ករណីវះកាត់ប្តូរសួតពីមនុស្សនៅរស់បរិច្ចាកអោយអ្នកជំងឺ​កូវីដ​-១៩ ដំបូងគេនៅលើពិភពលោក

មន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូជប៉ុនទទួលបានជោគជ័យក្នុងការវះកាត់ប្តូរជាលិកាសួតពីមនុស្សបរិច្ចាកអោយអ្នកជំងឺកូវីដ-១៩ ដំបូងគេនៅលើពិភពលោក។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ អ្នកទទួលជាស្ត្រីម្នាក់មកពីតំបន់ Kansai ភាគខាង​លិច​ប្រទេសជប៉ុន ដោយសារសួតខូចខាតធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ-១៩ ។ បច្ចុប្បន្នអ្នកជំងឺកំពុងជាសះស្បើយឡើងវិញបន្ទាប់ពីវះកាត់អស់​រយៈ​ពេល ១១ ម៉ោង ការវះកាត់ផ្នែកសួតបានមកពីប្តី និងកូនប្រុសរបស់អ្នកជំងឺ។ អ្នកបរិច្ចាកទាំងពីរស្ថិតក្នុងស្ថានភាពសុខភាពធម្មតា។

រូបភាព https://english.kyodonews.net/

មន្ទីរពេទ្យបានអោយដឹងថានេះជាការវះកាត់ប្តូរជាលិកាសួតដំបូងគេនៅលើពិភពលោក ពីមនុស្សនៅរស់បរិច្ចាកអោយអ្នកជំងឺ​ខូច​ខាត​សួត​ដែល​បណ្តាល​មក​ពីជំងឺកូវីដ-១៩​ ។ នៅជប៉ុនករណីវះកាត់ប្តូរសួតពីមនុស្សស្លាប់ផ្នែកខួរក្បាល​បរិច្ចាកមានភាពកម្រនៅឡើយ រីឯការវះកាត់ប្តូរពីមនុស្សនៅរស់បរិច្ចាកជាជម្រើសដែលសមស្រប និងជាក់ស្តែងសម្រាប់អ្នក​ជំងឺ។

ទោះយ៉ាងណាវេជ្ជបណ្ឌិត Hiroshi Date ដែលជាគ្រូពេទ្យវះកាត់ផ្នែកទ្រូងនៅមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ ហើយ​ក៏​ជា​អ្នកដឹកនាំវះកាត់មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា៖

“ខ្ញុំគិតថានេះគឺជាការព្យាបាលផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺដែលមានការខូចខាតសួតធ្ងន់ធ្ងរ” ។

កាលពីចុងឆ្នាំ ២០២០ ស្ត្រីម្នាក់ឆ្លងវីរុសកូវីដ-១៩ ហើយស្ថិតក្នុងស្ថានភាពពិបាកដកដង្ហើមកាន់តែខ្លាំងឡើង។ អ្នកជំងឺត្រូវប្រើម៉ាសុីនជំនួយដង្ហើមជាង ៣ ខែនៅមន្ទីរពេទ្យមួយផ្សេងទៀត ព្រោះសួតរបស់គាត់ខូចធ្ងន់​ធ្ងរ។

ដោយដឹងថាប្តី និងកូនប្រុសរបស់ស្ត្រីនោះស្ម័គ្រចិត្តបរិច្ចាកសរីរាង្គសម្រាប់ការវះកាត់ដែលធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ ក្រុមគ្រូពេទ្យរួមមាន ៣០ នាក់ដឹកនាំដោយវេជ្ជបណ្ឌិត Hiroshi Date ។

ប្តីរបស់គាត់បានបរិច្ចាកផ្នែកសួតខាងឆ្វេងរបស់ខ្លួន រីឯកូនប្រុសរបស់គាត់បរិច្ចាគផ្នែកសួតខាងស្តាំ។ ក្រោយ​រយៈ​ពេល ២ ខែអ្នកជំងឺអាចនឹងចេញពីពេទ្យ ហើយរស់នៅធម្មតាវិញក្នុងរយៈពេល ៣ ខែបន្ទាប់ពីប្តូរសួត។

ផ្នែកមន្ទីរពេទ្យបានអោយដឹងថាប្តី និងកូនប្រុសរបស់ស្ដ្រីនោះបានបង្ហាញការដឹងគុណ និងភាពសប្បាយរីករាយចំពោះការ​វះកាត់សួតដោយជោគជ័យ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: