វីដេអូនិយាយពីបញ្ហារើសអើងជាតិសាសន៍ និងធ្វើបាបនៅក្នុងប្រទេសជប៉ុន
វីដេអូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនជប៉ុន Nike និយាយអំពីបញ្ហាសម្លុតធ្វើបាប និងការរើសអើងជាតិសាសន៍ដែលបង្កអោយមានការជជែកវែកញែកនៅលើអុីនធឺណេត ថែមទាំងអំពាវនាវអោយផ្ចាញ់ផ្ចាលផលិតផលក្រុមហ៊ុនផងដែរ។
តាំងពីពេលផ្សាយពាណិជ្ជកម្ម “Just Do It” ឆ្នាំ ១៩៨៨ ក្រុមហ៊ុនកីឡា Nike ចាប់ផ្តើមល្បីព្រោះតែពាណិជ្ជកម្មបង្កការចាប់អារម្មណ៍យូរអង្វែងចំពោះទស្សនិកជន។
រូបភាព https://japantoday.com/
ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Nike លើកនេះមានចំណងជើងថា “Ugokashitsuzukeru. Jibun wo. Shorai wo. The future Isn’t Waiting” រួមជាមួយនឹងរឿងរ៉ាវដែលផ្អែកលើបទពិសោធន៍ជាក់ស្តែងរបស់កីឡាករ។
ខ្លឹមសារវីដេអូនិយាយពីក្មេងស្រី ៣ នាក់មានជីវភាពខុសគ្នា ប៉ុន្តែពួកគេសុទ្ធតែចង់លេងបាល់ទាត់។ ក្នុងនោះម្នាក់ជាជនជាតិជប៉ុន ម្នាក់ជាជនជាតិកូរ៉េ និងម្នាក់ទៀតជាកូនកាត់ម្តាយជប៉ុន និងឪពុកជនជាតិស្បែកខ្មៅ។ រឿងនេះបង្ហាញពីកម្លាំងចិត្តរបស់នាក់ទាំង ៣ ដើម្បីតស៊ូ និងជំនះជម្លោះប្រចាំថ្ងៃឆ្ពោះទៅរកអនាគតតាមរយៈកីឡា។
វីដេអូមានរយៈពេល ២ នាទីបង្ហាញពីភាពស្រស់ស្រាយនៃចំណូលចិត្តរបស់នារីចំពោះកីឡាបាល់ទាត់។ ក្មេងស្រីជនជាតិជប៉ុនត្រូវគេធ្វើបាបនៅសាលា ហើយពិបាកក្នុងការបំពេញតាមបំណងរបស់ឪពុកម្តាយ។ នាងតែងតែសួរខ្លួនឯងថា “តើខ្ញុំល្អគ្រប់គ្រាន់ទេ?” ដើម្បីអោយឪពុកម្តាយពេញចិត្តនឹងការរៀនសូត្ររបស់នាងក្នុងសាលា។
ផ្ទុយទៅវិញក្មេងស្រីដែលជាកូនកាត់ត្រូវតស៊ូដើម្បីសម្របខ្លួន នាងត្រូវមិត្តរួមថ្នាក់មួយក្រុមស្ទាបសក់ក្នុងបន្ទប់ទឹកដោយសាររូបរាងរបស់នាងខុសគេ។ នាងសញ្ជឹងគិតថា “តើខ្ញុំដូចមនុស្សធម្មតាទេ?”
រូបភាព https://japantoday.com/
រីឯក្មេងស្រីជនជាតិកូរ៉េកំពុងប្រើទូរស័ព្ទអានព័ត៌មានអំពី “បញ្ហា Zainichi” (បញ្ហាជនបរទេសរស់នៅប្រទេសជប៉ុននិយាយពីទំនាក់ទំនងរវាងជប៉ុន និងកូរ៉េ ព្រោះប្រទេសទាំងពីរតែងតែតានតឹងនឹងគ្នា) ។ នាងត្រូវគេសម្លឹងមើលនៅតាមដងផ្លូវ ហើយតែងគិតថាធ្វើយ៉ាងណាអ្នកដទៃចូលចិត្តនាង?
នៅទីបំផុតក្មេងស្រីទាំង ៣ នាក់ដែលសុទ្ធសឹងតែមានចិត្តមិនស្ងប់ និងភាពភ័យខ្លាចរៀងខ្លួនសម្រេចមិនបណ្តោយអោយរឿងគ្រប់យ៉ាងកើតឡើងឡើយ។ ពួកគេមិនរង់ចាំថ្ងៃណាមួយការមើលមករបស់អ្នកដទៃផ្លាស់ប្តូរ ហើយអ្វីៗនឹងកាន់តែប្រសើរឡើងនោះទេ។ ពួកគេចង់ផ្លាស់ប្តូរធ្វើអ្វីដែលខ្លួនចូលចិត្តដោយមោទនភាព ក៏ដូចជាមានមោទនភាពចំពោះប្រជាជន និងខ្លួនគេផ្ទាល់។
រូបភាព https://japantoday.com/
ការផ្សាយវីដេអូនេះបង្ហាញអំពីបញ្ហាសម្លុតធ្វើបាបនៅប្រទេសជប៉ុន។ ដំណោះស្រាយរបស់ក្រុមហ៊ុន Nike ចំពោះបញ្ហានេះបានទាក់ទាញអ្នកគាំទ្រជប៉ុនជាច្រើនលើបណ្តាញសង្គម។
រូបភាព https://japantoday.com/
តាមរយៈវីដេអូនេះ Nike រំលឹកយើងថាកីឡាធ្វើមនុស្សមកពីគ្រប់មជ្ឈដ្ឋានសាមគ្គីគ្នា។
មតិយោបល់មួយចំនួនលើបណ្តាញអុីនធឺណេតបង្ហាញការចាប់អារម្មណ៍ ហើយយល់ស្របនឹងវីដេអូផ្សាយពាណិជ្ជកម្មនេះ។
- ពិតជាគួរអោយភ្ញាក់ផ្អើល ខ្ញុំមិនធ្លាប់មើលការផ្សាយពាណិជ្ជកម្មដែលមានអត្តន័យបែបនេះទេ
- អរគុណច្រើន។ សូមបន្តអត្តន័យសំខាន់ដូចនេះ
- ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមហ៊ុន Nike ។ សូមអរគុណអ្នកទាំងអស់គ្នា
ក្រៅពីនេះវីដេអូក៏ធ្វើអោយមនុស្សជាច្រើនមិនពេញចិត្ត ព្រោះបង្ខូចដល់សង្គមជប៉ុនសព្វថ្ងៃ។
ចំពោះមតិនៃក្រុមប្រឆាំងចង់មានន័យថា តើជប៉ុនពិតជាប្រទេសរើសអើងបែបនេះ? មានអារម្មណ៍ដូចជាក្រុមហ៊ុន Nike កំពុងតែបង្អាប់កេរ្តិ៍ឈ្មោះប្រទេសជប៉ុន។
- ទង្វើរបស់អ្នកហួសដែនកំណត់ ហើយធ្វើអោយប្រទេសជប៉ុនមើលទៅគួរឱ្យស្អប់ខ្ពើម
- ការរើសអើងកើតឡើងនៅគ្រប់ទីកន្លែងមិនមែនមានតែប្រទេសជប៉ុនប៉ុណ្ណោះទេ
- ខ្ញុំនឹងមិនទិញផលិតផលរបស់ក្រុមហ៊ុន Nike តទៅទៀតទេ
- សព្វថ្ងៃនេះជនបរទេសរៀននៅប្រទេសជប៉ុនមានច្រើនណាស់ ហើយពួកគេត្រូវបានចាត់ទុកស្មើភាពគ្នា។ មនុស្សតែម្នាក់គត់ដែលរើសអើងគឺក្រុមហ៊ុន Nike
- ទម្លាក់កំហុសមកលើប្រទេសជប៉ុនសប្បាយណាស់ឬ?
ការជជែកវែកញែកចំពោះវីដេអូនេះពិតជាច្រើនណាស់ ដោយសារកម្រិត dislike ស្ទើរតែស្មើកម្រិត like ។
ប៉ុន្តែការលើកឡើងអំពីបញ្ហាសម្លុតធ្វើបាប និងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសជប៉ុនមិនមែនជាការបង្អាប់ប្រទេសនោះទេ។ នោះគ្រាន់តែជាឆន្ទៈក្នុងការកែលម្អសង្គម មែនទេ?
AD