អ្នកនយោបាយជប៉ុនលក់ម៉ាសថ្លៃតែអះអាងថាខ្លួនមិនបានឆ្លៀតយកប្រយោជន៍ផ្ទាល់ខ្លួន
សមាជិកក្រុមប្រឹក្សាខេត្ត Shizuoka ប្រទេសជប៉ុនម្នាក់ត្រូវសុំទោសចំពោះទង្វើលក់ម៉ាសរាប់ពាន់នៅលើគេហទំព័រដេញថ្លៃអនឡាញ។ គាត់រកប្រាក់បានចំនួន ៨,៩ លានយ៉េនក្នុងអំឡុងជំងឺកូវីដ-១៩ រាតត្បាត។
លោក Hiroyuki Morota អាយុ ៥៣ ឆ្នាំបានសារភាពថាចាប់តាំងពីថ្ងៃទី ៤ ខែកុម្ភៈ គាត់បានលក់ម៉ាសដេញថ្លៃលើបណ្តាញអុីនធឺណេតចំនួន ៨៩ ដងក្នុងតម្លៃថ្លៃ។
លោក Hiroyuki Morota ថ្លែងក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំពិតជាសោកស្តាយដែលធ្វើអោយអ្នកទាំងអស់គ្នាមិនពេញចិត្ត ខ្ញុំសុំទទួលខុសត្រូវខាងសីលធម៌ និងមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងព្រោះខ្លួនខ្វះការពិចារណាក្នុងនាមជាសមាជិកក្រុមប្រឹក្សាខេត្ត” ។
នៅលើគេហទំព័រនីមួយៗបុគ្គលនេះលក់ដេញថ្លៃម៉ាសប៉ុន្មានប្រអប់ ក្នុងនោះមាន ២០០០ ម៉ាស ហើយលក់ក្នុងតម្លៃពី ៣ ម៉ឺនដល់ ១៧ ម៉ឺនយ៉េន។
លោក Hiroyuki Morota ក៏បាននិយាយថាគាត់នឹងពិគ្រោះជាមួយទីភ្នាក់ងារពាក់ព័ន្ធក្នុងរដ្ឋាភិបាលខេត្តយកប្រាក់ដែលបានមកពីការលក់ម៉ាសប្រើក្នុងវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ទោះយ៉ាងណាអ្នកនយោបាយរូបនេះបញ្ជាក់ថាលោកគ្មានបំណងលាឈប់ពីតំណែងទេ។
រូបភាព https://www.tokyoreporter.com/
ចំនួនម៉ាសដែលលោក Hiroyuki Morota យកទៅលក់ដេញថ្លៃស្ថិតនៅក្នុងឃ្លាំងរបស់ក្រុមហ៊ុនពាណិជ្ជកម្មដែលគាត់គ្រប់គ្រង។ ក្រុមហ៊ុននេះនាំចូលទំនិញពីប្រទេសចិនហើយលក់នៅលើអុីនធឺណេត។
អ្នកនយោបាយជប៉ុនរូបនេះអះអាងថាខ្លួនគាត់មិនបានឆ្លៀតយកចំណេញក្នុងការលក់ម៉ាសទេ។
AD