បុរសម្នាក់ទុកចោលសាកសពឪពុកម្តាយក្នុងផ្ទះរយៈពេល ៣ ខែព្រោះគ្មានប្រាក់ធ្វើបុណ្យសព
នៅជប៉ុនបុរសអាយុ ៦១ ឆ្នាំម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីទុកចោលសាកសពរបស់ឪពុកម្តាយខ្លួនក្នុងផ្ទះរយៈពេល ៣ ខែ ដោយសារតែគាត់គ្មានប្រាក់ធ្វើបុណ្យសព។
ប៉ូលីសខេត្ត Kanagawa បានចាប់ខ្លួនបុរសអាយុ ៦១ ឆ្នាំម្នាក់ក្រោយពេលដឹងថាគាត់ទុកសាកសពឪពុកម្តាយក្នុងផ្ទះនៅទីក្រុង Yokohama ។
រូបភាព https://www.tokyoreporter.com/
យោងតាម NHK បានអោយដឹងបុរសដែលត្រូវចាប់ខ្លួនមានឈ្មោះថា Kiyoshi Suzuki ជាមនុស្សគ្មានការងារធ្វើ។ កាលពីថ្ងៃទី ២៧ ខែឧសភាប៉ូលីសចាប់ខ្លួនគាត់ពីបទទុកចោលសាកសព។
លោក Kiyoshi Suzuki និយាយប្រាប់ប៉ូលីសថា “ឪពុកខ្ញុំទទួលមរណភាពកាលពីខែកុម្ភៈ ហើយមួយខែក្រោយមកម្តាយខ្ញុំក៏ទទួលមរណភាពដែរ។ ខ្ញុំមិនបានរាយការណ៍ទៅមន្ទីរពេទ្យព្រោះខ្ញុំគ្មានប្រាក់” ។
លោក Suzuki រស់នៅជាមួយឪពុកម្តាយក្នុងតំបន់ Kohoku ទីក្រុង Yokohama អ្នកម្តាយឈ្មោះ Hatsue អាយុ ៨៥ ឆ្នាំ និងឪពុកឈ្មោះ Haruo អាយុ ៨៨ ឆ្នាំ។
កាលពីថ្ងៃទី ១២ ខែឧសភាចៅប្រុសលោកយាយ Hatsue ទូរស័ព្ទទៅប៉ូលីសព្រោះមិនអាចទំនាក់ទំនងជាមួយសាច់ញាតិ។ បន្ទាប់មកមន្រ្តីប៉ូលីសម្នាក់ត្រូវបានបញ្ជូនទៅត្រួតពិនិត្យផ្ទះនៅតំបន់ Kohoku ។
នៅទីនោះប៉ូលីសរកឃើញសាកសពចំនួនពីររុំភួយក្នុងបន្ទប់ទទួលភ្ញៀវ។
ប៉ូលីសនិយាយថាពួកគេមិនបានរកឃើញរបួសលើសាកសពទាំងពីរនោះទេ មូលហេតុនៃការស្លាប់មិនទាន់ត្រូវបានគេកំណត់ដោយសារសពរលួយព្រោះត្រូវទុកចោលរយៈពេល ២ ទៅ ៣ ខែ។
នៅពេលរកឃើញប៉ូលីសបាត់តម្រុយរបស់លោក Kiyoshi Suzuki ប៉ុន្តែកាលពីថ្ងៃទី ២៦ ខែឧសភាប៉ូលីសសាកសួរលោក Suzuki បន្ទាប់ពីរកឃើញគាត់នៅក្នុងបារ៍តំបន់ Kohoku ។ បច្ចុប្បន្នលោក Suzuki ត្រូវចាប់ខ្លួនជាផ្លូវការ។
គួរជម្រាបជូនថានៅពេលត្រូវចាប់ខ្លួនក្នុងហោប៉ៅលោក Suzuki សល់ប្រាក់តែ ៣០ ម៉ឺនយ៉េនប៉ុណ្ណោះ។
Japo Cambodia