ជប៉ុនបានអនុម័តច្បាប់ហាមឃាត់ការលួចចម្លង Manga តាម​អុីនធឺណេត

កាលពីថ្ងៃសុក្រសប្ដាហ៍​មុនរដ្ឋសភាជប៉ុនបានអនុម័តច្បាប់ស្តីអំពីការលួចចម្លងតាមអុីនធឺណេត ដើម្បីរឹតបន្តឹង​ត្រួតពិនិត្យការរក្សាសិទ្ធិចំពោះមាតិកាលើអុីនធឺណេត។ ជាពិសេសខ្លឹមសារច្បាប់ហាមឃាត់ការបង្ហោះ Manga ទស្សនាវដ្តី និងអក្សរសាស្ត្រសិល្បៈខុសច្បាប់។

ច្បាប់បន្ថែមក៏អនុវត្តផងដែរចំពោះ “leech website” ជាវេបសាយផ្តល់ឯកសារលួចចម្លងសម្រាប់អ្នកប្រើប្រាស់​ទាញ​យកតំណខុសច្បាប់។ ច្បាប់ហាមឃាត់នេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ខណៈការរឹតត្បិតចំពោះ​វេបសាយខាងលើត្រូវបានអនុម័តនៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០ ។

រូបភាព kyodonews

ការធ្វើវិសោធនកម្មច្បាប់ធ្វើឡើងព្រោះតែចំនួនគេហទំព័រលួចចម្លងខុសច្បាប់ និង leech website កើនឡើង ជាពិសេសគេហទំព័រ Mangamura មានអ្នកចូលមើលជាង ១០០ លាននាក់ក្នុងមួយខែមុននឹងត្រូវបិទកាលពីខែមេសា​ឆ្នាំ ២០១៨  ព្រោះតែសកម្មភាពលួចចម្លង Manga ល្បីដូចជា “Attack on Titan” និង “One Piece” ។ គេហទំព័រ​ទាំង​នោះបណ្តាលអោយខូចខាតដល់អ្នកបោះពុម្ពផ្សាយប្រមាណ ៣០០ ពាន់លានយ៉េន។ ទោះជាយ៉ាងណាច្បាប់បន្ថែម​លើកលែងករណីមួយចំនួន ដោយមានការព្រួយបារម្ភថាការរឹតត្បិតនឹងរារាំងការប្រើប្រាស់​អុីនធឺណេត និង​សេរីភាព​​ក្នុង​ការ​និយាយ។

ទីភ្នាក់ងារទទួលបន្ទុកកិច្ចការវប្បធម៍រាយការណ៍ករណីលើកលែងរួមមានការទាញយកស៊ុបរូបភាពរឿងប៉ុន្មានទំព័រ​ឬដប់ម្ភៃទំព័ររឿងប្រលោមលោកដែលសរុបរាប់រយទំព័រ។

ស្នាដៃដែលបង្កើតឡើងខ្លួនឯងឬស្នាដៃបន្ថែមក៏ទទួលការលើកលែង លើសពីនេះករណីអ្នកប្រើស្មាតហ្វូនថតរូបការ​បោះ​ពុម្ពរក្សាសិទ្ធិដោយចៃដន្យក៏ត្រូវបានលើកលែងផងដែរ។

ចំពោះសកម្មភាពទាញយកខុសច្បាប់ការពិន័យសម្រាប់អ្នកដែលប្រព្រឹត្តម្តងហើយម្តងទៀតនឹងត្រូវជាប់ពន្ធនា​គារ​រយៈ​ពេល ២ ឆ្នាំឬពិន័យជាប្រាក់ ២ លានយ៉េន (ឬពិន័យទាំងពីរ) ។

សម្រាប់អ្នកគ្រប់គ្រងគេហទំព័រត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំឬពិន័យជាប្រាក់ ៥ លានយ៉េន (ឬពិន័យទាំងពីរ) ។

កាលពីឆ្នាំមុនរដ្ឋាភិបាលព្យាយាមដាក់ស្នើច្បាប់ប្រឆាំងនឹងការលួចចម្លងតាមអុីនធឺណេតស្រដៀងគ្នាក្នុងសម័យប្រជុំ​សភា ប៉ុន្តែត្រូវផ្អាកព្រោះតែប្រតិកម្មរបស់សិល្បករ Manga និងអ្នកជំនាញ។ ពួកគេគិតថាវិធានការត្រួតពិនិត្យមានលក្ខណៈទូលំទូលាយពេក ហើយវាអាចរារាំងសកម្មភាពស្របច្បាប់ដូចជាការស្រាវជ្រាវជាដើម។

យោងតាម Publishers PR Center គិតត្រឹមខែវិច្ឆិកាឆ្នាំមុនមានគេហទំព័រលួចចម្លងជាង ៥០០ ផ្តោតលើអ្នកមើល​ជន​ជាតិជប៉ុន ដែលក្នុងនោះគេហទំព័រចំនួន ១០ ទទួលបានអ្នកចូលមើលប្រមាណ ៦៥ លានដងក្នុងមួយខែ ម្យ៉ាងក្នុងនោះមាន ៧ គេហទំព័រមាន​តំណ​ភ្ជាប់សម្រាប់ទាញយក។

មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារនិយាយថា “ច្បាប់ថ្មី” ត្រូវគេរំពឹងថាមានអំណោចរារាំងខ្លាំង។ ប្រទេសជប៉ុនក៏ត្រូវសម្រប​សម្រួល និងសហប្រតិបត្តិការក្នុងការស៊ើបអង្កេតលួចចម្លងអន្តរជាតិផងដែរ។

តាមការស្ទង់មតិអនឡាញរបស់ទីភ្នាក់ងារអ្នកឆ្លើយតបប្រហែល ៩០ ភាគរយនិយាយថាពួកគេនឹងឈប់ចូលមើល​ឬ​ប្រើ​គេហទំព័រ​លួចចម្លងប្រសិនបើការទាញយកនោះខុសច្បាប់។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: