ជប៉ុនព្រួយបារម្ភចំពោះការរីករាលដាលនៃវីរុសបម្លែងខ្លួនថ្មីដែលកំពុងរាតត្បាត ២០ ខេត្តក្រុង
រដ្ឋាភិបាលជប៉ុនកំពុងធ្វើការពង្រឹងវិធានការណ៍ត្រួតពិនិត្យនៅតាមព្រំដែនដើម្បីការពារការរីករាលដាលជំងឺកូវីដបម្លែងខ្លួនថ្មី ដែលឥឡូវនេះបានរីករាលដាល ២០ ខេត្តក្រុងទៅហើយ។
ក្រុមអ្នកជំនាញកំពុងព្រួយបារម្ភវីរុសបម្លែងខ្លួនថ្មីនឹងបង្កគ្រោះថ្នាក់ ព្រោះនៅសល់តែ ១០៨ ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនឹងមកដល់។
គិតត្រឹមថ្ងៃទី ៥ ខែមីនា ករណីឆ្លងវីរុសបម្លែងខ្លួនថ្មីត្រូវបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ២០ ក្នុងចំនួនសរុប ៤៧ ខេត្តក្រុងរបស់ជប៉ុន។
រូបភាព https://www.reuters.com/
នៅទីក្រុង Kobe បានប្រកាសថាខ្លួនរកឃើញវីរុសបម្លែងខ្លួនថ្មីក្នុងចំនួន ១៥% នៃគំរូវិជ្ជមាននឹងកូវីដ-១៩ ។ រីឯតំបន់មួយចំនួនផ្សេងទៀតក៏មានការកត់សម្គាល់ករណីឆ្លងដែលបណ្តាលមកពីវីរុសកូវីដថ្មីផងដែរ។
លោក Atsuo Hamada អ្នកឯកទេសផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូបាននិយាយថា “ប្រសិនបើវីរុសរីករាលដាលខ្លាំងវានឹងក្លាយទៅជាការផ្ទុះជំងឺលើកទី ៤” ។
ដូច្នេះហើយលោក Atsuo Hamada បានបញ្ជាក់ថា “ប្រសិនបើការរីករាលដាលជំងឺលើកទី ៤ ផ្ទុះឡើងមុនពេលដែលជំងឺលើកទី ៣ ថមថយ ប្រព័ន្ធសុខាភិបាលអាចនឹងខ្វះខ្វាតម្តងទៀត។ ដូច្នេះត្រូវកាត់បន្ថយល្បឿនវីរុសបម្លែងខ្លួនរីករាលដាលកាន់តែយូរតាមដែលអាចធ្វើទៅបាន” ។
រដ្ឋាភិបាលជប៉ុនកំពុងបង្កើនវិធានការណ៍តាមដានវីរុសកូវីដបម្លែងខ្លួនថ្មីទាំង ៣ ប្រភេទដែលត្រូវបានរកឃើញនៅអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
វីរុសទាំង ៣ ប្រភេទត្រូវបានសន្មត់ថាឆ្លងលឿនជាងប្រភេទដំបូង ខណៈធ្វើអោយប្រព័ន្ធភាពស៊ាំចុះខ្សោយ និងកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំង។
នៅប្រទេសជប៉ុនគិតត្រឹមថ្ងៃទី ៥ ខែមីនា មនុស្សចំនួន ១៩៤ នាក់ (មិនរាប់បញ្ចូលអ្នកធ្វើចត្តាឡីស័កនៅព្រលានយន្តហោះ) ត្រូវបានបញ្ជាក់ថាឆ្លងវីរុសបម្លែងខ្លួនថ្មី។ ក្នុងចំណោមនោះមនុស្សចំនួន ១៨៣ នាក់ផ្ទុកវីរុសបម្លែងខ្លួនថ្មីដែលរកឃើញនៅអង់គ្លេស។
ដើម្បីធ្វើការប្រៀបធៀបកាលពីខែមករាឆ្នាំ ២០២១ ប្រទេសជប៉ុនកត់សម្គាល់ ២៤ ករណីផ្ទុកវីរុសបម្លែងខ្លួនថ្មីក្នុងខេត្តចំនួន ៤ ។ ចំនួននោះកើនឡើងខ្លាំងក្នុងខែកុម្ភៈជាមួយនឹងចំនួនករណីឆ្លងថ្មីត្រូវបានកត់ត្រានៅក្នុងខេត្តចំនួន ២០ ពី Fukushima ភាគឦសានរហូតដល់ Kagoshima ភាគនិរតីប្រទេសជប៉ុន។
រីឯតំបន់ Saitama ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូករណីឆ្លងវីរុសបម្លែងខ្លួនថ្មីចំនួន ៤០ ករណី ក្នុងនោះកន្លែងផ្ទុះជំងឺកូវីដត្រូវបានរកឃើញនៅមជ្ឈមណ្ឌលថែទាំកុមារ និងការិយាល័យ។ សាលាមត្តេយ្យស្ថិតនៅស្រុក Niigata មានមនុស្សជាង ៣០ នាក់ផ្ទុកវីរុសបម្លែងខ្លួនថ្មីរួមទាំងកុមារ និងសមាជិកគ្រួសារ។
លោក Atsuo Hamada មានប្រសាសន៍ថា “វីរុសបម្លែងខ្លួនថ្មីនឹងឆ្លងរីករាលដាល ប្រសិនបើការគ្រប់គ្រងព្រំដែនមានភាពធូររលុង។ ត្រូវមានវិធានការត្រួតពិនិត្យព្រំដែនឱ្យបានតឹងតែងរហូតដល់ការផ្ទុះជំងឺលើកទី ៣ ថយចុះ” ។
AD