ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូមិនអនុញ្ញាតអោយភ្ញៀវ​មក​ពីបរទេសចូលរួម

ព្រឹត្តិការណ៍បើកសម្ភោធកីឡាអូឡាំពិកទីក្រុងតូក្យូគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ។ ទោះ​ជា​យ៉ាង​ណាការអបអរសាទរចំពោះព្រឹត្តិការណ៍នេះត្រូវបានប្រកាសថា ភ្ញៀវដែលមកពីបរទេសមិនអាចចូលកន្លែង​ប្រកួតកីឡាអូឡាំពិក និងពិធីបើក/បិទឡើយ។

សេចក្តីសម្រេចនេះដោយគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូ IOC រដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាល​ជប៉ុនយល់ស្របដែលមានការសង្ស័យថាបានគិតទុកមុន។ នៅជប៉ុនអត្រាឆ្លងជំងឺកូវីដ-១៩ មានកម្រិត​​ទាបបើប្រៀបនឹងបណ្តាប្រទេសផ្សេងទៀត ហើយការចាក់វ៉ាក់សាំងក៏ទើបតែចាប់ផ្តើុម។ ប្រធានគណៈ​កម្មាធិការរៀបចំការប្រកួតលោកស្រី Seiko Hashimoto បានអោយដឹងថា “ពិតជាគួរអោយសោកស្តាយណាស់ ប៉ុន្តែ​ដំណោះស្រាយនេះដើម្បីធានាថាការប្រកួតកីឡាប្រារព្ធធ្វើឡើងដោយសុវត្ថិភាព ការពារសុខភាពរបស់អត្តពលិក និងប្រជាជនជប៉ុន” ។

រូបភាព NHK News Web

ដើម្បីបញ្ជាក់អំពីឃ្លា “ប្រជាជនជប៉ុន” លោកស្រី Hashimoto សំដៅទៅលើប្រជាជនដែលរស់នៅក្នុងប្រទេសជប៉ុនរួមទាំងជនបរទេសដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេស។

អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike ក៏សម្តែងភាពសោកស្តាយចំពោះសេចក្តីសម្រេចនេះផងដែរ។

“ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ នេះជាឳកាសសម្រាប់ប្រជាជនមកពីទូទាំងពិភពលោកទទួលបានបទពិសោធន៍ រីក​រាយ​នឹងភាពស្រស់ស្អាត ក៏ដូចជាវប្បធម៌នៃទីក្រុងតូក្យូរួមជាមួយនឹងប្រជាជនក្នុងតំបន់របស់ខ្ញុំ ហើយពិតជាគួរអោយ​សោកស្តាយណាស់ដែលរឿងនេះកើតឡើង” ។

សេចក្តីសម្រេចនេះក៏អនុវត្តផងដែរចំពោះកីឡាប៉ារ៉ាឡាំពិកដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា មួយខែបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក។ ប្រទេសជប៉ុនអាចនឹងបិទច្រកចំពោះភ្ញៀវអន្តរជាតិក្នុងកំឡុងព្រឹត្តការណ៍ប្រារព្ធធ្វើឡើង។

ដើម្បីធ្វើអោយស្ថានភាពប្រសើរឡើងលោកស្រី Koike និយាយបន្ថែមទៀតថា “ខ្ញុំគិតថាមនុស្សជុំវិញពិភព​លោក​ភ្ជាប់ទំនាក់ទំនងនឹងគ្នាតាមរយៈអុីនធឺណេតក៏ជាផ្នែកមួយថ្មីនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនេះផងដែរ” ។ លោក​ស្រី​ក៏សង្ឃឹមថាទោះបីទស្សនាព្រឹត្តិការណ៍ពីចម្ងាយក៏អ្នកទាំងអស់គ្នានៅតែអាចចែករំលែកបទពិសោធន៍ និង​អារម្មណ៍​ទៅ​វិញទៅមក ដើម្បីអោយព្រឹត្តិ​ការណ៍​ឆ្នាំនេះនៅតែទទួលបានជោគជ័យដដែល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: