គ្រោងឆ្អឹងស្ត្រីដែលបាត់ខ្លួនក្នុងគ្រោះមហន្តរាយត្រូវបានរកឃើញ​ក្នុង​ឱកាសគម្រប់ខួប ១០ ឆ្នាំ

អដ្ឋិធាតុរបស់ស្ត្រីម្នាក់ដែលគេរកឃើញកាលពីខែកុម្ភៈនៅក្បែរឆ្នេរសមុទ្រត្រូវបានបញ្ជាក់ពីអត្តសញ្ញាណ។ ជនរងគ្រោះ​ជា​ស្ត្រីដែលបានបាត់ខ្លួនក្នុងគ្រោះថ្នាក់រញ្ជួយដី និងរលកយក្សស៊ូណាមិនៅប្រទេសជប៉ុនឆ្នាំ ២០១១ ។

ប៉ូលីសក្នុងតំបន់បានអោយដឹងថា ពួកគេរកឃើញគ្រោងឆ្អឹងជាមួយនឹងលលាដ៍ក្បាលកាលពីថ្ងៃទី ១៧ ខែកុម្ភៈ នៅ​លើ​ឆ្នេរសមុទ្រភាគឦសានខេត្ត Miyagi ។

រូបភាព https://www.japantimes.co.jp/

ការកំណត់អត្តសញ្ញាណរបស់ស្រ្តីរងគ្រោះត្រឹមរយៈពេលប៉ុន្មានថ្ងៃមុនពេលប្រទេសជប៉ុនរៀបចំព្រឹត្តិការណ៍គម្រប់​ខួប ១០ ឆ្នាំគ្រោះថ្នាក់​រញ្ជួយដី និងរលកយក្សស៊ូណាមិកើតឡើង។

ដោយផ្អែកលើលទ្ធផលវិភាគ ADN និងទន្តពេទ្យផ្នែកកោសល្យវិច័យបានអោយដឹងស្រ្តីជនរងគ្រោះមានឈ្មោះ Natsuko Okuyama អាយុ ៦១ ឆ្នាំជាអ្នកស្រុកតំបន់ Higashimatsushima ខេត្ត Miyagi ។ គាត់បានបាត់ខ្លួននៅ​ពេល​គ្រោះ​មហន្តរាយ​កើតឡើងកាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាកូនប្រុសរបស់លោកស្រី Natsuko Okuyama បានថ្លែងអំណរគុណយ៉ាងស្មោះ​ចំពោះ​អ្នកដែលរកឃើញអដ្ឋិធាតុម្តាយរបស់គាត់។

“ខ្ញុំត្រេកអរណាស់ដែលនៅទីបំផុតម្តាយខ្ញុំត្រូវបានរកឃើញ ជាពិសេសក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនៃគ្រោះមហន្តរាយ​នេះ។ ទាំងនេះធ្វើអោយខ្ញុំអាចរួចពីស្រមោលអតីតកាល ហើយបន្តបោះជំហានទៅមុខទៀត” ។

យោងតាមប៉ូលីសក្នុងតំបន់បានអោយដឹងមានមនុស្សម្នាក់កំពុងដើរក្នុងបរិវេណក្រុមហ៊ុននៅស្រុក Nobiru ក្បែរឆ្នេរ​សមុទ្រមើលឃើញវត្ថុចម្លែកដែលស្រដៀងនឹងលលាដ៍ក្បាល ហើយបានទៅរាយការណ៍។

នេះជាលើកទីមួយហើយចាប់តាំងពីខែសីហាឆ្នាំ ២០១២ អដ្ឋិធាតុមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយត្រូវបានគេ​រក​ឃើញនៅ Higashimatsushima ។

មនុស្សជាង ២៥០០ នាក់ត្រូវបានគេកត់សម្គាល់ថាបាត់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់ពីគ្រោះមហន្តរាយនោះ។ ភាគច្រើននៅមិនទាន់រកឃើញឬកំណត់អត្តសញ្ញាណនៅឡើយទេ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: