គន្លឹះគ្រប់គ្រងប្រាក់របស់ជនជាតិជប៉ុនជួយអ្នកអោយក្លាយជាអ្នកមាន

ភាគច្រើនមានឬក្រអាស្រ័យលើរបៀបគ្រប់គ្រងប្រាក់របស់មនុស្សម្នាក់ៗ ទោះបីប្រាក់ច្រើនយ៉ាងណាក៏អាចរលាយអស់​ដែរបើគ្មានផែនការចំណាយ និងការងារ។

រៀនពីរបៀបគ្រប់គ្រងប្រាក់ដើម្បីក្លាយជាអ្នកមានជាជាងទុកអោយប្រាក់គ្រប់គ្រងអ្នក។ ស្វែងយល់ពីគន្លឺះងាយៗ​ជួយសន្សំប្រាក់របស់ប្រជាជនជប៉ុនជាមួយនឹង JAPO ទាំងអស់គ្នា។

យើងទាំងអស់គ្នាចង់សន្សំប្រាក់ ប៉ុន្តែហេតុអ្វីបានជាវិធីសាស្រ្តទាំងឡើយគ្មានប្រសិទ្ធិភាព?

ប្រសិនបើអ្នកតែងជួបការលំបាកក្នុងការសន្សំប្រាក់ អ្នកគួរតែពិនិត្យមើលក្បួនសន្សំប្រាក់ដ៏ល្អដែលគេហៅថាវិធីសាស្ត្រ Kakeibo (សៀវភៅចំណាយ) ។

ដំបូងត្រៀមប៊ិចរៀនពីរបៀបដែលជនជាតិជប៉ុនភាគច្រើនកំពុងប្រើខាងក្រោម។

ជំហានទី ១៖ រៀបចំសៀវភៅសម្រាប់កត់ចំណាំ

ប្រហែលជាអ្នកកំពុងត្រូវហ៊ុំព័ទ្ធដោយកម្មវិធីឆ្លាតវៃក្នុងការគ្រប់គ្រងប្រាក់។ វិធីសាស្រ្តនេះតម្រូវអោយអ្នកលះបង់បច្ចេក​វិទ្យា​ទាំង​នោះ ហើយត្រឡប់ទៅរកវិធីសាស្រ្តសរសេរដៃដូចកាលនៅរៀន។

រូបភាព https://brightside.me/

យោងតាមការស្រាវជ្រាវអ្នកអាចនឹងចងចាំបានច្រើនបើសរសេរដៃជាជាងវាយលើអេក្រង់។

Kakeibo មានន័យថាសៀវភៅចំណាយក្នុងគ្រួសារ តាំងពីឆ្នាំ ១៩០៤ ។ Hani Motoko ជាអ្នកបង្កើតវិធីសាស្រ្តនេះ ហើយ​លោកស្រីត្រូវគេចាត់ទុកជាអ្នកកាសែតស្ត្រីដំបូងគេនៃប្រទេសជប៉ុន។

ជំហានទី ២៖ រៀបចំផែនការប្រាក់ចំណូលប្រចាំខែ

ឥឡូវនេះអ្នកមានសៀវភៅហើយ តើអ្នកនឹងសរសេរអ្វីនៅក្នុងនោះ?

អ្វីដែលសំខាន់ជាងគេ ចូរសរសេរប្រភពចំណូលទាំងអស់របស់អ្នក និងប្រាក់ដែលរកបានក្នុងមួយខែ។

រូបភាព https://brightside.me/

ចែកជួរឈរជា ៤ សម្រាប់កត់ត្រាប្រាក់ចំណូលក្នុងមួយសប្តាហ៍។ បែងចែកប្រាក់ចំណូលរបស់អ្នកតាមពណ៌ឬតាមរបៀប​ដែលអ្នកចូលចិត្តអាស្រ័យគំនិងរបស់អ្នក។ ឧទាហរណ៍៖

ដើមខែចូរកត់ត្រាប្រាក់ចំណូលដែលអ្នកដឹងច្បាស់ពណ៌ក្រហម ប្រាក់ចំណូលផ្សេងទៀតអាចសម្គាល់ដោយពណ៌ផ្សេង (ពណ៌បៃតងដូចបង្ហាញក្នុងរូប) ។

សូមកត់ចំណាំអោយបានច្បាស់ និងញែកដោយឡែកចំនួនទឹកប្រាក់ដែលកត់សម្គាល់លម្អិត (ប្រាក់ខែ ប្រាក់លក់ផលិត​ផល ប្រាក់បំណុល) ជាដើម។

ជំហានទី ៣៖ ផែនការសន្សំប្រចាំខែ

រូបភាព https://brightside.me/

បន្ទាប់មកគូរតារាងមួយទៀតសរសេរចំនួនទឹកប្រាក់ដែលអ្នកចង់សន្សំ​រាល់សប្តាហ៍។ សំខាន់អ្នកត្រូវសម្រេចចំនួនប្រាក់នេះមុនពេលចាប់ផ្តើមរៀបចំផែនការចំណាយ។

ជំហានទី ៤៖ ផែនការចំណាយប្រចាំខែ

រូបភាព https://brightside.me/

ជំហានបន្ទាប់រៀបចំផែនការកាត់បន្ថយចំណាយប្រចាំខែរបស់អ្នក ដោយសរសេរការចំណាយថេរប្រចាំខែដូចជាថ្លៃឈ្នួល ថ្លៃទឹកភ្លើង ថ្លៃទូរស័ព្ទឬវិក័យប័ត្រអុីនធឺណេត ។ល។

ជំហានទី ៥៖ រៀបចំផែនការចំណាយផ្សេងទៀត

ចំនួនទឹកប្រាក់ដែលនៅសល់បន្ទាប់ពីអ្នកដកការចំណាយទូទៅ និងអ្វីដែលចង់សន្សំគឺជាប្រាក់អ្នកអាចចំណាយ។ ចំនួននេះត្រូវបាន​បែង​ចែក​ជា ៤ ចំណុច។

រូបភាព https://brightside.me/

ចំណុចទីមួយចំណាយប្រចាំថ្ងៃដូចជាអាហារ សម្លៀកបំពាក់ សម្ភារគ្រួសារជាដើម។

ចំណុចទីពីរការចំណាយខាងវប្បធម៌ និងការអប់រំដែលអាចរួមបញ្ចូលសំបុត្រចូលទស្សនាការតាំងពិព័រណ៍សារ​មន្ទីរ​ឬ​វគ្គ​សិក្សា។

ចំណុចទីបីគឺកម្សាន្ត។

ចំណុចទីបួនគឺ (អ្វីផ្សេងៗទៀត) ប្រសិនបើមានការចំណាយដែលអ្នកមិនដឹងថាស្ថិតក្នុងចំណុចណាមួយ អ្នកអាចបន្ថែមក្នុងចំណុចនេះ។

ធ្វើឱ្យមានតុល្យភាពចំនួនទឹកប្រាក់ដែលបានចំណាយលើចំណុចទាំង ៤ អាស្រ័យលើតម្រូវការរបស់មនុស្សម្នាក់ៗ។

ជំហានទី ៦៖ គូរបន្ទាត់ត្រង់

រហូតដល់ចុងខែ ចូរវិភាគគ្រប់យ៉ាង ហើយពិនិត្យមើលថាតើអ្នកនៅក្នុងដែនកំណត់ដែរទេ។ អ្នកនឹងមើលឃើញចំនួនទឹកប្រាក់ដែលកំពុងចំណាយលើវត្ថុមិនចំបាច់ ហើយអ្នកអាចរៀបចំគំរោងចំណាយល្អសម្រាប់ខែបន្ទាប់។

រូបភាព https://brightside.me/

វិធីសាស្រ្តនេះជួយអោយអ្នកគ្រប់គ្រងរាល់ប្រាក់ចំណូល និងចំណាយយ៉ាងលម្អិត។ គោលដៅគឺដើម្បីបង្កើនប្រាក់សន្សំ​របស់អ្នក។

រូបភាព https://brightside.me/

ប្រសិនបើអ្នកនៅសល់ប្រាក់អាចដាក់ក្នុងគណនីសន្សំឬវិនិយោគ។

សំណួរមួយចំនួនដែលអ្នកត្រូវឆ្លើយដោយខ្លួនឯង

គ្មានបច្ចេកវិទ្យា គ្មានការគណនាស្មុគស្មាញគ្រាន់តែសួរខ្លួនឯងនូវសំណួរទាំងនេះ នោះអ្នកនឹងសន្សំប្រាក់បានច្រើន។

  • តើអ្នករកប្រាក់បានប៉ុន្មាន?
  • តើអ្នកចង់សន្សំប្រាក់ប៉ុន្មាន?
  • តើអ្នកនឹងចំណាយប្រាក់ប៉ុន្មាន?
  • តើអ្នកនឹងធ្វើអ្វីដើម្បីអោយប្រសើរឡើង?

រូបភាព https://brightside.me/

ជាជាងការផ្តោតលើអ្វីដែលអ្នកគ្មានលទ្ធភាព អ្នកគួរផ្តោតលើអ្វីដែលសំខាន់និងចាំបាច់ក៏ដូចជាអ្វីដែលអ្នកមានលទ្ធភាព។

គួរតែមានសៀវភៅកត់ត្រាចំនួន ២ ក្បាល។

បន្ទាប់ពីអ្នកបានកត់ត្រារាល់ប្រាក់ចំណូល ចំណាយ និងប្រាក់សន្សំរបស់ខ្លួន ចូរទិញសៀវភៅកត់ត្រាមួយក្បាលទៀត។ សៀវភៅតូចមួយក្បាលងាយយកតាមខ្លួន។

រូបភាព https://brightside.me/

លើសពីនេះរៀបចំតារាងទំនិញរាល់ពេលដែលអ្នកទៅទិញឥវ៉ាន់ ព្រោះវាជួយអោយអ្នកអាចគ្រប់គ្រងការចំណាយ។

តើទម្លាប់ចំណាយរបស់អ្នកដូចម៉េច? ប្រសិនបើអ្នកធ្លាប់ប្រើវិធីសាស្រ្តនេះពីមុនមក តើអ្នកសន្សំបានប៉ុន្មាន? សូមចែករំលែកជាមួយអ្នកអាន JAPO ផងណា!

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: