បុរសជប៉ុនទាំង ៣ រូបសាកពរពោះដើម្បីយល់ពីអារម្មណ៍ស្រ្តីមានផ្ទៃពោះ
ក្រុមបុរសជនជាតិជប៉ុន ៣ នាក់សាកល្បងពរពោះដើម្បីទទួលបានបទពិសោធន៍អំឡុងពេលស្រ្តីមានផ្ទៃពោះ ត្រៀមសម្រាប់ធ្វើគោលនយោបាយសម្រាលកូន។
កាលពីថ្ងៃទី ៨ ខែមេសាសមាជិកសភាលោក Masanobu Ogura អាយុ ៣៩ ឆ្នាំ លោក Norikazu Suzuki អាយុ ៣៩ ឆ្នាំ និងលោក Takashi Fujiwara អាយុ ៣៧ ឆ្នាំ ចូលរួមសាកល្បងធ្វើត្រាប់តាមសភាពតានតឹងផ្នែករាងកាយក្នុងដំណាក់កាលចុងក្រោយរបស់ស្រ្តីមានផ្ទៃពោះ។
រូបភាព https://mainichi.jp/
បុរសទាំង ៣ នាក់ពាក់អាវមានទម្ងន់ប្រហែល ៧,៣ គីឡូក្រាមក្នុងរយៈពេល ២ ថ្ងៃ ទាំងពេលគេង និងពេលបរិភោគ ដើម្បីយល់ពីអារម្មណ៍របស់ស្ត្រីអំឡុងពេលមានផ្ទៃពោះខែទី ៧ ។ បុរសទាំង ៣ រូបចាប់ផ្តើមពាក់អាវកាលថ្ងៃទី ៨ ខែមេសា ដោយសង្ឃឹមថាអាចយល់ពីបន្ទុកផ្នែករាងកាយ និងការលំបាករបស់ស្រ្តី។
រូបភាព https://www.japantrends.com/
ទន្ទឹមនឹងនេះពួកគេក៏ចង់យកបទពិសោធន៍ផ្ទាល់ខ្លួនទាំងនេះជាឯកសារយោងដើម្បីថ្លឹងថ្លែងវិធានការណ៍ថែទាំស្ត្រីមានផ្ទៃពោះ និងការចិញ្ចឹមបីបាច់កូន។
បន្ទាប់ពីលោក Masanobu Ogura ពាក់អាវពរពោះនិយាយថា៖
“ខ្ញុំយល់ឃើញថាការធ្វើចលនាធម្មតាដូចជាអង្គុយឬក្រោកឈរក្នុងអំឡុងពេលនេះពិតជាពិបាក។ ទម្ងន់កំពុងសង្កត់មកលើពោះរបស់ខ្ញុំជាទម្ងន់នៃជីវិតថ្មី” ។
រូបភាព https://www.japantrends.com/
ហើយបុរសទាំង ៣ រូបនេះមានបំណងពាក់ “អាវពរពោះ” ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់រសៀលថ្ងៃទី ៩ ខែមេសាទាំងពេលចូលគេង និងសកម្មភាពប្រចាំថ្ងៃនៅផ្ទះ។
រូបភាព https://www.japantrends.com/
លោកស្រី Karen Makishima ប្រធានគណៈកម្មាធិការយុវជន LDP ជាអ្នកផ្តួចផ្តើមពិសោធន៍នេះបានអោយដឹងថា៖
“ទោះបីជាពាក់អាវពរពោះក៏មិនអាចយល់ច្បាស់ពីអារម្មណ៍របស់ស្ត្រីក្នុងពេលមានផ្ទៃពោះទាំងស្រុងដែរ ប៉ុន្តែរឿងនេះចាំបាច់ក្នុងការពិចារណាអំពីគោលនយោបាយ” ។
ផ្នែកពោះរបស់អាវមានថង់ទឹកមួយបង្ហាញពីការលូតលាស់របស់ទារកក្នុងផ្ទៃម្តាយ រីឯដើមទ្រូងក៏ធ្វើដូចជាសុដន់ដែលពោរពេញទៅដោយទឹកដោះគោផងដែរ។
ឧបករណ៍មួយចំនួនដែលដាក់នៅពោះធ្វើឱ្យអ្នកពាក់មានអារម្មណ៍ថាទារកកំពុងធាក់។
បន្ទាប់ពីការសាកល្បងបញ្ចប់ បុរសទាំងបីនាក់នឹងរាយការណ៍ជូនសមាជិកក្រុមអំពីបទពិសោធន៍របស់ពួកគេក្នុងកិច្ចប្រជុំ។
AD