ជនសង្ស័យត្រូវចោទប្រកាន់ពីបទបរិហាកេរ្តិ៍កីឡាការិនីចំបាប់ Hana Kimura រហូតដល់នាងធ្វើអត្តឃាត

ដូចដែលអ្នកបានដឹងបណ្តាញសង្គមនាំមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែផ្ទុយទៅវិញវាក៏ផ្តល់ផលប៉ះពាល់អវិជ្ជមាន​ផង​ដែរ។ មនុស្សមួយចំនួនប្រើបណ្តាញសង្គមសម្រាប់និយាយបង្កាច់បង្ខូច ធ្វើអោយអ្នកដទៃអាម៉ាស់មុខ​​នៅ​​លើ​អុីនធឺណេត។

កាលពីពេលថ្មីៗនេះប៉ូលីសទីក្រុងតូក្យូបានបញ្ជូនសំណុំរឿងទៅកាន់វិទ្យាស្ថានត្រួតពិនិត្យករណីបុរសវ័យ ២០ ឆ្នាំម្នាក់ ត្រូវចោទប្រកាន់​ពីបទបរិហាកេរ្តិ៍នៅលើបណ្តាញសង្គម។ ជនរងគ្រោះកីឡាការិនីចំបាប់អាជីព ហើយជាតារាកម្ម​វិធី​ទូរទស្សន៍ឈ្មោះ Hana Kimura ដែលបានធ្វើអត្តឃាតខ្លួនឯងកាលពីខែឧសភាឆ្នាំនេះ។

រូបភាព https://english.kyodonews.net/

កញ្ញា Hana Kimura អាយុ ២២ ឆ្នាំ ជាកីឡាការិនីចំបាប់អាជីព ហើយក៏ជាតារាក្នុងកម្មវិធីទូរទស្សន៍ “Terrace House” ដ៏ល្បីរបស់ជប៉ុនដែលផ្សាយចេញដោយ Fuji Television ។ នាងជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ៦ នាក់នៃស៊េរីរឿង បន្ទាប់ពីមរណភាពរបស់ Hana Kimura កម្មវិធីទូរទស្សន៍ហ្វូជីបានប្រកាសសម្រេចបញ្ចប់ការ​ផលិត និងការចាក់ផ្សាយកម្មវិធីពិតនេះ។

កាលពីចុងខែមីនាបន្ទាប់ពីវិចារបរិហារកេរ្តិ៍កញ្ញានៅលើបណ្តាញសង្គម ព្រោះតែនាងបានឈ្លោះប្រកែកជាមួយតួប្រុសក្នុងកម្មវិធី។ តាំង​ពី​ពេលនោះមកកញ្ញា Hana Kimura ក្លាយជាគោលដៅវាយប្រហារលើបណ្តាញអុីនធឺណេត ពាក់​ព័ន្ធជាមួយសម្តី និងកាយវិការរបស់នាងនៅក្នុងកម្មវិធី។

ជនសង្ស័យជាបុរសម្នាក់មកពីអូសាកាភាគខាងលិចប្រទេសជប៉ុន ត្រូវចោទប្រកាន់ពីបទបង្ហោះលើធ្វីតទ័រ មិនបញ្ចេញឈ្មោះ ហើយនិយាយសម្តីអាក្រក់ដូចជា “ហេ តើពេលណានាងស្លាប់?” ។

ប៉ូលីសបាននិយាយថាបុរសនោះទទួលសារភាពកាលពីខែមិថុនា និងផ្ញើអុីម៉ែលសុំទោសដល់គ្រួសាររបស់កញ្ញា Kimura ។

រូបភាព https://english.kyodonews.net/

បន្ទាប់ពីកញ្ញា Hana Kimura ទទួលមរណភាព រដ្ឋាភិបាលបានធ្វើវិសោធនកម្មក្រឹត្យរបស់ក្រសួងកាលពីខែសីហា ដើម្បីអនុញ្ញាតអោយ​ជនរងគ្រោះមានសិទ្ធស្នើផ្នែកគ្រប់គ្រងបណ្តាញសង្គមផ្តល់លេខទូរស័ព្ទរបស់អ្នកដែល​បញ្ចេញ​មតិ​បរិហារ​កេរ្តិ៍។ លើស​ពី​នេះ​រដ្ឋាភិបាល​គ្រោងនឹងធ្វើឱ្យនីតិវិធីមានលក្ខណៈសាមញ្ញដើម្បីអោយជនរងគ្រោះអាចទទួលបានព័ត៌មានរបស់អ្នកប្រើបណ្តាញ​សង្គម​នោះ។

ប៉ូលីសបានអោយដឹងថា Hana Kimura ទទួលបានសារព្យាបាទប្រហែល ៣០០ សារពីម្ចាស់គណនីប្រហែលជា ២០០ គណនី។ សារទាំងនោះអាចជាមូលហេតុបណ្តាលអោយកីឡាការិនីចំបាប់ធ្វើអត្តឃាត។

ជនសង្ស័យត្រូវទទួលខុសត្រូវខាងព្រហ្មទណ្ឌចំពោះមតិយោបល់បង្កាច់បង្ខូចរបស់ខ្លួន។

ម្តាយរបស់ Hana Kimura និយាយថា “ខ្ញុំសង្ឃឹមថារឿងនេះអាចដាក់កម្រិតលើទង្វើបរិហាកេរ្តិ៍អ្នកដទៃតាមរយៈបណ្តាញសង្គម។ ខ្ញុំចង់អោយជនល្មើសលុបលាងកំហុស បន្ទាប់មករស់នៅអោយរីករាយជំនួសកូនរបស់ខ្ញុំ” ។

រូបភាព https://www.japantimes.co.jp/

ស្ត្រីជាម្តាយក៏បានស្នើសុំអោយប្រព័ន្ធផ្សព្វផ្សាយរឹតបន្តឹងអ្នកវាយប្រហារតាមបណ្តាញអុីនធឺណេតព្រោះ “Hana Kimura ក៏មិនចង់ឃើញនរណាម្នាក់ក្លាយជាជនរងគ្រោះបន្ទាប់ផងដែរ” ។

ប៉ូលីសក៏កំពុងតែធ្វើការស៊ើបអង្កេតចំពោះវិចារបរិហារកេរ្តិ៍រាប់រយផ្សេងទៀតរបស់អ្នកដទៃ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: