អតីតមន្រ្តីជាន់ខ្ពស់ជប៉ុនសម្លាប់កូនប្រុសរបស់ខ្លួនព្រោះតែរងការវាយធ្វើបាបជាប្រចាំ
អតីតមន្រ្តីជប៉ុនម្នាក់សម្លាប់កូនប្រុសរបស់ខ្លួន ហើយទង្វើរបស់គាត់ត្រូវគេចាត់ទុកថាការពារខ្លួន។
តុលាការជាន់ខ្ពស់ជប៉ុនបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ចំពោះលោក Hideaki Kumazawa អាយុ ៧៦ ឆ្នាំដែលជាអតីតមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីបទឃាតកម្ម។ លោក Kumazawa ត្រូវចោទប្រកាន់ពីបទប្រើកន្ត្រៃចាក់កូនប្រុសរបស់គាត់ជាច្រើនដង នៅត្រង់ក និងទ្រូងដែលបណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងព្រោះបាត់បង់ឈាមច្រើនពេក។
រូបភាព https://www.japantimes.co.jp/
នៅក្នុងសវនាការលោក Kumazawa បានបញ្ជាក់ថាខ្លួនគ្មានទោស អ្វីដែលគាត់បានធ្វើគ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះ។
ក្រុមការពារក្តីរបស់លោក Kumazawa បានស្នើសុំអោយព្យួរទោស ដោយនិយាយថាចុងចោទបានផ្គត់ផ្គង់កូនប្រុសច្បងឈ្មោះ Eiichiro អាយុ ៤៤ ឆ្នាំមានបញ្ហាការវិវត្តនៃការលូតលាស់។ លោកតែងតែត្រូវកូនប្រុសម្នាក់នេះវាយដំ និងធ្វើបាប។ ហើយថ្មីៗនេះគាត់ត្រូវកូនប្រុសវាយធ្វើបាបប្រហែល ៦ ថ្ងៃមុនពេលឃាតកម្ម។
មេធាវីរបស់លោក Kumazawa បានការពារក្នុងសវនាការមុននោះថា “ចុងចោទសម្លាប់គាត់ដើម្បីការពារអាយុជីវិតរបស់ខ្លួន” ។
បន្ទាប់ពីកូនប្រុស Eiichiro បញ្ចប់ថ្នាក់វិទ្យាល័យ លោក Kumazawa បានផ្លាស់អោយគាត់ទៅរស់នៅផ្ទះមួយក្នុងតំបន់ Mejiro ទីក្រុងតូក្យូ។ ទោះយ៉ាងណាព្រះរាជអាជ្ញាបានអោយដឹងថាកូនប្រុសនោះផ្លាស់ទៅផ្ទះម្តាយរបស់គាត់នៅ Nerima មួយសប្តាហ៍មុនពេលមានរឿងនេះកើតឡើង។
ក្នុងអំឡុងសវនាការកាលពីថ្ងៃសុក្រ លោក Kumazawa បានសារភាពការចោទប្រកាន់ពីបទឃាតកម្មនេះដោយនិយាយថា “ខ្ញុំគិតថាតួនាទីរបស់ខ្ញុំត្រូវទទួលស្គាល់ទង្វើអាក្រក់របស់ខ្លួន ហើយសង្ឃឹមថាកូនប្រុសរបស់ខ្ញុំអាចស្ងប់ចិត្តក្នុងពិភពថ្មី” ។
លោក Kumazawa ធ្លាប់ធ្វើការនៅក្រសួងកសិកម្មក្នុងឆ្នាំ ១៩៦៧ ឡើងឋានៈជាអនុរដ្ឋមន្រ្តីក្នុងឆ្នាំ ២០០១។ ក្រោយមកគាត់លាលែងពីតំណែងនៅឆ្នាំបន្ទាប់ ដោយសារមានការរិះគន់ពីភ្នាក់ងារព្រោះគ្មានសមត្ថភាពដោះស្រាយបញ្ហាគោឆ្កួត។
លោកបានបន្តធ្វើជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំសាធារណរដ្ឋឆែកពីឆ្នាំ ២០០៥ ដល់ ២០០៨ ។
ករណីឃាតកម្មនេះទាក់ទាញការចាប់អារម្មណ៍របស់សាធារណជន មួយផ្នែកដោយសារតែមនុស្សវ័យកណ្តាលមួយចំនួនធំមិនប្រាស្រ័យទាក់ទងជាមួយនរណាក្នុងសង្គមដែលគេហៅថា Hikikomori នៅជប៉ុន។ រដ្ឋាភិបាលប៉ាន់ស្មានមនុស្សបែបនេះមានប្រហែល ៦១៣.០០០ នាក់ចន្លោះអាយុពី ៤០ ទៅ ៦៤ ឆ្នាំនៅទូទាំងប្រទេស។
AD