មន្ត្រីរាជការជប៉ុនត្រូវពិន័យព្រោះចេញពីកន្លែងធ្វើការមុន ២ នាទី
កាលពីថ្ងៃទី ១០ ខែមីនា ក្រុមប្រឹក្សាអប់រំទីក្រុង Funabashi ខេត្ត Chiba បានប្រកាសដាក់វិន័យបុគ្គលិកមួយចំនួនដែលចាកចេញពីការិយាល័យមុន ២ នាទី។ បុគ្គលិកទាំងនោះបានអោយដឹងថាពួកគេចេញមុនម៉ោង ព្រោះចង់ឡើងអោយទាន់ឡានក្រុងដើម្បីទៅផ្ទះ។
ក្រុមប្រឹក្សាអប់រំបានរកឃើញថាមាន ៣១៦ ករណីចេញពីការិយាល័យមុនម៉ោងចាប់ពីខែឧសភាឆ្នាំ ២០១៩ ដល់ខែមករាឆ្នាំ ២០២១ ដែលទាក់ទងនឹងបុគ្គលិកចំនួន ៧ នាក់។
ដំបូងគឺបុគ្គលិកស្រីអាយុ ៥៩ ឆ្នាំទទួលបន្ទុកគ្រប់គ្រងវត្តមាន។ និយោជិករូបនេះត្រូវគេពិន័យព្រោះបានសរសេរលើកាតពេលវេលាចាកចេញពីការិយាល័យនៅម៉ោង ៥ៈ១៥ នាទីល្ងាច ខណៈពេលដែលនាង និងបុគ្គលិកផ្សេងទៀតចេញពីការិយាល័យនៅម៉ោង ៥ៈ១៣ នាទីល្ងាច ដើម្បីឡើងឡានក្រុងនៅម៉ោង ៥ៈ១៧ នាទី។ ក្រៅពីនេះគាត់ត្រូវពិន័យកាត់ប្រាក់មួយភាគដប់នៃប្រាក់ខែក្នុងរយៈពេល ៣ ខែ ប្រហែល ១៣៧.០០០ យ៉េន ដើម្បីទូទាត់សងពេលវេលាដែលសម្រាកមុនពេលកំណត់។
អ្នកដែលធ្វើខុសរួមមាននាយកប្រុសអាយុ ២៧ ឆ្នាំ បុគ្គលិកស្រីអាយុ ៦០ ឆ្នាំ អ្នកទាំងពីរត្រូវកត់ត្រាជាលាយលក្ខណ៍អក្សរ។ រីឯបុគ្គលិក ៤ នាក់ផ្សេងទៀតក៏ត្រូវទទួលការព្រមានចំពោះទង្វើចេញមុនម៉ោងផងដែរ។
នៅពេលត្រូវបានក្រុមប្រឹក្សាអប់រំសួរថាហេតុអ្វីបានជាពួកគេឈប់សម្រាកមុនម៉ោង បុគ្គលិកបានអោយដឹងថាពួកគេចង់ទៅផ្ទះមុនម៉ោង។ ប្រសិនបើខកខានឡើងឡានក្រុងម៉ោង ៥ៈ១៧ នាទី អ្នកត្រូវរង់ចាំឡានក្រុងបន្ទាប់នៅម៉ោង ៥ៈ៤៧ នាទីល្ងាច។
ភាគច្រើនយោបល់អ្នកប្រើបណ្តាញអុីនធឺណេតបង្ហាញថាពួកគេយល់ពីអារម្មណ៍របស់បុគ្គលិកទាំងនោះ។
- តើមានប៉ុន្មានក្រុមហ៊ុនបង់ប្រាក់អោយបុគ្គលិករាល់នាទីដែលគេនៅធ្វើការ? ប្រសិនបើពួកគេពិតជាបង់ប្រាក់បែបនោះ ដូច្នេះបុគ្គលិកនឹងនៅអោយគ្រប់នាទី។
- នៅតែប្រើកាតកំណត់ពេលវេលាឬ? វាហួសសម័យហើយ។
- ប្រសិនបើដឹងអំពីកាលវិភាគឡានក្រុង ជាការប្រសើរគួរតែរៀបចំពេលវេលាអោយបុគ្គលិកចេញមុនម៉ោងបន្តិច។
- មន្ត្រីរាជការមិនអាចរៀបចំពេលវេលាបត់បែនបានទេ ពួកគេគួរតែពិភាក្សាជាមួយសហជីពអំពីការផ្លាស់ប្តូរម៉ោងឬប្តូរទៅពេលវេលាដែលអាចបត់បែនបាន។
នៅប្រទេសជប៉ុន កន្លែងធ្វើការមួយចំនួន ប្រសិនបើអ្នកមកដល់មុន ១០ នាទីនោះអ្នកយឺតទៅហើយ។ ជាទូទៅបុគ្គលិកមកដល់មុនពេលកំណត់ ប៉ុន្តែមិនមានន័យថាអ្នកអាចចេញមុនពេលកំណត់ទេ។ មនុស្សជាច្រើនធ្វើការលើសម៉ោងតែមិនមានប្រាក់ឈ្នួលបន្ថែមឡើយ។
ប្រភព Sankei News
Sacchan