កូរ៉េខឹងសម្បារយ៉ាងខ្លាំងស្នើកែសម្រួលផែនទីភ្លើងគប់ព្រឹត្តិ​ការណ៍អូឡាំពិក

ប្រទេសកូរ៉េខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីផែនទីនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូបង្ហាញពីកោះជម្លោះរវាងប្រទេស​ទាំងពីរត្រូវបាន​គូស​សម្គាល់ថាជាទឹកដីរបស់ជប៉ុន។

ក្រសួងការបរទេសកូរ៉េបានអោយដឹងថាពួកគេបានកោះហៅលោក Hirohisa Soma អនុប្រធានទូតជប៉ុនប្រចាំនៅ​ទីក្រុង Seoul មកស្នើសុំអោយកែប្រែផែនទី។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េលោក Choi Young-sam ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនពេលកោះហៅ។

រូបភាព https://www.reuters.com/

កូរ៉េហៅកោះតូចៗថា Dokdo រីឯជប៉ុនហៅថា Takeshima ស្ថិតនៅភាគសមុទ្រខាងកើតនៃប្រទេសកូរ៉េចម្ងាយប្រហែល ២២៥ គីឡូម៉ែត្រ។ ទោះបីកូរ៉េគ្រប់គ្រងប្រជុំកោះ ប៉ុន្តែជប៉ុនក៏អះអាងម្ចាស់កម្មសិទ្ធិផងដែរ។

កោះទាំងនោះស្ថិតនៅចំណុចកណ្តាលនៃជម្លោះទឹកដីរាប់ទសវត្សរវាងប្រទេសទាំងពីរ។ នៅលើផែនទីបង្ហាញផ្លូវធ្វើដំណើររបស់ក្រុមភ្លើងគប់អូឡាំពិកដែលត្រូវបានជប៉ុនប្រកាស។ ប្រជុំកោះនេះត្រូវបានគូសសម្គាល់ជាកម្មសិទ្ធិរបស់ទឹកដីជប៉ុន។

ទីក្រុងតូក្យូបានបដិសេធសំណើរកែសម្រួលផែនទីរបស់សេអ៊ូល។ លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យនិយាយជាមួយអ្នកសារព័ត៌មានថា “កោះ Takeshima គឺជាទឹកដីកម្មសិទ្ធិរបស់ប្រទេសជប៉ុនយោងតាម​អង្គហេតុប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ យើងមិនអាចទទួលយកការបដិសេធរបស់ភាគីកូរ៉េនោះទេ” ។

អ្នកនាំពាក្យលោក Choi មិនបានបញ្ជាក់អំពីការអំពាវនាវមិនអោយចូលរួមព្រឹត្តិការណ៍អូឡាំពិកនោះទេ គ្រាន់តែនិយាយ​ថារដ្ឋាភិបាលនឹងឃ្លាំមើលស្ថានការណ៍នេះយ៉ាងតឹងរ៉ឹង និងប្រឆាំងការទាមទារទឹកដីរបស់ជប៉ុន។

ប្រទេសទាំងពីរធ្លាប់មានភាពចម្រូងចម្រាសប្រហាក់ប្រហែលគ្នាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរំហើយឆ្នាំ ២០១៨ នៅប្រទេសកូរ៉េ ពេលនោះជប៉ុនជំទាស់ដាក់រូបកោះលើទង់ជាតិបង្ហាញពីឧបទ្វីបកូរ៉េត្រូវបានបង្រួបបង្រួម ដែល​គេ​ប្រើនៅពេលអត្តពលិកមកពី​ប្រទេស​កូរ៉េ​ខាងត្បូង និងកូរ៉េខាងជើងហែក្បួនបើកសម្ភោធ។

ទំនាក់ទំនងរវាងកូរ៉េ និងជប៉ុននៅតែស្ថិតក្នុងបរិបទជម្លោះប្រជុំកោះ និងបញ្ហាសំណងសម្រាប់ជនរងគ្រោះដែលត្រូវង្ខំឱ្យធ្វើការក្នុងផ្ទះបនយោធាអំឡុងអាណានិគមជប៉ុនពីឆ្នាំ ១៩១០ ដល់ ១៩៤៥ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: