លោកយាយអាយុ ៧៣ ឆ្នាំទទួលសញ្ញាប័ត្របណ្ឌិតដោយការស្រាវជ្រាវ​គំនូរ​រឿង​និទាន​ដ៏​ល្បី​របស់​ជប៉ុន

លោកស្រី Misako Nagura អាយុ ៧៣ ឆ្នាំម្នាក់ទទួលសញ្ញាប័ត្របណ្ឌិតដោយពឹងលើការបកស្រាយអំពីប្រធានបទ “Hyakki Yakou” ប្រភេទរឿងព្រេងនិទានដ៏ល្បីរបស់ជប៉ុន។ លោកស្រីបន្តថាការសិក្សា និងស្រាវជ្រាវគឺជាភាពរីករាយក្នុងជីវិតរបស់គាត់។

លោកស្រីបានចូលរៀនសាកលវិទ្យាល័យ Aichi នៅអាយុ ៥៤ ឆ្នាំជាមួយនឹងមុខវិជ្ជាអក្សរសាស្រ្ត ហើយទទួលបានសញ្ញាប័ត្របណ្ឌិតក្នុងខែកញ្ញាដោយការស្រាវជ្រាវរបស់លោកស្រីផ្តោតលើគំនូររឿង “Hyakki Yakou” (ក្បួនដង្ហែរបស់បិសាចទាំង ១០០ នាពេលរាត្រី) ។

រូបភាព https://english.kyodonews.net/

រឿងនិទាន “Hyakki Yakou” និយាយពីក្បួនដង្ហែររបស់បិសាចទាំង ១០០ នៅកណ្តាលអធ្រាត្រដែលជារឿងព្រេងល្បីរបស់ជប៉ុន។ ទោះជាយ៉ាងណាប្រភពដើម និងអត្តន័យរបស់វានៅតែជាប្រធាន​បទដែលត្រូវពិភាក្សា។

លោកស្រី Misako Nagura បានពិចារណាសំណួរនេះក្នុងនិក្ខេបបទរបស់ខ្លួន គាត់បញ្ចប់ការសិក្សា​នៅសាកលវិទ្យាល័យឆ្នាំ ២០០៦ រហូតដល់ឆ្នាំ ២០០៩ គាត់បន្តសិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិតដើម្បីបន្តការស្រាវជ្រាវ។ 

លោកស្រីនិយាយថា “សាកលវិទ្យាល័យបានបង្រៀនខ្ញុំភាពរីករាយនៃការរៀនសូត្រពេញមួយជីវិត នៅក្នុងការស្រាវជ្រាវនេះមានផ្នែកខ្លះខ្ញុំមិនទាន់បោះពុម្ពផ្សាយនៅឡើយទេ ហើយខ្ញុំចង់សរសេរអត្ថបទ​មួយទៀតនិយាយពីប្រធានបទនេះ” ។

គាត់ធ្លាប់បោះបង់ចោលការសិក្សាបន្តឡើងសាកលវិទ្យាល័យដោយសារតែជំងឺ ហើយទៅធ្វើការនៅ​សាលាមតេយ្យ បន្ទាប់មកប្តូរទៅធ្វើការនៅរោងចក្រឈើ។ ពេលគាត់អាយុ ៥៣ ឆ្នាំសម្រេច​សាក​ល្បងខ្លួនឯងបន្ទាប់ពីទទួលបានព័ត៌មានប្រឡងសម្រាប់មនុស្សពេញវ័យ លោកស្រីបន្តថា “នេះជាឳកាសបន្តក្តីស្រមៃចូលរៀនសាកលវិទ្យាល័យ” របស់គាត់។

“ខ្ញុំភ្លេចទាំងអាយុរបស់ខ្លួនហើយចូលចិត្តជជែកលេងជាមួយយុវជននៅមហាវិទ្យាល័យ” ។

រូបភាព https://english.kyodonews.net/

លោកស្រី Misako Nagura និយាយថាគាត់ចាប់អារម្មណ៍នឹងប្រធានបទគំនូររឿង “Hyakki Yakou” ក្នុងកំឡុងពេលរៀនឆ្នាំទី ៣ ។ នៅពេលពិភាក្សាអំពីប្រធានបទនេះ គំនូរត្រូវគេចាត់ទុកថាគូរដោយវិចិត្រករ Tosa Mitsunobu ក្នុងសម័យ Muromachi (ពីសតវត្សទី ១៤ ដល់ ១៦) ទាក់ទាញចំណាប់អារម្មណ៍របស់គាត់យ៉ាងខ្លាំង។ គំនូររឿងនេះត្រូវបានទទួលស្គាល់ជាសម្បត្តិវប្បធម៌ដ៏សំខាន់របស់ប្រទេស។

ទោះជាយ៉ាងណាការស្រាវជ្រាវរបស់គាត់ជួបបញ្ហាពិបាកព្រោះមិនមានឯកសារយោងច្រើនទេ។ ក្រោយមកគាត់រកឃើញភាពស្រដៀងគ្នារវាងក្បួនដង្ហែ ពិធីសូត្រធម៌ និងក្បាច់រាំក្នុងរបាំប្រពៃណី​ពុទ្ធ​សាសនា។ នៅក្នុងការបកស្រាយក្បួនដង្ហែរបស់បិសាចត្រូវបានបំផុសគំនិតមកពីក្បួន​ដង្ហែ​ក្នុងព្រះពុទ្ធសាសនា។

រូបភាព https://english.kyodonews.net/

លោកស្រីថែមទាំងបានទៅដល់បរទេសដើម្បីបង្ហាញការរកឃើញរបស់ខ្លួន។ ក្នុងអំឡុងពេលធ្វើ​បទ​បង្ហាញនៅសាកលវិទ្យាល័យមួយក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០១១ គាត់ទទួលបានមតិឆ្លើយ​តប​វិជ្ជមាន​ជា​ច្រើន។

គាត់និយាយបែបកំប្លែងថា “ដោយសារតែ Pokemon ពួកគេមានចំណាប់អារម្មណ៍ចំពោះបិសាចរបស់ជប៉ុន” ។

បន្ទាប់ពីបញ្ចប់ការទទួលសញ្ញាបត្រ ហើយចាកចេញពីសាលានៅឆ្នាំ ២០១៧ លោកស្រី Misako Nagura នៅតែបន្តស្រាវជ្រាវអត្តបទរបស់ខ្លួននៅផ្ទះ។ គាត់ស្រាវជ្រារហូតដល់ពាក់កណ្តាលអធ្រាត្រ​ពេលដែលសមាជិកគ្រួសារផ្សេងទៀតភាគច្រើនចូលគេង ហើយលទ្ធផលគាត់បានបញ្ចប់និក្ខេប​បទនៅឆ្នាំ ២០២០ ។

ចៅៗរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាជីដូនរបស់ពួកគេគឺជាអ្នកនិពន្ធនិក្ខេប​បទ​ដូច​នេះ។

លោកស្រី Rei Kufukihara នាយិកាសាកលវិទ្យាល័យ និងជាអ្នកណែនាំរបស់លោកស្រី Misako Nagura បានសរសើរចំពោះសមិទ្ធិផលរបស់លោកស្រី។

លោកស្រីនាយិកាមានប្រសាសន៍ថា “ការស្រាវជ្រាវប្រធានបទដែលខ្វះឯកសារយោងពិតជាពិបាក​​ណាស់ ប៉ុន្តែលោកស្រី Misako Nagura មានកម្លាំងចិត្តអាចធ្វើបាន” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: