នៅសម័យមុនគេធ្វើយ៉ាងណាការពារជីវិតសាមូរ៉ៃមិនសម្លាប់ខ្លួនតាមម្ចាស់
សាមូរ៉ៃជឿទៅលើមនុស្សម្នាក់ ហើយស្តាប់តាមបង្គាប់ម្ចាស់របស់ខ្លួន បុគ្គលនោះអាចជាស្តេចក្រាញ់ ឬអធិរាជ។ នៅពេលមនុស្សម្នាក់នោះស្លាប់ សាមូរ៉ៃនឹងធ្វើអត្តឃាតសម្លាប់ខ្លួន មូលហេតុដែលធ្វើបែបនេះព្រោះគេចង់បន្តបម្រើម្ចាស់ពេលស្លាប់ទៅ។
រូបភាព https://intojapanwaraku.com/culture/121871/
ប្រសិនបើបុគ្គលដែលមានទេពកោសល្យស្លាប់ ហើយបុគ្គលម្នាក់ទៀតធ្វើអត្តឃាតតាម នោះប្រទេសជាតិនឹងចុះខ្សោយ។ ដូច្នេះការធ្វើអត្តឃាតសម្លាប់ខ្លួនបង្ហាញពីចិត្តស្មោះក៏ជាបញ្ហានៃប្រជាជាតិជប៉ុនផងដែរ។
ដូច្នេះតើធ្វើយ៉ាងណាអាចកាត់បន្ថយបញ្ហានេះ?
រឿងនិយាយពីសម័យ Shimazu ជាអ្នកគ្រប់គ្រងតំបន់ភាគខាងត្បូង Kyushu អស់រយៈពេលយូរមកហើយបន្តពីជំនាន់មួយទៅជំនាន់មួយ។ នៅឆ្នាំ ១៦១៩ ស្តេចក្រាញ់ឈ្មោះ Yoshihiro Shimazu អាយុ ៨៥ ឆ្នាំ គាត់ជាមេដឹកនាំម្នាក់ដែលខ្លាំងនៅសម័យ Shimazu ហើយទទួលបានជំនឿទុកចិត្ត និងភាពស្មោះត្រង់ពីអ្នកក្រោមបង្គាប់របស់ខ្លួន។
ក្នុងនាមជាអ្នកដឹកនាំមួយរូបលោកហាមឃាត់អ្នកក្រោមបង្គាប់មិនឲ្យធ្វើអត្តឃាតបន្ទាប់ពីលោកទទួលមរណភាព។
បើនរណាម្នាក់ធ្វើអត្តឃាតនោះតំណែង និងទ្រព្យសម្បត្តិត្រូវរឹបអូស។ លោកចង់មានន័យថាប្រសិនបើអ្នកគិតដល់គ្រួសារមិនគួរធ្វើអត្តឃាតឡើយ ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុកនោះទេ នៅតែមានសាមូរ៉ៃចំនួន ១៣ រូបសម្រេចធ្វើអត្តឃាតខ្លួន។
ទោះបីហាមឃាត់យ៉ាងណាក៏មិនអាចបញ្ឈប់ទង្វើនេះបានទេ ឬអ្នកក្រោមបង្គាប់របស់លោកចាត់ទុកភាពស្មោះត្រង់ធំជាងតំណែង និងគ្រួសាររបស់ពួកគេ។
ទោះជាយ៉ាងណា ការហាមឃាត់ខ្លះក៏ជោគជ័យដូចជា Kuroda Kanbe ។
លោកបានបន្សល់ពាក្យបន្តាំដល់សាមូរ៉ៃដែលស្ថិតក្រោមបង្គាប់របស់ខ្លួន “ខ្ញុំពិតជាមានអារម្មណ៍ថាការសម្លាប់ខ្លួនដើម្បីម្ចាស់ជាទង្វើគួរឲ្យធុញទ្រាន់ណាស់ ទោះបីអ្នកសម្លាប់ខ្លួនក៏មិនមែនមានន័យថាអ្នកនឹងឡើងឋានសួគ៌ ឬចុះឋាននរកជាមួយខ្ញុំឡើយ។ ខ្ញុំចង់បន្សល់ទុកសាមូរ៉ៃដែលមានទេពកោសល្យសម្រាប់មនុស្សជំនាន់ក្រោយ ខ្ញុំចង់ផ្ទេរតំណែងរបស់ខ្លួនដល់កូនចៅដែលខ្ញុំជឿទុកចិត្ត។ ដូច្នេះហើយ ខ្ញុំហាមដាច់ខាតចំពោះទង្វើធ្វើអត្តឃាតខ្លួនឯង” ។
ដោយសារការផ្តែផ្តាំមិនអាចធានា ១០០% ថាអ្នកក្រោមបង្គាប់ទាំងអស់មិនសម្លាប់ខ្លួន ដូច្នេះ Kanbe សម្រេចធ្វើឲ្យអ្នកក្រោមបង្គាប់លែងជឿទុកចិត្តគាត់។
ការលះបង់ត្រូវបង្ហាញការគោរពចំពោះខ្លួនឯង។
លោក Kanbe ត្រូវបានគេស្គាល់ថាជាមនុស្សសុភាពរាបសា និងទទួលបានការគោរពស្រលាញ់រហូតមកដល់សព្វថ្ងៃ។ ជាការពិតគាត់ក៏ដឹងដែរថាជំនឿរបស់អ្នកក្រោមបង្គាប់ចំពោះលោកធំធេងយ៉ាងណា ហើយប្រសិនបើមិនធ្វើអ្វីទាំងអស់ប្រាកដជាមានអ្នកធ្វើអត្តឃាតខ្លួន។
ហេតុដូច្នេះលោកក៏ធ្វើឲ្យអ្នកក្រោមបង្គាប់លែងគោរពដូចជាប្រើពាក្យស្តីបន្ទោសមុនពេលលោកទទួលមរណភាព ៣០ ថ្ងៃ។ មិនមានឯកសារណាមួយបញ្ជាក់ចំពោះទង្វើនេះទេ ប៉ុន្តែតាមសម្តីកូនប្រុស Nagamasa និយាយថា “នៅទីបំផុតឪពុកខ្ញុំក៏ប្រែទៅជាឆ្កួត…” ។
ដើមឡើយ Nagamasa មិនយល់ពីចេតនារបស់ឪពុកគាត់ទើបខឹងយ៉ាងខ្លាំង ប៉ុន្តែក្រោយមកឪពុកលោកបង្ហើបជាសម្ងាត់ថា “ពុកធ្វើពុតជាឆ្កួតដើម្បីមនុស្សជំនាន់ក្រោយ” ។
លោក Kuroda Kanbe បានបង្ហាញថា ខ្លួនគាត់មិនត្រឹមតែជាអ្នកដឹកនាំដែលមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងជាអ្នកចិត្តសាស្រ្តដ៏ល្បីល្បាញផងដែរ។ ដូច្នេះលទ្ធផលដែលទទួលបានអ្នកក្រោមបង្គាប់របស់លោកគ្មាននរណាម្នាក់ធ្វើអត្តឃាតខ្លួនឡើយ។
តាមរយៈរឿងនេះបង្ហាញឲ្យឃើញថា ការគោរពស្រលាញ់ក៏មិនប្រាកដថាមានសុភបង្គលឡើយ។ ទោះជាយ៉ាងណា ខ្ញុំពិតជាកោតសរសើរចំពោះស្មារតីរបស់លោក Kuroda Kanbe ធ្វើឲ្យខ្លួនក្លាយជាមនុស្សល្ងីល្ងើ អ្នកដទៃស្អប់ដើម្បីការពារជីវិតពួកគេ។
Kengo Abe