គ្រូបង្រៀនសាលាបឋមសិក្សាត្រូវបណ្តេញចេញដោយសារប្តូរ​ចម្លើយរបស់​សិស្ស

នៅសាលាបឋមសិក្សា Sendai ទីក្រុង Nanakita លោកគ្រូបង្រៀនអាយុ ៤៨ ឆ្នាំម្នាក់ត្រូវបណ្តេញចេញពីការងារ ដោយសារប្តូរចម្លើយរបស់សិស្សចំពោះបញ្ហាហិង្សាក្នុងសាលា។

យោងតាមក្រុមប្រឹក្សាអប់រំទីក្រុង Sendai ថ្នាក់រៀនក្រោមការគ្រប់គ្រងរបស់គ្រូម្នាក់នេះមានសិស្សចំនួន ៣៣ នាក់។ ក្នុងនោះមាន ២២ នាក់បានបំពេញសំណួរស្ទង់មតិអំពីបញ្ហាហិង្សានៅសាលា ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងតាមបណ្តាសាលាបឋមសិក្សា។ ប៉ុន្តែគ្រូបង្រៀនរូបនេះ​បែរ​ជាកែចម្លើយរបស់សិស្ស ព្រោះគាត់គិតថាអាចរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនប្រសិនបើចំនួនសិស្សត្រូវ​ធ្វើបាបមានចំនួនតិច។

រូបភាព https://mainichi.jp/english/articles/20201208/p2a/00m/0na/002000c

ការស្ទង់មតិនេះធ្វើឡើងតាំងពីខែវិច្ឆិកា ហើយក្រុមប្រឹក្សាអប់រំទីក្រុង Sendai បានអោយដឹងសិស្ស​ចំនួន ២ នាក់ក្នុងថ្នាក់របស់គ្រូម្នាក់នេះឆ្លើយថាពួកគេត្រូវគេធ្វើបាប ប៉ុន្តែគ្រូបង្រៀនប្តូរចម្លើយ​ទៅជាមិនត្រូវគេធ្វើបាប។

ក្រៅពីនេះគ្រូម្នាក់នោះថែមទាំងប្តូរចម្លើយជាច្រើនទៀត។ ចំពោះសំណួរថា “នៅពេលមានអំពើហិង្សាក្នុងសាលា តើអ្នកគិតថាសាលារៀនគួរតែចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហា​ឬទេ?” សិស្សមួយចំនួនឆ្លើយថា “ទេ” ប៉ុន្តែគ្រូកែទៅជា “មាន” ។

ហេតុការណ៍នេះត្រូវគេដឹងបន្ទាប់ពីអ្នកគ្រប់គ្រងសាលារកឃើញថាខ្លឹមសារនៃការស្ទង់មតិខុសពីច្បាប់ចម្លងរបស់អាណាព្យាបាល។ បន្ទាប់មកគ្រូម្នាក់នោះក៏ទទួលស្គាល់ទង្វើរបស់គាត់។

តំណាងសាលាបឋមសិក្សានិយាយថាគាត់ជាគ្រូបង្រៀនតាមកិច្ចសន្យាបណ្តោះអាសន្នតាំង​ពី​ខែ​កញ្ញា ហើយធ្លាប់ក្លែងបន្លំទិន្នន័យស្ទង់មតិស្តីពីបញ្ហាហិង្សានៅសាលាបឋមសិក្សាផ្សេងទៀតក្នុងកំឡុងឆ្នាំសិក្សា ២០១៦, ២០១៨ និង ២០១៩  យ៉ាងហោចណាស់មានចំនួន ៦៦ ចម្លើយរបស់សិស្សត្រូវកែ។

ក្រុមប្រឹក្សាអប់រំទីក្រុង Sendai កំពុងពិចារណាដាក់ពាក្យប្តឹងលោកគ្រូម្នាក់នេះពីបទក្លែងបន្លំ​ឯក​សារផ្ទាល់ខ្លួនសម្រាប់ប្រយោជន៍ឯកជន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: