សិប្បករធ្វើមួក Minachi-gasa ចុងក្រោយឈានចូលអាយុ ១០០ ឆ្នាំ
Minachi-gasa គឺជាសិប្បកម្មធ្វើមួកប្រពៃណីមកពីតំបន់ភ្នំ Kumano ខេត្ត Wakayama ។ នៅចុងសម័យ Heian (៧៩៤-១១៨៥) ក្នុងសង្គ្រាមជាមួយត្រកូល Genji រីឯត្រកូល Heike ត្រូវចាញ់។
សមាជិកមួយចំនួននៃត្រកូល Heike បានផ្លាស់លំនៅទៅតំបន់ Kumano ហើយចាប់ផ្តើមជីវិតថ្មីដោយប្រកបរបរធ្វើមួក Minachi-gasa ពីដើមតាត្រៅ។ ពួកគេលក់ទៅឱ្យអ្នកធ្វើធម្មយាត្រាទៅកាន់ទីសក្ការៈបូជា Shinto ធំៗទាំង ៣ មានឈ្មោះថា “Kumano Sanzan” ដែលត្រូវបានទទួលស្គាល់ដោយយូណេស្កូជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងខេត្ត Wakayama ។
រូបភាព https://mainichi.jp/
ដំបូងមួកមានឈ្មោះហៅថា Kisen-gasa ជាមួយ Kisenbo មានន័យថាខ្ពស់ និងទាប មួកសម្រាប់ទាំងអភិជន និងមនុស្សសាមញ្ញ។ តែឥលូវនេះគេហៅមួកនេះថា Minachi-gasa តាមឈ្មោះកន្លែងផលិតនៅ Hongucho Minachi ទីក្រុង Tanabe ។ Minachi -gasa ត្រូវបានគេទទួលស្គាល់ជាសិប្បកម្មប្រពៃណីខេត្ត Wakayama ក្នុងឆ្នាំ ១៩៩០ ។
រូបភាព https://www.agara.co.jp/
ដំណើរការធ្វើមួក Minachi-gasa ត្រូវឆ្លងកាត់ ៨ ដំណាក់កាល សិប្បករត្រូវធ្វើយ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្ន ទើបអាចផលិតមួកដែលមានអង្កត់ផ្ចិតប្រហែល ៤០ សង់ទីម៉ែត្រយ៉ាងរលោង។ ដំបូងគេកាប់ដើមតាត្រៅ Kumano Hinoki បន្ទាប់មកឈូសឈើធ្វើយ៉ាងណាអោយវារលោងស្អាត។
ចិតតាមកម្រាស់ខុសៗគ្នា និងរបៀបចាក់លើមួក ដោយផ្អែកលើវិចារណញាណ និងជំនាញដែលចេះរាប់ឆ្នាំមក សិប្បករអាចធ្វើចេញជាបន្ទះឈើគួរអោយភ្ញាក់ផ្អើល។
សិប្បកម្មប្រពៃណីមានប្រវត្តិជាង ១០០០ ឆ្នាំមកហើយ ប៉ុន្តែ Minachi-gasa កំពុងបាត់បន្តិចម្តងៗ។
រូបភាព https://www.pref.wakayama.lg.jp/
ថ្មីៗនេះលោក Yasuo Shiba គម្រប់ខួបកំណើត ១០០ ឆ្នាំកាលពីខែមករាឆ្នាំ ២០២១ ។ គាត់ជាសិប្បករចុងក្រោយនៅខេត្ត Wakayama ។
លោកប្រកបរបរសិប្បកម្ម Minachi-gasa តាំងពី ៧០ ឆ្នាំមុន ហើយត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ចំពោះទេពកោសល្យជាមួយពានរង្វាន់កិត្តិយសជាច្រើន។ នៅឆ្នាំ ១៩៧៩ លោកត្រូវបានរដ្ឋបាលខេត្ត Wakayama ទទួលស្គាល់ជាគ្រូសិប្បករម្នាក់ ហើយគាត់ទទួលបានមេដាយមាសបូរក្នុងឆ្នាំ ១៩៨៥ ឆ្នាំ ២០១៦ ទីក្រុង Wanabe បានប្រគល់ពានរង្វាន់វប្បធម៌ដល់គាត់។
រូបភាព http://www2.w-shokokai.or.jp
ចាប់តាំងពីសម័យ Heisei លោក Yasuo Shiba បានព្យាយាមបង្រៀនសិស្ស ប៉ុន្តែគ្មាននរណាម្នាក់បន្តអាជីពបានយូរនោះទេ ព្រោះប្រឈមនឹងឧបសគ្គច្រើន។ ដើម្បីក្លាយជាសិប្បករធ្វើមួកប៉ិនប្រសប់ម្នាក់ សិស្សត្រូវចេះគ្រប់ដំណាក់កាលទាំងអស់តាំងពីការរើសទិញសម្ភារៈរហូតដល់ការចាក់ផ្នែកនីមួយៗ និងចេញជាផលិតផលសម្រេច។
រូបភាព https://readyfor.jp/
លោកបានចែករំលែកថា “ដូច្នេះ Shiba ក្លាយជាសិប្បករធ្វើមួកចុងក្រោយនៃទសវត្សឆ្នាំ ១៩៦០” ។
“ការងារនេះជាកម្លាំងជម្រុញរបស់ខ្ញុំ ដូច្នេះខ្ញុំចង់បន្តរហូតដល់ខ្លួននៅតែចាក់បាន។ ដោយពឹងលើមនុស្សនៅជុំវិញទើបខ្ញុំអាចបន្តធ្វើមួក Minachi-gasa រហូតមកដល់សព្វថ្ងៃ។ ខ្ញុំតែងតែរក្សាការប្តេជ្ញាចិត្តមិនផលិតមួកដែលខុសទេ។ ខ្ញុំពិតជាសោកស្តាយដែលប្រពៃណីធ្វើមួកបញ្ឈប់ត្រឹមខ្ញុំ ដូច្នេះខ្ញុំចង់ធ្វើមួក Minachi-gasa អោយកាន់តែច្រើន” ។
ដោយសារជំហាននីមួយៗត្រូវផ្ចិតផ្ចង់ ដូច្នេះតាំងពីក្មេងរហូតមកគាត់ធ្វើមិនលើសពីរក្នុងមួយថ្ងៃនោះទេ។ កម្រាស់ឈើតាត្រៅត្រូវបានសិប្បករវាស់ដោយដៃជាមួយនឹងបទពិសោធរាប់ឆ្នាំរបស់ខ្លួន។
លោក Shiba និយាយអំពីប្រភេទឈើតាត្រៅដែលគាត់ប្រើ។
“ប្រសិនបើអ្នកប្រើច្រើនមួកនឹងកាន់តែភ្លឺរលោងហើយប្រែទៅជាពណ៌បៃតងចាស់បន្តិចម្តងៗ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគំនិតរបស់មនុស្សសម័យបុរាណ” ។
ឈើតាត្រៅជាប្រភេទឈើពិសេសស្វិត មិនងាយបាក់ មានក្លិនក្រអូប និងស្រាល។ វាមានមុខងារមិនជ្រាបទឹក សាកសមសម្រាប់ធ្វើមួកបាំងភ្លៀង ពន្លឺព្រះអាទិត្យសម្រាប់អ្នកធ្វើធម្មយាត្រាតាមបណ្តោយផ្លូវ Kumano ។
ជាទូទៅអ្នកពាក់មួក Minachi-gasa មានដូចជាអ្នកធម្មយាត្រានៅ Kumano អ្នកនេសាទ កសិករ។ ក្រៅពីនេះអាចប្រើសម្រាប់តុបតែងគ្រឿងសង្ហារឹមផងដែរ។
ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍មួយនៅសង្កាត់ Hongucho ទីក្រុង Tanabe កំពុងលក់មួក Minachi gasa របស់លោក Shiba បាននិយាយថា “មួកនេះលក់ក្នុងតម្លៃ ៨.៨០០ យ៉េន ហើយវាលក់ដាច់ខ្លាំងណាស់។ ខ្ញុំកំពុងរង់ចាំមួកថ្មីបញ្ជូនមក ព្រោះខ្ញុំទទួលបានការបញ្ជាទិញច្រើនទូទាំងប្រទេស” ។
Yuki