បុរសជាឪពុកមើលកូនស្រីចាប់កំណើតតាមរយៈស្មាតហ្វូនព្រោះ​ជាប់​គាំងកណ្តាលព្រិល

នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យកន្លែងដែលប្រពន្ធសម្រាលកូន បុរសជាប្តីឈ្មោះ Naoki Tanaka ជាប់លើផ្លូវហាយវេដោយសារព្រិលធ្លាក់ខ្លាំងក្នុងខេត្ត Niigata  ដូច្នេះហើយផ្លូវទាំងអស់ត្រូវបិទ។

ដោយមិនអាចទៅដល់មន្ទីរពេទ្យមើលប្រពន្ធសម្រាលកូន លោក Naoki Tanaka បានទូរស័ព្ទទៅប្រពន្ធរបស់គាត់ដើម្បីពន្យល់បញ្ហាដែលកំពុងកើតឡើងនៅតំបន់ផ្លូវហាយវេ Kanetsu មានយានយន្តជាង ២០០០ គ្រឿងរួមទាំង​ឡានរបស់គាត់ជាប់គាំងតាមផ្លូវ។

រូបភាព https://www.japantimes.co.jp/

ទោះបីដេកលើគ្រែមន្ទីរពេទ្យក៏ប្រពន្ធគាត់នៅតែយោគយល់ចំពោះអវត្តមានរបស់ស្វាមី។

លោក Naoki Tanaka អាយុ ៣១ ឆ្នាំរស់នៅទីក្រុង Mitsuke ខេត្ត Niigata និយាយរំលឹកឡើងវិញថា “ខ្ញុំធ្វើអោយប្រពន្ធ​នៅតែម្នាក់​ឯង នៅ​ក្នុង​ស្ថាន​ភាពនោះវាពិតជាមិនងាយឡើយ” ។

ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលបានកើតឡើងចំពោះលោក Naoki Tanaka ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យក្នុងខេត្ត Saitama កន្លែងឪពុកម្តាយក្មេករបស់គាត់រស់នៅ។ ក្រុមគ្រូពេទ្យបានបង្កើតប្រព័ន្ធអុីនធឺណេតដែលគេប្រើក្នុង​គោល​បំណងបម្រើអោយសាច់ញាតិដែលមិនអាចទៅមើលអ្នកជំងឺកូវីដ-១៩ ។

បណ្តាញអុីនធឺណេតភ្ជាប់ជាមួយបន្ទប់សម្រាលកូន លោក Naoki Tanaka អាចនិយាយផ្តល់កម្លាំងចិត្តភរិយាតាម​រយៈស្មាតហ្វូនរហូតដល់នាងសម្រាលបានកូនស្រីទម្ងន់ ៣,១៩០ គីឡូក្រាម។ នេះជាកូនស្រីទី ២ របស់ប្តីប្រពន្ធ ទារកកើត​នៅរសៀលថ្ងៃព្រហស្បតិ៍។

រូបភាព https://www.japantimes.co.jp/

ពេលអង្គុយនៅក្នុងរថយន្តដែលកំពុងជាប់គាំងគាត់និយាយថា “ខ្ញុំនៅតែមានឱកាសមើលឃើញពេលវេលាដ៏សំខាន់ ហើយនឹងស្តាប់ឮសម្លេងយំដំបូងរបស់កូនស្រី” ។

លោក Naoki Tanaka និយាយបន្តទៀតថា “ខ្ញុំមិនដឹងថាត្រូវថ្លែងអំណរគុណយ៉ាងណាចំពោះគ្រូពេទ្យដែលបានជួយដល់រូបខ្ញុំ និងភរិយានោះទេ”។

ដើម្បីរួចចេញពីផ្លូវហាយវេដែលកំពុងជាប់គាំងក្នុងព្រិល លោក Naoki Tanaka ត្រូវរង់ចាំអស់រយៈ ៣៤ ម៉ោង។

ភ្លាមៗនោះក្រោយពេលចេញពីផ្លូវហាយវេគាត់ប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ទោះបីជាហត់នឿយព្រោះតែអង្គុយ​លើឡានយូរ ហើយឃ្លានក៏ដោយ។

លោក Naoki Tanaka និយាយថា “ខ្ញុំចង់និយាយសុំទោសចំពោះប្រពន្ធរបស់ខ្ញុំ ហើយជួបនាងអោយបានឆាប់បំផុត” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: