ព្រឹត្តិការណ៍ Sakai កំហឹងរបស់សាមូរ៉ៃធ្វើអោយជនជាតិបារាំងភ័យខ្លាច
តើអ្នកគិតថាសាមូរ៉ៃខ្លាំងឬខ្សោយ?
នៅបណ្តាប្រទេសលោកខាងលិច មុនពេលកាំភ្លើងក្លាយជាអាវុធដែលគេនិយម មានការសើចចំអកថាសាមូរ៉ៃនៅតែប្រើដាវជប៉ុន។
ថ្ងៃនេះខ្ញុំសូមណែនាំព្រឹត្តិការណ៍មួយដែលសាមូរ៉ៃធ្វើអោយបារាំងភ័យខ្លាច។
ព្រឹត្តិការណ៍នេះមានឈ្មោះថា Sakai កើតឡើងក្នុងឆ្នាំ ១៨៦៨ កំឡុងរយៈពេលផ្លាស់ប្តូររបស់សាមូរ៉ៃឈានចូលដំណាក់កាលថ្មី។ រឿងនោះកើតឡើងនៅពេលសាមូរ៉ៃកំពុងអមដំណើរ មានជនជាតិបារាំងមួយក្រុមបង្ហាញខ្លួនក្នុងបំណងអាក្រក់។
មូលហេតុផ្តើមចេញពីជនជាតិបារាំង។
ជនជាតិបារាំងចុះចតនាវាតាមអំពើចិត្តនៅកំពង់ផែប្រទេសជប៉ុនដោយគ្មានការអនុញ្ញាត ថែមទាំងបង្ករឿងអាក្រក់ជាច្រើន។ ពួកនោះផឹកស្រា រំខានស្រ្តី កុមារ បង្កឱ្យមានបញ្ហា ហើយបំផ្លិចបំផ្លាញគ្រប់ទីកន្លែង។
នៅពេលនោះសាមូរ៉ៃប្រៀបដូចជាប៉ូលីសបានបញ្ចុះបញ្ចូលជនជាតិបារាំងអោយវិលត្រឡប់ទៅនាវាវិញដោយប្រើភាសារាងកាយ។ ប៉ុន្តែពួកគេបែរជាមិនអើពើ ថែមទាំងហួចផងលោតរាំសើចចំអកសាមូរ៉ៃហៅពួកគេថា “ស្វាមាស” ដោយគិតថាសាមូរ៉ៃមិនអាចធ្វើអ្វីពួកគេបាន។
ជនជាតិបារាំងម្នាក់ក្នុងចំណោមនោះឆក់ទង់ជាតិក្នុងដៃរបស់សាមូរ៉ៃដែលមកពី Tosa ក្នុងតំបន់ Shikoku ។ ទង្វើនោះធ្វើអោយសាមូរ៉ៃខឹងយ៉ាងខ្លាំង ព្រោះនៅលើទង់ជាតិមានកិត្យានុភាពរបស់ក្រុម។ ដោយមិនអាចទ្រាំបានតទៅទៀត សាមូរ៉ៃនោះទាញដាវសម្លាប់ជនជាតិបារាំង។ បន្ទាប់មកពួកគេដកកាំភ្លើងសម្រុកចូលយ៉ាងសាហាវ នៅទីបំផុតជនជាតិបារាំងត្រូវសម្លាប់ទាំងអស់។
ជម្លោះបង្ហូរឈាម
ជម្លោះមិនបញ្ឈប់ត្រឹមនឹងទេ ប៉ុន្តែគ្រប់យ៉ាងទើបតែចាប់ផ្តើមប៉ុណ្ណោះ។ រដ្ឋាភិបាលបារាំងចង់អោយភាគីជប៉ុនទទួលខុសត្រូវ។ សំណូមពររបស់ពួកគេតទៅ៖
- រដ្ឋាភិបាលជប៉ុន និងអ្នកតំណាងក្រុម Tosa ត្រូវសុំទោស
- ប្រហារជីវិតសាមូរ៉ៃដែលពាក់ព័ន្ធ
- សងសំណង ១៥ ម៉ឺនដុល្លារ ។
នៅពេលនោះប្រទេសជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលបង្កើតឡើងវិញ ជនជាតិជប៉ុនមិនចង់មានជម្លោះជាមួយបារាំងទេ។ ក្រៅពីនេះពួកគេក៏ដឹងថាខ្លួនមិនមែនជាដៃគូររបស់បារាំង ដូច្នេះព្រមទទួលយកគ្រប់លក្ខខណ្ឌទាំងអស់។
រដ្ឋាភិបាលបានពន្យល់ពីហេតុផលទាំងនោះដល់សាមូរ៉ៃ ហើយស្នើសុំពួកគេស្លាប់ដើម្បីប្រទេសជាតិ។ សាមូរ៉ៃទាំង ២០ នាក់ដែលពាក់ព័ន្ធសុទ្ធតែព្រមទទួលយក។
កំហឹងរបស់សាមូរ៉ៃ
ការប្រហារជីវិតត្រូវបានធ្វើឡើងក្រោមវត្តមានរបស់បេសកជនបារាំង។ កាលនោះប្រទេសជប៉ុនដាក់ទោសប្រហារជីវិតដោយកាត់ក្បាល ប៉ុន្តែក្រុមសាមូរ៉ៃស្នើវះពោះ Seppuku ។ បេសកជនបារាំងរូបនោះគិតថាបាញ់សម្លាប់ពួកគេ ប៉ុន្តែបែរជាឃើញទិដ្ឋភាព Seppuku របស់សាមូរ៉ៃទាំង ២០ នាក់ ធ្វើអោយលោករន្ធត់ចិត្តយ៉ាងខ្លាំង។
អ្នកទីមួយធ្វើពិធីវះពោះក្រឡេកមើលបេសកជនហើយនិយាយថា៖
“បាទខ្ញុំនឹងស្លាប់ តែមិនមែនសម្រាប់អ្នកឡើយ នោះក៏ព្រោះតែប្រទេសជាតិរបស់យើង។ នេះជាសសេចក្តីបញ្ចប់របស់សាមូរ៉ៃ សូមមើលអោយបានច្បាស់” ។
បន្ទាប់មកគាត់វះពោះសម្លាប់ខ្លួន។
អ្នកបន្ទាប់មិនបាននិយាយអ្វីទាំងអស់ គ្រាន់តែបង្ហាញទឹកមុខមើលងាយ សម្លឹងមើលបេសកជនញញឹមរួចវះពោះ។
ដូច្នេះមនុស្សស្លាប់ម្តងម្នាក់ៗ។
រហូតដល់អ្នកទី ១០ ហាក់ដូចជាទ្រាំលែងបាន បេសកជនបារាំងស្រែកថា “ឈប់ទៅ បញ្ឈប់ពិធីនេះ” បន្ទាប់មកងើបឡើងញ័រយ៉ាងខ្លាំង។
ទោះយ៉ាងណាភាគីជប៉ុនមិនបានអនុញ្ញាតិ ព្រោះពិធី Seppuku មិនអាចគ្មានសាក្សីឡើយ។ ភាគីជប៉ុនបង្ខំអោយបេសកជនត្រូវអង្គុយមើលរហូតដល់ចប់ដូចដែលបានព្រមព្រៀង។ ប៉ុន្តែជននោះទ្រាំមិនបានក៏រត់ឡើងនាវាវិញ ហើយសុំអោយអ្នកដែលនៅសល់បញ្ឈប់ពិធីនោះ។
ជាការពិតមិនអាចបញ្ចប់ដូចនោះទេ សាមូរ៉ៃដែលធ្វើពិធីនោះគ្មានអារម្មណ៍ថាពួកគេត្រូវបានសង្គ្រោះឡើយ។ មនុស្សទាំង ១០ នាក់ទៀតទៅជិតភាគីបារាំងធ្វើពិធី Seppuku បន្ត។ ពួកគេគិតថាវាពិតជាកំសាកណាស់បើនៅរស់ខណៈដែលមនុស្ស ១០ នាក់ទៀតបានលះបង់ដើម្បីប្រទេសជាតិ។
ជនជាតិបារាំងមានភាពភ័យរន្ធត់ដោយសារតែពួកគេមិនយល់ពីទង្វើនោះ។ តាំងពីពេលនោះរឿងក៏ផ្សព្វផ្សាយទូទាំងអឺរ៉ុបថា “សាមូរ៉ៃជាមនុស្សឆ្កួត” ។
តើពិធី Seppuku បង្ហាញពីអ្វី?
នឹងមិនអាចពន្យល់ពីទង្វើរបស់សាមូរ៉ៃទេ ប្រសិនបើពិធី Seppuku គ្រាន់តែជាទង្វើលុបលាងកំហុស។ ពិធី Seppuku ចំពោះសាមូរ៉ៃមិនមែនជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែជាវិធីបង្ហាញពីទំនួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើ។ ប្រសិនបើសាមូរ៉ៃម្នាក់ប្រព្រឹត្តខុស ហើយត្រូវបានចាប់ខ្លួន គាត់មិនអាចធ្វើពិធី Seppuku ទេ តែត្រូវប្រហារជីវិតដោយកាត់ក្បាល។
ដរាបណាធ្វើពិធី Seppuku មានន័យថាសាមូរ៉ៃប្រើជីវិត និងជំនឿមុតមាំរបស់ខ្លួនទទួលខុសត្រូវបង្ហាញពីភាពក្លាហាន និងភាពថ្លៃថ្នូរ។
ជាការពិតគ្មាននរណាម្នាក់ចង់ស្លាប់ដោយឥតប្រយោជន៍ឡើយ។ ចំពោះពួកគេសេចក្តីស្លាប់តំណាងអោយស្មារតីលះបង់សម្រាប់ប្រទេសជាតិ ការពារកិត្តិយស និងភាពពិសិដ្ឋដែលពួកគេគោរព។ ដើម្បីការពាររបស់មានតម្លៃ ទោះបីរស់ឬស្លាប់ក៏ត្រូវប្រឈមដោយអង់អាច។
ជនជាតិជប៉ុនចូលចិត្តផ្កាសាគូរ៉ាក៏ដោយសារមូលហេតុនេះ។ ផ្កាសាគូរ៉ាបង្ហាញពីភាពស្រស់ស្អាតក្នុងគំនិតរបស់សាមូរ៉ៃ។ ទោះបីជាវាឆាប់រីកឆាប់រោយក៏សម្រស់ផ្កានៅតែស្អាត។
តើអ្នកគិតថាទង្វើនោះ “ឆ្កួត” ដែរឬទេ?
Kengo Abe