សហគ្រិនជប៉ុនមានទំនោរផាត់មុខមុនពេលចូលរួមកិច្ចប្រជុំ​អន​ឡាញ​កាន់​តែ​ច្រើនឡើង

ធ្លាប់តែមិនចាប់អារម្មណ៍ចំពោះផលិតផលគ្រឿងសំអាង ប៉ុន្តែសព្វថ្ងៃបុរសជប៉ុនកាន់តែច្រើនឡើង ជាពិសេសអ្នកជំនួញ​វ័យ​កណ្តាល​កំពុងតែងាកមករកផលិតផលថែរក្សាសម្រស់ដើម្បីកែលម្អរូបរាងរបស់ពួកគេ។

កាលពីមុនសហគ្រិនវ័យ ៤០ ឆ្នាំ ៥០ ឆ្នាំ ៦០ ឆ្នាំ ជាមនុស្សដែលមិនសូវមានចំណាប់អារម្មណ៍ចំពោះគ្រឿងសំអាង តែឥឡូវនេះបែរជាទៅហាងថែសម្រស់របស់ Tezuka ជាប្រចាំ។ Tezuka ជាម្ចាស់ហាងផាត់មុខ និងធ្វើសក់សម្រាប់សុភាព​​បុរស​​នៅទីក្រុងតូក្យូ។

រូបភាព https://www.cnbc.com/

ក្នុងកំឡុងជំងឺកូវីដ-១៩ រាតត្បាត អាជីវកម្មជប៉ុនជាច្រើនត្រូវក្ស័យធន ប៉ុន្តែអាជីវកម្មរបស់ Tezuka នៅតែទទួលបានផលចំណេញដោយសារក្រុមអតិថិជននេះ។ នៅក្នុងកិច្ចប្រជុំអនឡាញរបស់ក្រុមហ៊ុនពួកគេតុបតែងខ្លួនអោយ​សង្ហា។

ក្រុមហ៊ុនផលិតគ្រឿងសំអាង Shiseido បានអោយដឹងថាផលិតផលគ្រឿងសំអាងសម្រាប់បុរសកើនឡើងខ្ទង់ទ្វេ​ដង​ក្នុងកំឡុងពេលជំងឺរាតត្បាត។ បន្ទាប់ពីក្រុមហ៊ុន Shiseido រៀបចំកម្មវិធីផ្សាយបង្រៀនផាត់មុខសម្រាប់ស្ត្រីកាល​ពីឆ្នាំមុន មតិយោបល់របស់សហគ្រិនបុរស​ក៏​ច្រើន​ណាស់​ដែរ។ ដោយសារមនុស្សទាំងនោះមើលឃើញមុខរបស់ពួក​គេ​លើអេក្រង់ពេលប្រជុំ ជម្រុញអោយពួកគេកែ​លម្អ​រូបរាងរបស់ខ្លួន។

Tezuka និយាយថា៖ “កាលពីមុនអតិថិជនរបស់យើងភាគច្រើនជាបុរសវ័យជំទង់ និង ២០ ឆ្នាំ ប៉ុន្តែនៅពេលមនុស្ស​គ្រប់​គ្នាចាប់ផ្តើមធ្វើការពីចម្ងាយ យើងទទួលបានអតិថិជនជាសហគ្រិនកាន់តែច្រើនឡើង” ។

រូបភាព https://www.cnbc.com/

ម្ចាស់ហាងសាឡនក៏បានបន្ថែមទៀតថាពួកគេចង់ផ្លាស់ប្តូររូបរាងមិនដូចជាយុវជនដទៃទៀតឡើយ។ រីឯអ្នកជំនួញ​វ័យចំណាស់ច្រើនតែកែលម្អមុខមាត់បន្តិចបន្តួចប៉ុណ្ណោះ។

នៅប្រទេសជប៉ុនវិស័យថែសម្រស់សម្រាប់បុរសកាន់តែរីកចម្រើនខ្លាំងឡើង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Fuji Keizai Group ទីផ្សារគ្រឿងសំអាងបុរសកើនឡើងប្រមាណ ៦០០ ពាន់លានយ៉េន (៥,៥ ពាន់លានដុល្លារ) កើនប្រមាណ ៦២៣ ពាន់លានយ៉េន (៥,៧ ពាន់លានដុល្លារ) ពីឆ្នាំពី ២០១៨ ដល់ឆ្នាំ ២០១៩ ។

ម្ចាស់ហាង Tezuka និយាយថាសហគ្រិនវ័យចំណាស់មានទំនោរចំណាយប្រាក់ច្រើន ហើយទៅហាងសាឡនញឹកញាប់ជាងអ្នកដែលមានអាយុពី ២០ និង ៣០ ឆ្នាំ។

អតិថិជនម្នាក់ឈ្មោះ Yoshihiro Kamichi អាយុ ៤៤ ឆ្នាំលើកដំបូងចូលហាងរបស់ Tezuka ដើម្បីទិញគ្រឿងសម្អាង។ លោក Yoshihiro Kamichi ជ្រើសយករបៀបផាត់ត្របកភ្នែក និងលាបម្សៅត្រនាប់លើផ្ទៃមុខ។ អ្នកជំនាញ​ផាត់មុខថែមទាំងជួយកោរចិញ្ចើម លើកខ្ទង់ច្រមុះ និងមុខដោយប្រើម្សៅផាត់ពណ៌ត្នោត។

លោក Yoshihiro Kamichi និយាយថា “តើ​នេះ​ជា​នរណា? ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ខ្ញុំមិនដឹងថាខ្លួន​អាច​ប្រែជាសង្ហាដូចនេះសោះ” ។

Shiseido គឺក្រុមហ៊ុនផលិតគ្រឿងសំអាងចំណាស់ជាងគេបំផុតនៅលើពិភពលោកបានបង្ហាញ filter ផាត់មុខដោយឥត​គិត​ថ្លៃនៅ​លើ​អុីន​ធឺ​ណេត ដែល​ធ្វើអោយបុរសមើលទៅដូចជាកំពុងប្រើក្រែមថែរក្សាស្បែក និងម្សៅ​ត្រនាប់។

រូបភាព https://www.cnbc.com/

កាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Shiseido ក៏បានបញ្ចេញ filter ផាត់មុខសម្រាប់ស្ត្រីលើបណ្តាញប្រជុំអនឡាញដូចជា Zoom ។

Uno យីហោសម្រាប់បុរសរបស់ Shiseido កំពុងពង្រីកកម្រិតអាយុ គោលបំណងរបស់ផលិតផលគ្រឿងសំអាងសម្រាប់បុរសអាយុពី ២០ ទៅ ៤០ ឆ្នាំ។

Yoshiyuki Matsuo ជំនួយការនាយកក្រុមហ៊ុន Uno មានប្រសាសន៍ថា “ខ្ញុំគិតថាជំងឺកូវីដ-១៩ ជួយអោយអ្នកជំនួញយល់ច្បាស់ពីស្ថានភាពស្បែករបស់ពួកគេ” ។

ដើម្បីធ្វើអោយផលិតផលគ្រឿងសំអាងអាចចូលទៅជិតអតិថិជនគ្រប់កម្រិតអាយុ ហាងលក់គ្រឿងសំអាងជប៉ុន @Cosme Tokyo បានបង្កើតតំបន់គ្រឿងសំអាងសម្រាប់បុរសកាលពីឆ្នាំមុន នៅហាងដែលទើបបើកថ្មីមុខស្ថានីយ៍ Harajuku ជាកន្លែងអ៊ូអរនៃទីក្រុងតូក្យូ។

អតិថិជនថ្មីម្នាក់ឈ្មោះ Kenta Yamashita អាយុ ២៤ ឆ្នាំ ជាងកាត់សក់ប្រើគ្រឿងសំអាងប្រចាំថ្ងៃ។

Yamashita និយាយថា “ពិតជាអស្ចារ្យណាស់ដែលមានតំបន់សម្រាប់បុរស ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើឱ្យតំបន់នោះកាន់តែធំ ដូច្នេះមនុស្សមកតំបន់នោះនឹងកាន់តែច្រើន” ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: