អាថ៌កំបាំងហាងបើកដំណើរការជាង ១០០០ ឆ្នាំ និងសេចក្តីពន្យល់​អំ​ពី​អាជីវកម្ម​ជប៉ុន

គ្រួសារលោកស្រី Naomi Hasegawa អាយុ ៦០ ឆ្នាំលក់នំ Mochi ដុតក្នុងហាងតូចមួយធ្វើពីឈើក្បែរប្រាសាទបុរាណនៅ​ទី​ក្រុង​ក្យូតូ។

អាជីវកម្មគ្រួសារនេះបើកលក់អស់រយៈពេលជាង ១០០០ ឆ្នាំមកហើយ។ បច្ចុប្បន្នជំងឺរាតត្បាតកំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់ក្យូតូធ្វើអោយចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ ប៉ុន្តែលោកស្រី Hasegawa មិនចាប់អារម្មណ៍នឹងហិរញ្ញវត្ថុ​របស់​ខ្លួនទេ ដូចជាអាជីវកម្មដែលមានអាយុកាលយូរដទៃទៀត ហាង Ichiwa របស់លោកស្រីផ្តោតលើប្រពៃណី និង​ស្ថេរ​ភាពជាជាងប្រាក់ចំណេញ និងកំណើន។ ហាង Ichiwa ធ្លាប់ឆ្លងកាត់សង្រ្គាម គ្រោះមហន្តរាយធម្មជាតិ ជំងឺ​រាត​​ត្បាត និងគ្រោះ​កាច​ជាច្រើន។ ជាង ១០០០ ឆ្នាំមកហើយនំ Mochi ដុតក្នុងហាងនេះនៅតែរក្សារស​ជាតិ​ដើម​ដ​ដែល។​

រូបភាព https://news.yahoo.com/japanese-shop-1-020-years-201224402.html

អាជីវកម្មបែបនេះហាក់ដូចជាមិនមានភាពរឹងមាំបើប្រៀបនឹងអាជីវកម្មផ្សេងទៀត ប៉ុន្តែវត្តមានរបស់វាជាមេរៀន​ជាក់​ស្តែង​មិនត្រូវមើលរំលង។ ជាពិសេសក្នុងស្ថានភាពជំងឺរាតត្បាតដែលបណ្តាលអោយក្រុមហ៊ុនរាប់ពាន់ក្ស័យ​ធន។

សៀវភៅស្តីអំពីសេដ្ឋកិច្ចតែងតែណែនាំអាជីវកម្មរកប្រាក់ចំណេញអោយបានច្រើន ពង្រីកទំហំ ចំណែកទីផ្សារ និង​កំណើន។ ទោះយ៉ាងណាគោលការណ៍ប្រតិបត្ដិការរបស់អាជីវកម្មនីមួយៗមានភាពខុសគ្នា។

គាត់និយាយថា “អាទិភាពទីមួយរបស់អាជីវកម្មដែលមានអាយុកាលយូរត្រូវបន្តប្រតិបត្តិការ”។ “ជំនាន់នីមួយៗដូច​ជាកីឡាកររត់ប្រណាំងបញ្ចូនបន្ត អ្វីដែលសំខាន់ត្រូវបញ្ចូនបន្តទៅមនុស្សបន្ទាប់” ។

ប្រទេសជប៉ុនល្បីព្រោះតែមានអាជីវកម្មដែលមានអាយុកាលយូរយារណាស់មកហើយ។ បច្ចុប្បន្នជប៉ុនមានជាង ៣៣,០០០ ក្រុមហ៊ុនបើកដំណើរការជាង ១០០ ឆ្នាំ មានចំនួន ៤០% ក្នុងចំណោមក្រុមហ៊ុនដែលមានអាយុកាលយូរនៅ​លើ​ពិភព​លោក។ អាជីវកម្មជាង ៣,១០០ បើកដំណើរ​ការយ៉ាង​ហោច​ណាស់ ២ សតវត្សរ៍ ប្រហែល ១៤០ ក្រុមហ៊ុនដំណើរការរយៈពេលជាង ៥០០ ឆ្នាំ ហើយយ៉ាង​ហោច​ណាស់​មាន​អាជីវកម្មចំនួន ១៩ អះអាងថាពួកគេបានធ្វើអាជីវកម្មតាំងពីសហស្សវត្សរ៍ដំបូង។

មិនមែនអាជីវកម្មដែលមានអាយុកាលយូរទាំងអស់សុទ្ធតែដូចហាង Ichiwa អាចដឹងពីដើមកំណើតហាងនោះទេ។

រូបភាព https://www.nytimes.com/2020/12/02/business/japan-old-companies.html

អាជីវកម្មដែលមានអាយុកាលរាប់រយឆ្នាំគេហៅថា “shinise” ជាមោទនភាពនៅក្នុងតំបន់។ រដ្ឋាភិបាលក្នុងតំបន់ក៏ដូចជាវិស័យទេស​ចរណ៍​ខំប្រឹងផ្សព្វផ្សាយផលិតផលហាងរបស់ពួកគេ។ នៅជប៉ុនមានសៀវភៅបង្រៀនគ្រប់គ្រងអាជីវកម្មពន្យល់ពីអាថ៌កំបាំងនៃភាពជោគជ័យរបស់អាជីវកម្មដែលមានអាយុកាលយូរ ជាមួយនឹងករណីសិក្សាជាច្រើនសម្រាប់វិភាគ។

ភាគច្រើនអាជីវកម្មបុរាណដូចជាហាង Ichiwa លក់ផលិតផលបែបប្រពៃណី ហើយត្រូវបានគ្រប់គ្រងដោយគ្រួសារ។ ប៉ុន្តែក៏មានក្រុមហ៊ុនសាជីវកម្មធំៗមួយចំនួនដូចជាយីហោទឹកស៊ីអុីវ Kikkoman បង្កើតឡើងក្នុងឆ្នាំ ១៩១៧ ឬក្រុម​ហ៊ុន Nintendo ផលិតហ្គេមមានអាយុកាល ១៣១ ឆ្នាំមកហើយ។

លោកស្រី Naomi Hasegawa និយាយថាអាជីវកម្មដែលចង់បើកបន្តរយៈពេលយូរ មិនត្រឹមតែរកប្រាក់ចំណេញប៉ុណ្ណោះទេ ពួកគេត្រូវមានគោលដៅខ្ពស់ជាងនេះ ចំពោះបំណងហាង Ichiwa ចង់បម្រើអតិថិជន។

តម្លៃទាំងនោះគេហៅថា “kakun” ជាការណែនាំរបស់គ្រួសារ។ ទាំងនោះជួយជម្រុញដល់ការសម្រេចរបស់អាជីវកម្មជាច្រើនជំនាន់។ ពួកគេយកចិត្តទុកដាក់ចំពោះបុគ្គលិក ជួយសហគមន៍ ព្យាយាមបង្កើតផលិតផលដែលមានមោទនភាព និងបំផុសគំនិតជា​និច្ច។

រូបភាព https://www.nytimes.com/2020/12/02/business/japan-old-companies.html

ពាក្យស្លោកហាង Ichiwa គឺធ្វើរឿងតែមួយគត់ និងធ្វើអោយបានល្អ ជាវិធីសាស្រ្តដែលអាជីវកម្មជប៉ុនខិតជិតអតិថិជន។ ក្រុមហ៊ុនបានបដិសេធឱកាសពង្រីកហាងជាច្រើនដង រួមទាំងការស្នើអោយសហការដឹកជញ្ជូនពី Uber Eats ។ នំ Mochi នៅតែជាមុខម្ហូបតែ​មួយ​គត់​ក្នុង​ម៉ឺនុយ ប្រសិនបើភ្ញៀវចង់ផឹកអ្វីម្យ៉ាងហាងមានតែបៃ​តង​លីងបន្ថែមទៀត។

ក្រុមហ៊ុនជប៉ុនដែលមានអាយុកាលយូរមានជំហរដូចគ្នាគឺចៀសវាងហានិភ័យ មួយផ្នែកដោយសារវិបត្តិដែលពួកគេធ្លាប់ជួបកាលពីមុន។

នេះជាលក្ខណៈទូទៅរបស់អាជីវកម្មជប៉ុន ហើយក៏ជាមូលហេតុ​ដែលថាប្រទេសជប៉ុនអាចចៀសវាងអត្រាក្ស័យធនក្នុងអំឡុងជំងឺរាត​ត្បាត។ អ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs ឈ្មោះ Tomohiro Ota និយាយថាទោះបីពួកគេរកបានប្រាក់ចំណេញខ្លះ ក៏មិនបង្កើនការចំណាយដើមទុនរបស់ខ្លួនដែរ។

Shinise (អាជីវកម្មដែលមានអាយុកាលយូរ) ភាគច្រើនមានកន្លែងផ្ទាល់ខ្លួនមិនចាំបាច់ជួលកន្លែង ហើយពឹងផ្អែក​លើក​ម្លាំងពលកម្មរបស់សមាជិកគ្រួសារ ដើម្បីកាត់បន្ថយថ្លៃដើមប្រាក់ខែ ដូច្នេះពួកគេអាចបម្រុងទុកសាច់ប្រាក់។ នៅពេលដែលសាស្រ្តាចារ្យសាលាសេដ្ឋកិច្ច Toshio Goto ធ្វើការស្ទង់មតិចំពោះក្រុមហ៊ុនដែលមានអាយុកាលយ៉ាង​ហោចណាស់ ១០០ ឆ្នាំ ជាងមួយភាគបួននិយាយថាពួកគេមានដើមទុនគ្រប់គ្រាន់អាចដំណើរការរយៈពេល ២ ឆ្នាំ​ឬយូរជាងនេះ។

រូបភាព https://www.nytimes.com/2020/12/02/business/japan-old-companies.html

ទោះជាយ៉ាងណាមិនមានន័យថាអាជីវកម្មមិនរាំងស្ទះនោះទេ។ ក្រុមហ៊ុនជាច្រើនចាប់ផ្តើមបើកតាំងពីសតវត្សរ៍ទី ១៧ នៅពេលជប៉ុន​បិទ​ទ្វារ​មិនទំនាក់ទំនងជាមួយពិភពលោក ដើម្បីបង្កើតបរិយាកាសអាជីវកម្មប្រកបដោយស្ថេរភាព។ ជាច្រើនសតវត្សកន្លងមកដើម្បីរក្សាតុល្យភាពរវាងការថែរក្សាប្រពៃណី និងសម្របខ្លួនក្នុងស្ថានភាពទីផ្សារដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

អាជីវកម្មមួយចំនួនសម្រេចពង្រីកផលិតផលដើម ដូចជាក្រុមហ៊ុន NBK ចាប់ផ្តើមផលិតកំសៀវទឹកក្តៅដែកក្នុងឆ្នាំ ១៥៦០ បច្ចុប្បន្នកំពុងផលិតគ្រឿងបន្លាស់ម៉ាស៊ីនបច្ចេកវិទ្យាខ្ពស់ជាងមុន។ Hosoo ជាអ្នកផលិត Kimono មានអាយុកាល ៣៣២ ឆ្នាំនៅក្យូតូ បានពង្រីកអាជីវកម្មវាយនភណ្ឌទៅជាគ្រឿងសង្ហារឹមក្នុងផ្ទះ និងគ្រឿង​អេឡិចត្រូនិច។

លោកស្រី Hasegawa បានសារភាពថាពេលខ្លះគាត់មានសម្ពាធចំពោះប្រវត្តិដ៏យូរអង្វែងរបស់ហាង។ ទោះបីជាអាជីវកម្ម​មិននាំមកនូវប្រាក់ចំណេញច្រើន ប៉ុន្តែសមាជិកគ្រួសារតាំងពីក្មេងរហូតដល់ចាស់ទទួលពាក្យ​ទូន្មាន​ដរាប​​ណា​​មានអ្នកនៅរស់ត្រូវតែបន្ត​ហាង។

“មូលហេតុចម្បងដែលយើងមិនបញ្ឈប់អាជីវកម្ម ដោយសារតែយើងទាំងអស់គ្នាស្អប់គំនិតក្លាយជាអ្នកធ្វើអោយអាជីវកម្មបាត់បង់” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: