ស្ថានភាពនារីរស់នៅក្នុងបន្ទប់ដែលពោរពេញទៅដោយសំរាមនៅប្រទេសជប៉ុន

ភាគច្រើនបុរសមិនសូវជាយកចិត្តទុកដាក់ក្នុងការសម្អាតផ្ទះប៉ុន្មានទេ ជាពិសេសអ្នកដែលនៅម្នាក់ឯង។ ខ្ញុំអាចស្រមៃមើលពីទិដ្ឋភាពក្មេងប្រុស និងបុរសចំណាស់ដែលរស់នៅម្នាក់ឯងក្នុងផ្ទះ ឬបន្ទប់ដែលពោរពេញទៅដោយសំរាម។ ប៉ុន្តែថ្មីៗនេះរឿងស្រដៀងគ្នាក៏កើតឡើងចំពោះនារីដែរ នៅជប៉ុនគេហៅថា 汚部屋女子 (Obeyajoushi) ។

តើអ្នកអាចស្រមៃដឹងពីកម្រិតរស់នៅកខ្វក់របស់នារីទាំងនោះដែរឬទេ?

រូបភាព https://kataduke-tonton.com/blog/cleanupblog/24160/

តើអ្នកដែលរស់នៅក្នុងបន្ទប់នេះគេងកន្លែងណា?

នៅក្នុងបន្ទប់គ្រប់កន្លែងពោរពេញទៅដោយសំរាម សូម្បីតែអាងងូតទឹកក៏ក្លាយជាគំនរសំរាមទៅហើយ។

នៅពេលចេញទៅធ្វើការ ឬជួបជុំមិត្តភក្តិនារីទាំងនោះមើលទៅសមរម្យ ស្រស់ស្អាត ប៉ុន្តែពេលត្រឡប់មកផ្ទះកន្លែងស្នាក់នៅរបស់ពួកគេប្រែជាកខ្វក់ដូចនេះ។

ជាទូទៅមុខសញ្ញាដែលរស់នៅក្នុងបន្ទប់ពោរពេញទៅដោយសំរាមជាស្រី្តមានអាយុលើស ឬក្រោម ៣០ ឆ្នាំ។ ពួកគេរវល់នឹងការងារប្រចាំថ្ងៃ ហើយគ្មានពេលវេលា និងកម្លាំងសម្អាតផ្ទះនោះទេ។ ជារឿយៗទិញអាហារស្រាប់តាមហាង នៅពេលបរិភោគរួចចោលសំរាមក្នុងបន្ទប់តែម្តង។ នៅថ្ងៃសម្រាក (ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ) ចំណាយពេលគេង។

ទស្សនៈរបស់ខ្ញុំមិនថារវល់យ៉ាងណាក៏មិនត្រូវទុកឲ្យ​កន្លែងស្នាក់នៅរបស់ខ្លួនកខ្វក់ពេកដែរ។ នារីដែលមិនអាច​សម្អាតផ្ទះសម្បែងតិច ឬច្រើនរងផលប៉ះពាល់ដោយសារបញ្ហាផ្លូវចិត្ត។ ពួកគេមានសម្ពាធនៅក្នុងការងារ រឿងស្នេហា ឬទំនាក់ទំនងសង្គម។ ដើម្បីឲ្យ​អារម្មណ៍ធូរស្បើយពួកគេដើរឥវ៉ាន់រហូតដល់មិនអាចគ្រប់គ្រងខ្លួនឯង។ លទ្ធផលបន្ទប់ក្លាយជាកន្លែងទុកដាក់សំរាម និងបញ្ហាជាច្រើនរបស់ខ្លួន។

ទោះបីជាមានសេវាកម្មសម្អាតច្រើន តម្លៃសម្អាតម្តងប្រហែល ៣០ ម៉ឺនយ៉េន។ ប៉ុន្តែប្រសិនបើមិនដោះស្រាយបញ្ហាឫសគល់ មិនថាប្រើសេវាកម្មប៉ុន្មានដងនោះទេ លទ្ធផលបន្ទប់នឹងវិលត្រឡប់ទៅរកភាពកខ្វក់ដូចមុន។

នៅជប៉ុននារីដែលធ្វើការផ្លូវភេទងាយធ្លាក់ខ្លួនក្នុងសភាពបែបនេះ។ ទោះបីជាការងាររបស់ពួកគេតម្រូវឲ្យ​ស្អាត​បាត តែ​ស្មារតីរបស់ពួកគេរងទុក្ខបុកម្នេញឥតឈប់ឈរ។ ពួកគេបំបាត់ភាពតានតឹងដោយទិញសម្លៀកបំពាក់​ថ្មីៗ​ជាប្រចាំ លទ្ធផលសម្លៀកបំពាក់ចាស់គរហៀរពេញបន្ទប់។

ជាការពិតណាស់ បន្ទប់កខ្វក់មិនអាចធ្វើឲ្យ​មនុស្សស្លាប់បានទេ ប៉ុន្តែវានឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពរាង​កាយ និងសតិអារម្មណ៍​របស់អ្នក។

សូមសម្អាតផ្ទះសម្បែងឲ្យ​បានញឹកញាប់។ ការលាងសម្អាតក៏ជាវិធីបំបាត់ភាពកខ្វក់នៅក្នុងចិត្ត ជួយឲ្យ​មនុស្ស​មានសុខ​ភាព​ល្អ និងសុទិដ្ឋិនិយមជាងមុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: