង្កើតនៅ Apple” ។
“ទឹកជ្រោះ Senju, Akame” Kawase Hasui (1951)
Shin-hanga (新版画) គឺជាការនិយមសិល្បៈដើមសតវត្សរ៍ទី ២០ នៅជប៉ុនពាក់កណ្តាលសម័យ Taishō និងសម័យ Shōwa ។ Shin-hanga បានស្តារសិល្បៈ ukiyo-e ប្រពៃណីដែលចាប់ផ្តើមពីសម័យអេដូ និង Meiji (សតវត្សទី ១៧-១៩) ។ លោក Kawase ត្រូវគេចាត់ទុកជាអ្នកមានពេទកោសល្យរួមទាំង Katsushika Hokusai និង Utagawa Hiroshige ។
Watanabe Shoichiro អ្នកបោះពុម្ពផ្សាយ Shin-hanga និយាយថាអ្វីដែលកំណត់រចនាប័ទ្ម Shin-hanga គឺភាពសមសួន និងលក្ខណៈលម្អិត។ ទាំងនេះតម្រូវអោយមានបច្ចេកទេសរហ័សមោះមុត ដូច្នេះធ្វើផ្ទាំងគំនូរ Shin-hanga ចំណាយពេលច្រើនជាង។ ដើម្បីសម្រេចបានផ្ទាំងគំនូរ Shin-hanga អាចនឹងយូរជាង Ukiyo-e ដល់ទៅ ៥ ដង។
Watanabe គិតថាលោក Steve Jobs អាចមើលឃើញ “ញើស ឈាម និងទឹកភ្នែក” ក្នុងគំនូរ Shin-hanga នីមួយៗ ដូច្នេះទើបលោក Steve Jobs អោយតម្លៃ ហើយស្រលាញ់ចូលចិត្ត Shin-hanga យ៉ាងខ្លាំង។
លោក Steve Jobs ទិញផ្ទាំងគំនូរ Shin-hanga ចំនួន ៤៣ ផ្ទាំង ក្នុងនោះមាន ២៥ ផ្ទាំងរបស់វិចិត្រករ Kawase Hasui ប្រមូលបានរយៈពេល ២ ទសវត្សកន្លងមក។
Nishiyama Junko អ្នកមើលការខុសត្រូវសារមន្ទីរសិល្បៈទីក្រុង Chiba បានអោយដឹងថា៖ “ទិដ្ឋភាពគំនូរ Shin-hanga ដែលជនបរទេសចូលចិត្តរួមមានទិដ្ឋភាពព្រិលធ្លាក់ ខ្លោងទ្វារ Torii ទីសក្ការៈ និងរូបស្ត្រីកាន់ឆ័ត្រ។ ប៉ុន្តែលោក Steve Jobs មិនប្រមូលស្នាដៃបែបនោះទេ គាត់ចូលចិត្តភាពស្ងប់ស្ងាត់” ។
លោក Steve Jobs ទទួលមរណភាពឆ្នាំ ២០១១ ជន្មាយុ ៥៦ ឆ្នាំ។ កូនស្រីរបស់លោក Lisa Brennan-Jobs រៀបរាប់ប៉ុន្មានថ្ងៃចុងក្រោយរបស់ឪពុកនាងក្នុងសៀវភៅអនុស្សាវរីយ៍ “Small Fry” ។ នាងពណ៌នាពេលវេលាដែលឪពុកដេកលើគ្រែក្នុងបន្ទប់របស់គាត់ដូចតទៅ៖
“ក្នុងបន្ទប់ព្យួរផ្ទាំងគំនូរថ្ងៃលិចរបស់វិចិត្រករ Hasui Kawase ដែលត្រូវបានដាក់ស៊ុមយ៉ាងស្អាត។ ពន្លឺពណ៌ផ្កាឈូកចាំងលើជញ្ជាំងក្បែរគ្រែរបស់គាត់” ។
Japo Cambodia