ពាក់ម៉ាសពីរជាន់ តើធ្វើរបៀបនេះពិតជាបង្កើនប្រសិទ្ធភាពម៉ាស​ទ្វេ​ដងមែនឬ?

ប្រជាជនជប៉ុនកាន់តែច្រើនឡើងមានទម្លាប់ពាក់ម៉ាសច្រើនជាន់ពីលើគ្នា ដោយគេជឿថាពាក់ម៉ាសកាន់តែច្រើន​ជាន់​អាចកាត់បន្ថយការចម្លងជំងឺ។

តើធ្វើរបៀបនេះពិតជាបង្កើនប្រសិទ្ធភាពម៉ាសទ្វេដងមែនឬ? លោក Intetsu Kobayashi សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Toho អ្នកជំនាញផ្នែកវិទ្យាសាស្ត្រត្រួតពិនិត្យការចម្លងជំងឺបានអត្ថាធិប្បាយចំពោះគំនិតនេះ។

នៅចុងឆ្នាំ ២០២០ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងដែលបណ្តាលអោយរដ្ឋាភិបាលកណ្តាលប្រកាសអាសន្ន​កាល​ពី​ថ្ងៃ​ទី ៨ ខែមករានៅទីក្រុងតូក្យូ និងខេត្តចំនួន ៣ ផ្សេងទៀត។ នៅថ្ងៃដដែលនោះប្រទេសជប៉ុនមានករណីឆ្លងថ្មី​ជាង ៧ ពាន់នាក់។

រដ្ឋមន្រ្តីក្រសួងកំណែទម្រង់រដ្ឋបាលសាធារណៈលោក Taro Kono និងអភិបាលក្រុងតូក្យូលោក Yuriko Koike ច្រើន​តែ​ពាក់ម៉ាសពីរជាន់នៅពេលបង្ហាញខ្លួនជាសាធារណៈ។ ជាពិសេសលោក Kono បច្ចុប្បន្នកំពុងដឹកនាំកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដោយទទួលការចាប់អារម្មណ៍ពីសាធារណៈជន ព្រោះម៉ាសក្រណាត់មើលទៅគួរអោយទាក់​ទាញ

រូបភាព https://mainichi.jp/english/articles/20210313/p2a/00m/0li/019000c

ការពាក់ម៉ាសពីរក្នុងពេលតែមួយធ្វើអោយចេញញើស និងដំណក់ទឹករាវតាមផ្លូវដង្ហើមដូចជាកណ្តាស់ ។ល។ បណ្តាល​​អោយ​ពិបាកដកដង្ហើមត្រូវដោះម៉ាសចេញញឹកញាប់ដើម្បីសម្រួលផ្លូវដង្ហើម មិនត្រឹមតែប៉ុណ្ណឹងខ្សែម៉ាសដាក់​សម្ពាធលើត្រចៀកផងដែរ។

ប្រឈមនឹងគុណវិបត្តិទាំងនេះ តើការពាក់ម៉ាស ២ ជាន់អាចបង្កើនប្រសិទ្ធភាពការពារការចម្លងជំងឺបានដែរឬទេ?

លោក Intetsu Kobayashi បានអោយដឹង “ម៉ាសឬម៉ាសក្រណាត់សុទ្ធតែមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ការចម្លង​ជំងឺ ប៉ុន្តែមិនមែនមានន័យថាបើពាក់ម៉ាសទាំងពីរមុខងារនឹងកើនឡើងទ្វេដងឡើយ” ។

ភ័ស្តុតាងដែលបញ្ជាក់ពីការអះអាងរបស់លោក Kobayashi ត្រូវបានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រជប៉ុន Riken ប្រកាស​កាល​ពីថ្ងៃទី ៤ ខែមីនា។ ក្រុមអ្នកស្រាវជ្រាវជំងឺឆ្លងប្រើកុំព្យូទ័រ Fugaku សម្រាប់វិភាគថាតើម៉ាសមួយដែលល្មមទម្រង់មុខអាចការពារការរាលដាលនៃដំណកដង្ហើមដែរឬទេ។

យោងតាមក្រុមអ្នកស្រាវជ្រាវ ពាក់ម៉ាសដែលល្មមនឹងទម្រង់មុខអាចការពារការរីករាលដាលនៃដំណក់ដង្ហើមបានប្រហែលជា ៨៥ % ប៉ុន្តែប្រសិនបើមានចន្លោះត្រង់កន្លែងណាមួយ តួលេខនេះធ្លាក់ចុះសល់ ៦៩ % ។ ប្រសិនបើអ្នកពាក់ម៉ាសនៅខាងក្នុង ហើយពាក់ម៉ាសក្រណាត់បន្ថែមខាងក្រៅ ប្រសិទ្ធភាពកើនឡើងត្រឹមតែ ៤% ប៉ុណ្ណោះ។

ដូច្នេះអ្វីដែលអ្នកគួរតែយកចិត្តទុកដាក់មិនមែនពាក់ម៉ាសប៉ុន្មានស្រទាប់ឬម៉ាសប៉ុន្មានជាន់ទេ ប៉ុន្តែត្រូវពាក់ម៉ាស​យ៉ាង​ណាអោយល្មមនឹងទម្រង់មុខ។

លោក Kobayashi ពន្យល់បន្ថែមពីរបៀបពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ “កន្លែងដែលត្រូវបាំងគឺត្រង់ច្រមុះ សងខាង និងផ្នែកខាងក្រោមម៉ាស។ គួរតែពាក់ម៉ាសដែលមានខ្សែយឺតត្រង់ច្រមុះ ដើម្បីអោយការបិទបាំងកាន់តែប្រសើរ។ លើសពីនេះម៉ាសច្រើនតែមានផ្នត់បត់ ​ដូច្នេះ​សូមប្រយ័ត្នថាផ្នត់ទាំងនោះត្រូវបានពន្លាតចេញអស់ ហើយមិនបញ្ចេញ​​ផ្នែក​ណា​មួយ​លើ​ទម្រង់មុខ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: