អត្តន័យរូបសាក់បែបជប៉ុនដែលនិយមរបស់ Yakuza
ពេលនិយាយពីរូបសាក់ ជនជាតិជប៉ុនតែងគិតទៅដល់ Yakuza ដែលជាក្រុមអន្តពាល ឬក្រុមប្រឆាំងនឹងសង្គម។ ដូច្នេះកន្លែងត្រាំទឹកក្តៅ ឬអាងហែលទឹកមួយចំនួនហាមមិនអោយអ្នកដែលមានរូបសាក់ចូល។
ទោះជាយ៉ាងណា រូបសាក់តាមបែបជប៉ុនបែរជាពេញនិយមនៅលើពិភពលោក។ រូបទាំងនេះគេហៅថា Wabari មើលទៅឡូយណាស់ ប៉ុន្តែតើអ្នកយល់ពីអត្តន័យរូបទាំងនោះដែរទេ?
ថ្ងៃនេះខ្ញុំនឹងណែនាំអោយអ្នកបានដឹង។
រូបភាព https://i-kyu.com/irezumi_zuan_201804/
រូបសាក់ដែលពេញនិយមជាងគេគឺរូបនាគ។
នាគបង្កប់អត្តន័យនៃភាពជោគជ័យ នាគហោះដូចក្នុងរូបគេហៅថា “Nobori Ryuu” នាំមកនូវប្រផ្នូលល្អ។ លើសពីនេះចំនួនក្រញាំនាគបង្ហាញពីកម្រិតឋានៈ ជាទូទៅពី ៣ ទៅ ៥ ចំនួនក្រញាំកាន់តែច្រើនកាន់តែល្អ។
រូបខ្លា
ប្រសិនបើនាគបង្ហាញពីភាពរឹងមាំខាងចិត្តគំនិត រីឯខ្លាបង្ហាញពីភាពរឹងមាំខាងរាងកាយ។
ត្រីគល់រាំង
ត្រីគល់រាំងហែលបញ្ច្រាសទឹក ដូច្នេះវាតំណាងអោយកម្លាំង រឿងព្រេងជប៉ុនតំណាលថាត្រីគល់រាំងហែលបញ្ច្រាសទឹកប្រែក្លាយជានាគ។
រូបហង្ស
ភាគច្រើនរូបហង្សសំដៅទៅលើស្រ្តី ពីព្រោះវាជានិមិត្តរូបនៃសេចក្តីស្រឡាញ់ សន្តិភាព និងសុភមង្គល។
ពស់
ពស់ជានិមិត្តរូបនៃសំណាង ហើយមនុស្សជាច្រើនជឿថាអ្នកអាចសន្សំប្រាក់ដោយដាក់ស្បែកពស់ក្នុងកាបូប។ ខ្ញុំមិនដឹងថាប្រទេសរបស់អ្នកមានជំនឿយ៉ាងណា រីឯជប៉ុនជឿថាសត្វពស់ជាសញ្ញាល្អ ពិសេសពស់ស។
អណ្តើក
ក្នុងរឿងព្រេងជប៉ុន សត្វអណ្តើកអាចរស់បាន ១ ម៉ឺនឆ្នាំ ដូច្នេះវាមានអត្ថន័យថាអាយុយឺនយូរ និងអមត។ ជាការពិតសត្វអណ្តើកមិនរស់ដល់ ១ ម៉ឺនឆ្នាំនោះទេ។
ក្បាលដែលទើបនឹងកាប់
ប្រហែលជាមនុស្សភាគច្រើនភ័យខ្លាចនៅពេលមើលឃើញរូបភាពនេះ ប៉ុន្តែវាមានអត្តន័យប្រៀបដូចជាយ័ន្តការពារជីវិត។
Ashura
នេះជារូបទេវតាឥណ្ឌាបុរាណ ទេវតាមានមុខ ៣ ដៃ ៦ ជាទេវតានៃអំពើហឹង្សា និងជម្លោះ។ សាកសមសម្រាប់ក្រុម Yakuza ។
Bishamonten
រូប Bishamonten ក្នុងព្រះពុទ្ធសាសនាមានន័យថាការការពារ បួងសួងសូមអោយមានសំណាងល្អ ប្រទានទ្រព្យសម្បត្តិ ភាពរុងរឿង និងវាងវៃ។
Unicorn
ជាសត្វដ៏ពិសិដ្ឋក្នុងរឿងព្រេង មានកន្ទុយគោ និងជើងសេះ សត្វឈ្មោលមានស្នែកលើក្បាល។ Unicorn ជានិមិត្តរូបនៃសំណាង។
ពាក្យ Kirin ក្នុង Kirin Beer ជាពាក្យ Kirin មិនមែនសត្វកវែងឡើយ (ពាក្យ Kirin ដែលសរសេរជា Katakana ទើបសំដៅលើសត្វកវែង) ។ គេជឿថា Kirin នាំព្រលឹងអ្នកស្លាប់ ដូច្នេះការរចនាឡានដង្ហែសពក៏យកគំរូតាមនោះដែរ។
ត្រីមាស
ត្រីមាសកើតកូនត្រីច្រើន ដូច្នេះវាជានិមិត្តរូបនៃ “កូនចៅ” ពេញផ្ទះ។
កង្កែបជើងបី
កង្កែបជើងបីហាមាត់ធំចាំទទួលប្រាក់ ដូច្នេះនរណាចង់ក្លាយជាអ្នកមាន គេប្រាកដជាសាក់រូបកង្កែបជើងបីនេះ។
រូបសាក់បែបជប៉ុនបង្ហាញពីអត្តន័យរបស់ Yakuza ម្នាក់ៗ ហេតុដូច្នេះ Yakuza ជ្រើសរើសរូបដែលសាកសមនឹងខ្លួន។ ទាំងនេះជារូបសាក់ដែលពេញនិយម នៅមានរូបសាក់ជាច្រើនផ្សេងទៀត។
នៅក្នុងសង្គមជប៉ុនសព្វថ្ងៃ មនុស្សភាគច្រើនគិតថារូបសាក់សម្រាប់ Yakuza ដូច្នេះប្រសិនបើអ្នកចង់សាក់រូប អ្នកគួរតែពិចារណាអោយបានច្បាស់។
Kengo Abe