ប្រជាជនជប៉ុនត្រឡប់ទៅស្រុកកំណើតដាំដំណាំដោយសារជំ​ងឺ​កូវីដ​១៩

បច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ១៩ រាតត្បាតកំពុងកើនឡើង នៅជប៉ុនមនុស្សជាច្រើនបានសម្រេចចេញពីក្រុងត្រឡប់ទៅស្រុកកំណើតដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួន។

ដោយឃើញថាមិនអាចបន្តអាជីវកម្មភោជនីយដ្ឋាន ក្រោមសម្ពាធ និងសម្រេចចិត្តចាប់ផ្តើមជីវិតដែលពេញទៅដោយ​ធម្ម​ជាតិ។ លោក Katsuhiko Kaneko អាយុ ៤៣ ឆ្នាំបានត្រលប់ទៅខេត្ត Saitama ជាកន្លែងដែលឪពុកម្តាយ​គាត់​រស់​នៅ។

នៅ Tokigawa ទីក្រុងដែលមានប្រជាជនប្រមាណ ១ ម៉ឺនគ្រួសារនៅតំបន់ភ្នំ Satama លោក Kaneko បើក Rakuya ដែលជាផ្ទះ​សំណាក់​ស្ថិត​ក្នុងតំបន់ព្រៃជាមួយអ្នកជិតខាងមួយចំនួន។

រូបភាព https://asia.nikkei.com/

យោងតាមសារព័ត៌មាន Nikkei បានអោយដឹងថាលោក Katsuhiko Kaneko និងភរិយារបស់គាត់ឈ្មោះ Yuka Abe អាយុ ២៨ ឆ្នាំ កំពុងព្យាយាមដោយមិនចាំបាច់ចំណាយកម្លាំងច្រើន។ ពួកគេដាំបន្លែជាច្រើនប្រភេទ ធ្វើឧបករណ៍ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀតដែលពួកគេត្រូវការ។

ប្តីប្រពន្ធលោកមិនកំណត់អ្វីចំពោះការបំពេញតម្រូវការនោះទេ ពួកគេក៏មិនចង់រស់នៅលាក់ខ្លួនទេ គ្រាន់តែចង់រស់នៅ​ផុតពីភាពតាន​តឹង​តាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។

ប្រជាជនជប៉ុនកំពុងហត់នឿយព្រោះត្រូវធ្វើការច្រើនម៉ោង ហើយត្រូវគ្រប់គ្រងទំនាក់ទំនងនៅក្រុមហ៊ុន។ ពួកគេចង់បានជីវភាពរស់នៅស្រួលជាងមុន ដោយមិនបារម្ភពីពេលវេលា និងលទ្ធផលការងារ។

ដូចប្តីប្រពន្ធលោក Kaneko និង Abe ដែលមនុស្សជាច្រើនក៏កំពុងចាកចេញពីទីក្រុងត្រឡប់ទៅស្រុកកំណើតដើម្បី​បំពេញសេចក្តីត្រូវការ និងធ្វើកសិកម្មខ្នាតតូច។

នៅក្នុងចំការរបស់លោក Kaneko និង Abe ពួកគេចិញ្ចឹមមេមាន់ចំនួន ៥ សម្រាប់ពង ហើយពួកគេក៏ដាំសណ្តែក​សៀង ប៉េងប៉ោះ ត្រប់ ឆៃថាវ ខ្ញី ការ៉ុត ស្រូវ និងស្រូវសាលីសម្រាប់ផ្គត់ផ្គង់អាហារប្រចាំថ្ងៃ។

រូបភាព https://asia.nikkei.com/

ដើម្បីរក្សាស្បៀងទុកបានយូរ ប្តីប្រពន្ធលោកធ្វើម្សៅសណ្តែកសៀង ប៉េងប៉ោះ ត្រប់គិនម៉ដ្ឋ ឆៃថាវ ខ្ញី ការ៉ុតត្រាំ។ ពួកគេធ្វើមី udon និងនំប៉័ងស្រូវសាលីដែលកិននៅរោងចក្រ។

ក្រៅពីនេះលោក Kaneko និង Abe បរិភោគរុក្ខជាតិដែលដុះដោយខ្លួនឯងក្នុងសួនច្បារដូចជា sugina និង yomogi ជាដើម។

រូបភាព https://asia.nikkei.com/

បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យលោក Kaneko ធ្វើការអោយក្រុមហ៊ុនមួយចំនួនមុនពេលចាប់ផ្តើមអាជីពជាចុង​ភៅ។ គាត់រៀនពីរបៀបប្រើកាំបិត hocho ជប៉ុននៅក្នុងភោជនីយដ្ឋាន Sushi ហើយរៀបចំអាហារពេលព្រឹកនៅសណ្ឋា​គារអូស្រ្តាលីមុននឹងបើកហាងកាហ្វេនៅហុងកុងជាមួយមិត្តភក្តិ។

លោក Kaneko ចំណាយពេល ១៧ ម៉ោងប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃ។ ប៉ុន្តែរយៈពេលធ្វើការនឿយហត់បានជះឥទ្ធិពល​យ៉ាងធ្ងន់​ធ្ងរ​ដល់​សុខភាពរបស់គាត់ វេជ្ជបណ្ឌិតម្នាក់និយាយប្រាប់គាត់ថាធ្វើការហួសកម្លាំងនឹងសម្លាប់គាត់។

បំណងប្រាថ្នាចង់រស់នៅជាមួយធម្មជាតិរបស់លោក Kaneko កាន់តែច្រើនឡើង ហើយជម្រុញអោយគាត់ឈប់អាជីវកម្មភោជនីយដ្ឋាន។ វិលត្រឡប់ទៅស្រុកកំណើត Saitama គាត់ធ្វើជាអ្នកគ្រប់គ្រងផ្ទះសំណាក់។

លោក Kaneko សុំឈប់ ហើយបើក Rakuya ក្នុងឆ្នាំ ២០១៩ ផ្ទះសំណាក់លក្ខណៈ minshuku តែងផ្គត់ផ្គង់អាហារ ២ ពេល សម្រាកមួយយប់ និងត្រាំទឹកបែបប្រពៃណី។

មុននោះលោក Kaneko ក៏ធ្លាប់ជួលដីដាំស្រូវ បន្លែ និងមើមដើម្បីបម្រើមុខម្ហូបដែលដាំដោយផ្ទាល់ដៃ។ ភរិយារបស់លោក​ក៏ជាមនុស្សស្រឡាញ់ធម្មជាតិ និងគាំទ្ររបៀបរស់នៅបែបនោះ។

រូបភាព https://asia.nikkei.com/

បន្ទាប់ពីអាចបំពេញតម្រូវការផ្ទាល់ខ្លួន ប្តីប្រពន្ធលោករៀបចំសិក្ខាសាលា និងធ្វើដំណើរជុំវិញប្រទេសជប៉ុនដោយ​ឡាន​ដឹក​ទំនិញ​តូច (kei-tora) ដែលនិយមតាមជនបទ។

នៅក្នុងសិក្ខាសាលានោះលោកស្រី Abe ផ្តោតសំខាន់លើការបង្រៀនប្រជាជនបច្ចេកទេសសម្ងួតរុក្ខជាតិ និងគ្រឿងផ្សំផ្សេងក្នុងប្រអប់ឈើដែលរចនាឡើងសម្រាប់ចាប់យកពន្លឺព្រះអាទិត្យ។ 

ចំការបន្លែរបស់លោក Kaneko និង Abe ធ្វើដំណើរពីផ្ទះសំណាក់ ៥ នាទី។ កាលដើមខែឧសភាប្តីប្រពន្ធនេះរវល់ប្រ​មូល​​ផល yomogi និងស្ពៃ hakusai ។ ស្រូវសាលីក៏រីកដុះនៅតាមវាលជាប់គ្នាដែរ។

ចំណាយពេលបើកបរ ៥ នាទីទៅដល់វាលស្រែ ភ្ជួរដី និងត្រៀមដាំដុះ។ សរុបទៅពួកគេដាំបន្លែ ស្រូវសាលី និងដំណាំផ្សេងៗទៀតលើផ្ទៃដីប្រមាណ ១៥ ម៉ឺនម៉ែត្រការ៉េស្មើនឹងកសិផលខ្នាតតូច។

ជាក់ស្តែងលោក Kaneko និង Abe មានភាពបត់បែនចំពោះការបំពេញតម្រូវការផ្ទាល់ខ្លួន។ ពួកគេទិញគ្រឿងទេស និងអាហារផ្សេងទៀតដែលពិបាកធ្វើនៅផ្ទះ។

ពួកគេក៏ទិញសាច់ ត្រីសម្រាប់ចម្អិនអាហារ អគ្គិសនី និងទឹកស្អាត។ ពួកគេមិនត្រូវការជីវិតលំបាក គោរពវិន័យ និងស៊ូទ្រាំនោះទេ។

ដើម្បីទិញរបស់របរមួយចំនួនដែលពួកគេត្រូវការលោក Kaneko និង Abe ត្រូវលក់បន្លែ និងមើមដែលពួកគេដាំបាន។ អាហារបរិភោគប្រចាំថ្ងៃ និងសម្រាប់ផ្គត់ផ្គង់ផ្ទះបាយ minshuku របស់ខ្លួន ពួកគាត់ទាំងពីរមានរបស់ជាច្រើនទៀតសម្រាប់លក់។ ពួកគេក៏រៀបចំព្រឹត្តិ​ការណ៍ប្រមូលផល និងចម្អិនអាហារផងដែរ។

ប្តីប្រពន្ធមួយគូនេះបានចាកចេញពីទីក្រុងត្រឡប់ទៅស្រុកកំណើត ដោយមិនចាត់ទុករបៀបរស់នៅបែបនោះជាការញែកខ្លួនចេញពីសង្គមនោះទេ។ 

លោក Kaneko និយាយថា “មនុស្សជាច្រើនមានអារម្មណ៍នឿយហត់នៅពេលធ្វើការច្រើនម៉ោង ដូចខ្ញុំពីមុនដែរ។ ទទួលយកជីវិតឯក​រាជ្យ​បំពេញតម្រូវការផ្ទាល់ខ្លួន”។

សេរីភាពដែលគាត់លើកឡើងជាតម្លៃផ្នែកស្មារតីជាជាងមាសប្រាក់ អនុញ្ញាតអោយអ្នកចូលរួមសង្គមតាមលក្ខណៈថ្មីដោយមិនធ្វើអោយអ្នកមានសម្ពាធ។ លោក Kaneko និងភរិយារបស់គាត់ចង់ចែករំលែកទស្សនៈនេះចំពោះមនុស្ស​គ្រប់គ្នា ហើយរកឃើញជីវិតបែបនោះ។

កាលពីថ្ងៃទី ៦ ខែឧសភាលោកស្រី Abe ថ្លែងសន្ទរកថាស្តីពីជីវិតដែលអាចបំពេញសេចក្តីត្រូវការខ្លួនឯងបាននៅ “សាកលវិទ្យាល័យសេរីភាព” ស្រុក Omotesando ទីក្រុង Tokyo ។ មុននោះ blog របស់លោកស្រី Abe ទាក់ទាញចំណាប់អារម្មណ៍បុគ្គលិកសាកលវិទ្យាល័យ។ ពួកគេអញ្ជើញលោកស្រីមកធ្វើសន្ទរកថាចំពោះប្រធាននេះ។

គោលបំណងរបស់លោកស្រី Abe គឺថា “ចេញពីភាពអវិជ្ជមាននៃការងារ និងមមាញឹក បន្ទាប់មកព្យាយាមកាត់បន្ថយ​ភាពតានតឹងតាម​រយៈ​ការ​ប្រើប្រាស់” ។

នៅថ្ងៃដដែលនោះលោក Kaneko ក៏ត្រូវបានគេអញ្ជើញឱ្យមាន​ប្រសាសន៍ក្នុងនាមជាសាស្ត្រាចារ្យកិត្តិយសផងដែរ។ គាត់និយាយពីអាថ៌កំបាំងថែសួនសម្រាប់ដាំបន្លែច្រើនប្រភេទ។

លោកមានប្រសាសន៍ថា “យើងកំពុងព្យាយាមបំពេញសេចក្តីត្រូវការផ្ទាល់ខ្លួនដោយមិនចំណាយកម្លាំងច្រើន ហើយអ្នកក៏មិនចាំបាច់ត្រូវទប់ចិត្តទាំងស្រុងនោះដែរ” ។

មនុស្សម្នាក់ឈ្មោះ Jiro Fukai អាយុ ៤១ ឆ្នាំ អ្នកនាំមុខសាកលវិទ្យាល័យសេរីនិយាយថាជំងឺរាតត្បាតធ្វើអោយ​កើនចំនួនមនុស្សចង់ធ្វើអ្វីៗដែលពួកគេត្រូវការប្រចាំថ្ងៃ។ Fukai និយាយថាមនុស្សជាច្រើនមានការគិតថ្មីចំពោះជីវិត​សព្វថ្ងៃរបស់ខ្លួន។ កាលពីឆ្នាំមុនពេលពួកគេឃើញក្នុងផ្សារទំនើបធ្នើអាហារលក់អស់។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: