លោកតាម្នាក់បរិច្ចាគប្រាក់ដែលគាត់សន្សំតាំងពីថ្នាក់ទី ១ ចំនួន ៦០ លានយ៉េនជូនទីក្រុងនៅជាយក្រុងតូក្យូ

លោកតាជនជាតិជប៉ុនម្នាក់មិនបញ្ចេញឈ្មោះបានបរិច្ចាគប្រាក់ដែលគាត់សន្សំទាំងអស់ជូនទីក្រុងនៅជាយក្រុង​តូក្យូ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP បុរសជនជាតិជប៉ុនវ័យចំណាស់ម្នាក់ដែលមិនបញ្ចេញឈ្មោះមានអាយុប្រហែលជា ៧០-៨០ ឆ្នាំបង្ហាញ​ខ្លួននៅសាលាក្រុង។

រូបភាព https://www.ndtv.com/

មន្ត្រីម្នាក់បានអោយដឹងថាក្នុងកាបូបស្ពាយមានសំបុត្រមួយច្បាប់ និងប្រាក់ដែលលោកតាបានសន្សំតាំងពីរៀន​បឋម​សិក្សា​រហូតមកដល់បច្ចុប្បន្ន។

“យើងរកឃើញសាច់ប្រាក់ ៦០ លានយ៉េន និងសំបុត្រមួយច្បាប់សរសេរថា៖ នេះជាប្រាក់សន្សំតាំងពីថ្នាក់ទី ១ របស់ខ្ញុំ សូមប្រើវាឱ្យមានប្រសិទ្ធភាព ខ្ញុំចង់បរិច្ចាគទឹកប្រាក់នេះ” ។

មន្រ្តីក្រុងម្នាក់បានបន្ថែមទៀតថា “យើងមិនដែលទទួលបានទឹកប្រាក់ដ៏ច្រើនបែបនេះពីអ្នកមិនបញ្ចេញឈ្មោះនោះ​ទេ” ។

អភិបាលក្រុង Katsuaki Kamiji បានអោយដឹងថា “គាត់មានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង” នៅពេលទទួលបានចំនួនទឹកប្រាក់បរិច្ចាគនេះ ជាពិសេសក្នុងគ្រាលំបាកនៃជំងឺរាតត្បាតកូវីដ-១៩

លោក Katsuaki Kamiji មានប្រសាសន៍ថា “ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតទេ ខ្ញុំពោរពេញដោយការដឹងគុណ” ។

អ្នកបរិច្ចាគប្រាក់មិនបញ្ចេញឈ្មោះមិនមែនជារឿងកម្រនៅក្នុងប្រទេសជប៉ុនឡើយ។

កាលពីឆ្នាំមុនបុរសម្នាក់បង្ហាញខ្លួននៅសាលាក្រុងណារ៉ាជាមួយនឹងកាបូបមានប្រាក់សុទ្ធចំនួន ៣០ លានយ៉េន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកគាត់បន្សល់ទុកសំបុត្រមួយច្បាប់និយាយថាគាត់ចង់បរិច្ចាគប្រាក់នេះដើម្បី​ជួយ​អ្នក​ក្រី​ក្រ និងគាំទ្រថវិកាអប់រំ។

ដូចគ្នាកាលពីឆ្នាំមុនមន្ទីរពេទ្យមួយនៅទីក្រុងកូបេទទួលបានសាច់ប្រាក់ ៥ លានយ៉េនពីម្ចាស់ជំនួយដែលមិនបញ្ចេញ​ឈ្មោះ​តាមរយៈ​ប្រៃសណីយ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: