វីដេអូថតបានមឹកយក្សដែលមានប្រវែង ៤ ម៉ែត្រអណ្តែតលើផ្ទៃទឹកនៅ Niigata ប្រទេសជប៉ុន

បុរសជនជាតិជប៉ុនម្នាក់ថតបានមឹកយក្សដែលមានប្រវែងរហូតដល់ ៤ ម៉ែត្រ ក្នុងកំឡុងពេលធ្វើដំណើរទៅទីក្រុង Itoigawa ក្នុង​ខេត្ត Niigata ប្រទេសជប៉ុន។

កាលពីថ្ងៃទី ១៦ ខែមីនា ស្ថានីយ៍ទូរទស្សន៍ NHK ជប៉ុនបង្ហោះវីដេអូមឹកយក្សមួយក្បាលដែលបង្ហាញខ្លួននៅឯកំពង់​​ផែ​នេសាទ Himekawa មុនពេលថ្ងៃរះ។

រូបភាព https://www.tellerreport.com/

វីដេអូ និងរូបភាពមឹកយក្សជារបស់អ្នកថតរូប Tsutomu Sagawa រស់នៅទីក្រុង Matsumoto ខេត្ត Nagano ក្នុង​អំឡុង​ដំណើរកំសាន្តទៅកាន់ទីក្រុង Itoigawa ។

ពេលព្រឹកព្រលឹមបុរសម្នាក់មើលឃើញមឹកយក្សមួយក្បាលអណ្តែតលើផ្ទៃទឹក។ នៅក្នុងវីដេអូបានបង្ហាញថាមឹកមានប្រវែងប្រហែល ៤ ម៉ែត្រគិតទាំងដៃមឹក វានៅរស់នៅឡើយថែមទាំងបាញ់ទឹកឥតឈប់ផង។ ក្រុមបុរសៗព្យាយាម​យក​មឹក​ឡើង​ ប៉ុន្តែវាធ្ងន់ពេកលើកមិនរួច។

បុរសម្នាក់និយាយថា “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមើលឃើញមឹកយក្ស” ។

លោក Hiroyuki Imura ប្រធានផ្នែកពិព័រណ៍ Aquarium Marinepia Nihonkai នៅ Niigata និយាយថា៖

“ខ្ញុំមិនគិតថាមានមឹកណាធំដូចមឹកនេះទេ រូបភាពមឹកយក្សទាំងនេះមានតម្លៃណាស់” ។

បុរសដែលបានថតវីដេអូនេះនិយាយថា “ខ្ញុំរកចាប់មឹក Firefly squid ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលពេលដែលមើលឃើញមឹកយក្ស។ មឹកយក្សកំពុងបឺត និងបាញ់ទឹកយ៉ាងខ្លាំង។ រឿងនោះធ្វើអោយខ្ញុំភ្ញាក់ផ្អើល ហើយសប្បាយរីក​រាយ​ព្រោះ​មឹកយក្សនៅរស់” ។

ជាទូទៅប្រភេទមឹកយក្សរស់នៅក្រោមបាតសមុទ្រជ្រៅ ខ្លះមានប្រវែងរហូតដល់ ១៣ ម៉ែត្រ ហើយជាសត្វគ្មានឆ្អឹងខ្នង​ធំ​ជាង​គេនៅលើពិភពលោក។

មឹកយក្សត្រូវបានគេចាត់ទុកជាការបំផុសគំនិតរបស់មនុស្សសម័យមុនរៀបរាប់អំពីបិសាចសមុទ្រ Kraken ក្នុងរឿងទេវកថា។ ពួកវារស់នៅគ្រប់ទីកន្លែងទូទាំងពិភពលោក។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: