នាយក​ប្រតិបត្តិចំណាស់ជាងគេរបស់ជប៉ុនចូលនិវត្តន៍នៅអាយុ ៩៥ ឆ្នាំ

បន្ទាប់ពីគ្រប់គ្រងក្រុមហ៊ុនអស់រយៈពេល ៦ ទសវត្សមកហើយ លោកនាយក​ប្រតិបត្តិចំណាស់ជាងគេនៃក្រុមហ៊ុនចុះ​បញ្ជីជប៉ុនបានចូល​និវត្តន៍នៅអាយុ ៩៥ ឆ្នាំ។

លោក Nobutsugu Shimizu ស្ថាបនិកក្រុមហ៊ុន Life Corp., បានលាលែងពីតំណែងជានាយកប្រតិបត្តិ ក្រោយរយៈពេល​ជាង ៦០ ឆ្នាំគ្រប់គ្រងខ្សែសង្វាក់ផ្សារទំនើបដែលឈានមុខគេនៅជប៉ុន។

រូបភាព https://www.bloomberg.com/

យោងតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ទទួលបានលោក Shimizu អាយុ ៩៥ ឆ្នាំជានាយក​ប្រតិ​បត្តិ​ចំណាស់​ជាងគេនៅក្នុងប្រទេសជប៉ុន។ លោក Shimizu មានអាយុចាស់ជាងមហាសេដ្ឋី Warren Buffett ៥ ឆ្នាំដែលជានាយកចាស់ជាងគេនៃក្រុមហ៊ុនចុះបញ្ជីនៅអាមេរិក។

លោក Nobutsugu Shimizu បង្កើតក្រុមហ៊ុន Life Corp ក្នុងឆ្នាំ ១៩៥៦ ហើយបន្តដឹងនាំចាប់តាំងពីពេលនោះ​មក។ គាត់តែងតែកាន់តំណែងជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Life Corp., ដែលជាម្ចាស់ និងប្រតិបត្តិការផ្សារទំនើបប្រហែល ២៨០ កន្លែងនៅប្រទេស​ជប៉ុន។

នៅឆ្នាំ ២០០១ លោក Shimizu បានឈរឈ្មោះបោះឆ្នោតរដ្ឋសភាជាតិជប៉ុន ក្នុងនាមជាបេក្ខជននៃគណបក្សប្រជា​ធិបតេយ្យសេរី ប៉ុន្តែមិនទទួលបានជោគជ័យ។

រហូតដល់ឆ្នាំ ២០០៦ លោកបានប្រគល់តួនាទីប្រធានក្រុមហ៊ុន Life Corp ទៅអោយ Takaharu Iwasaki ជាអ្នកដែលគាត់បានចំណាយពេលពីរឆ្នាំបញ្ចុះបញ្ចូលប្តូរការងារពីក្រុមហ៊ុន Mitsubishi Corp ។ បច្ចុប្បន្នក្រុមហ៊ុន Mitsubishi កាន់ភាគហ៊ុនជាង ២០% ក្នុងក្រុមហ៊ុន Life Corp។

ក្រោយមកលោក Shimizu នៅតែទទួលតួនាទីជានាយក និងប្រធានក្រុមប្រឹក្សាភិបាលរយៈពេល ១៥ ឆ្នាំទៀតរហូត​ដល់​ចូល​និវត្តន៍។

បន្ទាប់ពីចូលនិវត្តន៍លោកនៅតែទទួលតួនាទីជាប្រធានកិត្តិយសក្រុមហ៊ុនដដែល។

ក្រុមហ៊ុន Life Corp បានអោយដឹងក្នុងសេចក្តីថ្លែងការណ៍ថាលោក Shimizu មានបំណងបន្តចូលរួមចំណែកដល់ការ​រីកចម្រើនរបស់ក្រុមហ៊ុនក្រោមតួនាទីថ្មីរបស់ខ្លួន។

ការចូលនិវត្តន៍របស់លោក Shimizu នឹងបន្ថយអាយុមធ្យមរបស់នាយកប្រតិបត្តិនៅទីក្រុងតូក្យូ។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: