លោកតាអាយុ ៧៤ ឆ្នាំធ្វើគំរូអាហារក្លែងក្លាយពីក្រដាសដូចម្ហូបពិត

រូបភាព https://www.nippon.com/

កាលពីពេលថ្មីៗនេះរូបភាពអាហារទាំងនេះទទួលការចាប់អារម្មណ៍ពីអ្នកនិយមលេងអុីនធឺណេត។ នេះជាស្នាដៃរបស់​លោក​តា​អាយុ ៧៤ ឆ្នាំម្នាក់ ធ្វើម្ហូបក្លែងក្លាយចំនួន ២០០ ប្រភេទខុសគ្នារួមមានម្ហូប នំចំណីដែលធ្វើពីក្រដាស។

រូបភាព https://www.nippon.com/

នៅប្រទេសជប៉ុនគំរូអាហារជ័រត្រូវបានគេដាក់តាំងក្នុងភោជនីយដ្ឋាន ជួយអោយអតិថិជនមើលឃើញមុខម្ហូបបាន​យ៉ាង​ងាយ​ស្រួល ហើយក៏ជួយអោយភោជនីយដ្ឋានទាក់ទាញភ្ញៀវកាន់តែច្រើនផងដែរ។

ជាទូទៅគំរូអាហារក្លែងក្លាយទាំងនេះផលិតពីជ័រ vinyl មានលាបប្រេងធ្វើអោយភ្លឺរលោង។ ក្រៅពីគំរូអាហារជ័រក៏មានវិចិត្រករជនជាតិជប៉ុនម្នាក់ធ្វើម្ហូបដោយប្រើអំបោះប៉ាក់។ មិនត្រឹមតែប៉ុណ្ណឹងជាមួយការច្នៃប្រឌិត និងចំណង់ចំណូលចិត្តរបស់ខ្លួន លោកតាជនជាតិជប៉ុនប្រើក្រដាស washi ធ្វើគំរូអាហារក្លែងក្លាយដែលគួរអោយទាក់​ទាញ​ភ្នែក។

លោកតា Kazuhiko Nishitaki រស់នៅ Osaka មានចំណង់ចំណូលចិត្តធ្វើគំរូអាហារក្រដាសតាំងពីឆ្នាំ ២០១៦ ។ យោងទៅតាមសារព័ត៌មាន Asahi Shimbun បានអោយដឹងថារឿងនេះចាប់ផ្តើមនៅពេលដែលគាត់ធ្វើអាហារសម្រន់​ក្រដាសបញ្ឆោតប្រពន្ធរបស់គាត់ បន្ទាប់មកគាត់ក៏ធ្វើកាន់តែច្រើនឡើង ហើយដឹងថាខ្លួនក៏មានទេពកោសល្យ​ផងដែរ។

រូបភាព https://www.nippon.com/

កាលពីខែកុម្ភៈឆ្នាំ ២០១៩ កូនប្រុសរបស់លោកតា Kazuhiko ឈ្មោះ Naoto Nishitaki បានចាប់ផ្តើមបើកគណនី Twitter ដោយប្រើឈ្មោះថា @meganenooo មានន័យថា “លោកតាពាក់វែនតា” ។ កូនប្រុសរបស់លោកតាចង់រក្សារូបភាពគំរូអាហារដែលឪពុករបស់គាត់ធ្វើ ហើយគាត់មានអារម្មណ៍សោកស្តាយដែលត្រូវបោះវាចោល ព្រោះនោះជាការ​ខិត​ខំ​របស់ឪពុកគាត់។

មិនត្រឹមតែមុខម្ហូបមួយប៉ុណ្ណោះទេមានមុខម្ហូបជាច្រើនត្រូវបានធ្វើឡើងដោយដៃរបស់បុរសចំណាស់ម្នាក់ដែលមាន​អាយុ ៧៤ ឆ្នាំ។ ការបង្កើតផលិតផលទាំងនេះជួយឱ្យគាត់អាចរកប្រាក់ចំណូល បន្តចំណង់ចំណូលចិត្ត និងប្រើ​ពេលវេលាទំនេររបស់ខ្លួនយ៉ាងប្រសើរ។

ឪពុក និងកូនមានគណនីរួមដែលពួកគេប្រើដើម្បីចែករំលែករូបថតគំរូអាហារក្រដាសរបស់លោកតា Kazuhiko Nishitaki ។ នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយកាសែត Nippon កូនប្រុសលោកតា Naoto Nishitaki បាន​អោយ​ដឹងថាឪពុកគាត់ចាប់ផ្តើមប្រើបណ្តាញសង្គមដើម្បីមើលលទ្ធផលការងាររបស់គាត់។

នៅពេលចាប់ផ្តើមធ្វើគំរូអាហារ គាត់តែងតែទិញគំរូមុខម្ហូបពិតដើម្បីពិនិត្យមើលពណ៌ដែលចាំបាច់។ តាំងពីដំណាក់​កាល​ត្រៀមរហូតដល់ដំណើរការអនុវត្តវាពិតជាត្រូវគិតគូរច្រើន។

នៅពេលដែលលោកតា Kazuhiko Nishitaki ចាប់ផ្តើមធ្វើគំរូអាហារក្រដាសនៅឆ្នាំ ២០១៦ គាត់ប្រើក្រដាស​កាតុងធ្វើជាផ្ទៃក្រោយមុនពេលបិតក្រដាសឬក្រណាត់។ ទោះជាយ៉ាងណាយូរៗទៅគាត់ឃើញថាវិធីនេះធ្វើអោយ​គំរូអាហារ​ផុយស្រួយទុកមិនបានយូរ។

រូបភាព https://www.nippon.com/

បច្ចុប្បន្នលោកតាប្រើក្រដាស papier-mâché បង្កើតជាស្រទាប់ដើម ហើយគ្របក្រដាសជប៉ុនពីលើ។

គំរូអាហារក្រដាសត្រូវបានធ្វើពីក្រដាសពណ៌ទាំងស្រុង និងមិនចាំចាច់ជ្រលក់ពណ៌បន្ថែមទេ។ ដើម្បីធ្វើគំរូអាហារដូច​ពិត លោតតា Kazuhiko មានក្រដាសពណ៌ខុសៗគ្នាជាច្រើន ហើយគាត់ក៏រក្សាកំទេចក្រដាសក្នុងថង់ប្លាស្ទិច​ផង​ដែរ។

រូបភាព https://www.nippon.com/

គំរូអាហារក្រដាសមួយចំនួនធ្វើក្នុងរយៈពេលតែ ១ ម៉ោងប៉ុណ្ណោះ ខ្លះក៏ចំណាយពេលដល់ទៅ ៣ ថ្ងៃ។

រូបភាព https://www.nippon.com/

អ្នកនិយមលេងអុីនធឺណេតភាគច្រើនមានការភ្ញាក់ផ្អើលនៅពេលដឹងថាគំរូអាហារក្លែងក្លាយទាំងនេះធ្វើពីក្រដាស។ មនុស្សជាច្រើនក៏សរសើរលោកតា Kazuhiko ដែលធ្វើគំរូអាហារស្មុគស្មាញមើលទៅដូចពិតណាស់។ ប្រសិន​បើមិនមើលអោយច្បាស់ អ្នកប្រហែលជាមិនដឹងថាម្ហូបក្លែងក្លាយឡើយ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: