ចង់បានប្រពន្ធ “កូនកំលោះត្រូវព្រមអោយគេបោះពីលើជម្រាលព្រិលដែលមានកម្ពស់ ៥ ម៉ែត្រ”
នៅ Niigata ប្រទេសជប៉ុន ប្រជាជនមានទំនៀមទម្លាប់ជាច្រើនសតវត្សរ៍មកហើយក្នុងការទទួលស្វាគមន៍ “កូនកំលោះ” ឈានចូលជីវិតអាពាហ៍ពិពាហ៍។
ពិធីបុណ្យប្រចាំឆ្នាំនេះគេហៅថា Matsunoyama Mukonage (បោះកូនកំលោះ) បុរសដែលទើបតែរៀបការនៅទីប្រជុំជន Tokamachi នឹងត្រូវគេបោះទម្លាក់ពីជម្រាលព្រិលដែលមានកម្ពស់ប្រហែល ៥ ម៉ែត្រក្នុងបរិវេណប្រាសាទ Yakushidou ។
ពិធីបុណ្យប្រារព្ធធ្វើឡើងនាថ្ងៃទី ១៥ ខែមករា គោលបំណងដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍ថ្មីថ្មោង ទំនៀមទម្លាប់ប្រពៃណីនេះមានអាយុកាល ៣០០ ឆ្នាំមកហើយ ដែលជាសញ្ញាបង្ហាញថាឆ្នាំថ្មីបានមកដល់។
នៅក្នុងព្រឹត្តិការណ៍កូនកំលោះត្រូវគេលីដើរដង្ហែតាមទីក្រុង បន្ទាប់មកផឹកស្រា Sake ប៉ុន្មានកែវមុននឹងទៅដល់ Matsunoyama Onsen លើកំពូលភ្នំ។
ស្រាជាកត្តាដែលជួយឱ្យកូនកំលោះថ្មីថ្មោងទាំងនោះអាចទ្រាំត្រូវគេបោះទម្លាក់ទៅក្នុងព្រិលត្រជាក់។
នៅពេលឡើងដល់កំពូលភ្នំ ពួកគេត្រូវបោះទម្លាក់ពីជម្រាលព្រិលដែលមានកម្ពស់ប្រហែល ៥ ម៉ែត្រ ហើយរមៀលមកត្រង់កន្លែងដែលប្រពន្ធរបស់ពួកគេកំពុងរង់ចាំនៅខាងក្រោម។
បន្ទាប់មកទៀតកូនកំលោះត្រូវដុតភ្លើងកំដៅជំរុំ ពួកគេលាយផេះជាមួយព្រិលដើម្បីប្រារព្ធពិធី “Suminuri” ។ ដើម្បីអោយសំណាងល្អ គូស្វាមីភរិយាលាបល្បាយលើមុខ ហើយបន្ទាប់មកស្រែកថា “Omedetou” – សូមអបអរសាទរ ។
ទំនៀមទម្លាប់មួយនេះមកពីការសងសឹករបស់អ្នកស្រុកក្នុងក្រុង ដោយសារតែបានឆក់យកនារីនៅក្នុងភូមិ។ បន្ទាប់ពីត្រូវគេបោះទម្លាក់ទើបកូនកំលោះទាំងនោះត្រូវបានអ្នកស្រុកទទួលស្គាល់ជាផ្លូវការ។
Sacchan