តើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ដែល​គ្រោង​​នឹង​​ធ្វើ​ឡើង​​នៅ​​ឆ្នាំ​​ក្រោយ​​គួរ​​តែ​លុប​ចោល ពន្យារ​ពេល ឬ​នៅ​តែ​ប្រារព្ធ​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក?

ក្រោមស្ថានភាពជំងឺរាតត្បាតគ្មានទំនោរអន់ថយខណៈពេលដែលឆ្នាំថ្មីកំពុងមកដល់ តើត្រូវធ្វើយ៉ាងណាចំពោះព្រឹត្តិ​ការណ៍កីឡា​អូឡាំ​ពិក​ទីក្រុង​តូក្យូ?

ទោះបីជាមានប្រភេទថ្នាំវ៉ាក់សាំងមួយចំនួនទទួលបានការអនុម័ត ហើយកំពុងត្រូវបានចែកចាយក្នុងបណ្តាប្រទេស​មួយចំនួនក៏ដោយ យើងនៅតែត្រូវការពេលវេលាដរាបណាមនុស្សគ្រប់រូបអាចសម្របខ្លួន។

ក្រុមអ្នកជំនាញបានអោយដឹងការចែកចាយវ៉ាក់សាំងត្រូវការពេលវេលា ហើយអត្រាឆ្លងនឹងមិនអាចកាត់បន្ថយរហូតដល់ដំណាច់ឆ្នាំ ២០២១ នោះទេ។ ដូច្នេះតើព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលគ្រោងនឹងធ្វើឡើងវិញនៅខែកក្កដាឆ្នាំក្រោយនឹងទៅ​ជា​យ៉ាង​ណា?

ស្ថានីយ៍ទូរទស្សន៍ NHK បានសម្រេចសាកសួរគំនិតប្រជាពលរដ្ឋជប៉ុនចំពោះបញ្ហានេះ។ ពួកគេជ្រើសរើសដោយចៃដន្យ​មនុស្ស​ពេញ​វ័យចំនួន ២១៦៤ នាក់មានអាយុលើសពី ១៨ ឆ្នាំនៅទូទាំងប្រទេស ដើម្បីចូលរួមក្នុងការស្ទង់​មតិតាមទូរស័ព្ទដែលត្រូវបានធ្វើឡើង​ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ ជាមួយនឹងសំណួរ “តើព្រឹត្តិការណ៍កីឡា​អូឡាំពិក​គួរតែលុបចោល ពន្យារពេល ឬនៅតែប្រារព្ធធ្វើឡើងតាមការគ្រោងទុក?”

មានតែ ៥៨ ភាគរយប៉ុណ្ណោះដែលបានផ្តល់ចម្លើយ ក្នុងនោះចម្លើយពីអ្នកចូលរួម ១២៤៩ នាក់ស្មើគ្នាគួរសម។

រូបភាព Soranews

ភាគច្រើនឆ្លើយថាព្រឹត្តិការណ៍កីឡាអូឡាំពិកមិនគួរប្រារព្ធធ្វើឡើងនៅខែកក្កដាឆ្នាំក្រោយទេ ត្រឹមតែ ២៧ ភាគរយឆ្លើយថាគួរតែធ្វើឡើងតាមកាលវិភាគប៉ុណ្ណោះ។ ទាំងនេះផ្ទុយនឹងការស្ទង់មតិកាលពីខែតុលា មាន ៤០% អ្នកឆ្លើយសំណួរដដែលបាននិយាយថាព្រឹត្តិការណ៍កីឡាអូឡាំពិកគួរតែប្រារព្ធធ្វើឡើង។

ទោះបីមានមតិជាច្រើនត្រូវបានលើកឡើង ប៉ុន្តែជាទូទៅទស្សនៈរបស់ពួកគេប្រហាក់ប្រហែលគ្នានោះគឺមិនគួរប្រារព្ធ​ធ្វើឡើង។

  • តើមានមូលហេតុអ្វីបង្ខំអោយត្រូវធ្វើឡើងដែរទេ?
  • បើពិចារណាលើករណីឆ្លងសព្វថ្ងៃវាពិតជាមិនអាចទៅរួចទេ។
  • ប្រសិនបើរដ្ឋាភិបាលមានផែនប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគច្បាស់លាស់ ខ្ញុំក៏សង្ឃឹមថាព្រឹត្តិការណ៍កីឡា​អូឡាំពិកអាចប្រារព្ធធ្វើឡើង។ ប៉ុន្តែបើស្ថានភាពមិនត្រូវបានធានាពិតជាមានការព្រួយបារម្ភណាស់។
  • ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកដែលទទួលផល តើនរណាចង់រក្សាព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ?
  • ខ្ញុំឆ្ងល់ថាតើអ្នកដែលគិតចង់លុបចោលព្រឹត្តិការណ៍កីឡាអូឡាំពិកធ្លាប់គិតដល់ការខិតខំ និងក្តីស្រមៃរបស់អត្តពលិក​ជាច្រើននៅជុំវិញពិភពលោកឬទេ?
  • តើវ៉ាក់សាំងអាចនឹងមានប្រសិទ្ធភាពដល់កម្រិតណា? យ៉ាងហោចណាស់យើងត្រូវចាក់វ៉ាក់សាំងដល់អត្តពលិក និងបុគ្គលិកទាំងអស់។ 
  • ខ្ញុំពិតជាទន្ទឹងរងចាំព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ុន្តែខ្ញុំមិនគិតថាវាជារឿងធម្មតាទេ។ ហើយខ្ញុំក៏មិនចង់អោយមនុស្ស​ជាច្រើនមកប្រទេសជប៉ុនដែរ។ ខ្ញុំគិតថាវាគួរតែត្រូវបានពន្យារពេលឬលុបចោល។

ជាការពិតស្ថានភាពមិនអំណោយផល គ្រាន់តែការសម្រេចចិត្តលុបចោលឬទុកព្រឹត្តិការណ៍កីឡាអូឡាំពិកមានកត្តា​​ជាច្រើនរួមចំណែកដល់ការសម្រេចចិត្តនេះ។ រដ្ឋាភិបាល និងអាជីវកម្មជាច្រើនបាន និងកំពុងធ្វើការរៀបចំអស់រយៈពេលយូរមកហើយ ហើយវានឹងក្លាយជាការខកចិត្តដ៏ធំមួយសម្រាប់អត្តពលិកដែលបានព្យាយាមហ្វឹកហាត់ដើម្បីចូលរួម។

ការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកដោយមិនខ្វល់ពីជំងឺរាតត្បាតមានន័យថាអ្នកចូលរួមទាំងអស់អាចប្រឈម​នឹង​ការឆ្លង ឬមានតែប្រទេសអ្នកមានដែលទទួលវ៉ាក់សាំងទើបសុវត្ថិភាពប៉ុណ្ណោះ។ លើសពីនេះវិធានការប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាលជំងឺនឹង​ធ្វើ​ឱ្យ​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​យ៉េន ហើយចំពោះការលក់សំបុត្រទំនង​ជា​មានកម្រិតទាប ការវិនិយោគស្ទើរតែស្មើសូន្យ។

ការពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកជាជម្រើសដ៏ល្អបំផុត ប៉ុន្តែវាមានន័យថាព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួនពីរនឹងត្រូវធ្វើឡើងក្នុងមួយឆ្នាំគឺ (ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈ​ឆ្នាំ ២០២២) ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិធ្លាប់ប្រកាសថាព្រឹត្តិការណ៍នេះនឹងប្រារព្ធធ្វើឡើងទោះបីជាមានការរីករាលដាលក៏ដោយ។ ប៉ុន្តែនៅពេលដែលឆ្នាំ ២០២០ ជិតកន្លងផុតទៅ តើសេចក្តីថ្លែងការណ៍នោះអាចនឹង​ក្លាយជាការពិតដែរឬទេជារឿងមួយផ្សេងទៀត។ ហើយពេលវេលាប្រកាសបន្ទាប់ក៏ជិតដល់ហើយដែរ។

***ចូលរួមក្នុងការស្ទង់មតិដើម្បីទទួលបានកាដូពី JAPO !!!

សូមចុចនៅត្រង់នេះ

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: