ការស្នើកាត់ទោសប្រហារជីវិតឃាតករប្រើធ្វីតធ័រសម្លាប់មនុស្ស ៩ នាក់នៅទីក្រុងតូក្យូ

នៅពេលដែលជនរងគ្រោះមានអារម្មណ៍មិនសប្បាយចិត្តចង់ធ្វើអត្តឃាត បុរសឃាតករឆ្លៀត​ឳកាស​ប្រព្រឹត្ត​អំពើឃោរឃៅរបស់ខ្លួន។

ក្នុងអំឡុងពេលជំនុំជម្រះព្រះរាជអាជ្ញាស្នើអោយកាត់ទោសប្រហារជីវិតបុរសម្នាក់ឈ្មោះ Takahiro Shiraishi អាយុ ២៩ ដែលបានសារភាពទោសឃាតកម្ម។ មនុស្សភាគច្រើនហៅបុរសរូបនេះថាឃាតករ​តាមបណ្តាញ Twitter ។

ដោយត្រូវចោទប្រកាន់ពីបទមនុស្សឃាតតាំងពីឆ្នាំ ២០១៧ បុរសឃាតករ Takahiro បាន​សម្លាប់​ស្រ្តី ៨ នាក់ និងបុរសម្នាក់ (ជនរងគ្រោះមានអាយុចន្លោះពី ១៥ ទៅ ២៦ ឆ្នាំ) បន្ទាប់​មក​បំលែង​សាក​​សព​ក្នុងផ្ទះរបស់ខ្លួនជិតទីក្រុងតូក្យូ។ 

រូបភាព https://www.bbc.com/news

យោងតាមប្រភពព័ត៌មានបានអោយដឹងថាជននេះស្វែងរកវិធីបំលែងសពមនុស្សនៅលើគេហទំព័រ​ខ្មៅ ហើយថែមទាំងទិញឧបករណ៍ដូចជាម៉ាស៊ីនកាត់ រណា និងអនុវត្តរបៀបចងខ្សែ។

“ជីវិតមនុស្ស ៩ នាក់ត្រូវគេសម្លាប់ក្នុងរយៈពេល ២ ខែ ជាឧក្រិដ្ឋកម្មដែលមិនអាចលើកលែងបាន ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះត្រូវប្តូរដោយជីវិតរបស់ឃាតករ” ។

ក្នុងពេលជំនុំជម្រះលោក Takahiro Shiraishi បានបញ្ជាក់ថាគ្មានការយល់ព្រមពីជនរងគ្រោះទេ ប៉ុន្តែមេធាវីការពារក្តីរបស់គាត់បែរជាអះអាងថាជនរងគ្រោះយល់ព្រមបន្ទាប់ពីបានផ្ញើសារជា​មួយ​​ជនជាប់ចោទ។ មេធាវីរបស់ Takahiro និយាយថាកូនក្តីរបស់ខ្លួនត្រូវទទួលទោសស្រាលជាង​បទ​ឧក្រិដ្ឋឃាតកម្ម ព្រោះគាត់ទទួលបានការយល់ព្រមពីជនរងគ្រោះ មិនត្រឹម​តែប៉ុណ្ណឹងមេធាវី​រូបនេះនិយាយបន្ថែមទៀតថាលោក Takahiro អសមត្ថភាពបញ្ញា។ បន្ទាប់ពីត្រួតពិនិត្យសុខភាពផ្លូវចិត្តអស់រយៈពេល ៥ ខែ ព្រះរាជអាជ្ញាបានបញ្ជាក់ថា Takahiro មានលក្ខណៈគ្រប់គ្រាន់​ក្នុងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះមុខច្បាប់។

នៅក្នុងការជំនុំជម្រះលើកដំបូងកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា លោក Takahiro បាននិយាយថាគាត់ចង់ទទួលទោសប្រហារជីវិត។

“ខ្ញុំសារភាពទោសកំហុសរបស់ខ្លួន ហើយព្រមទទួលយកការពិន័យទាំងអស់”

នៅពេលដែលព្រះរាជអាជ្ញាស្នើអោយកាត់ទោសប្រហារជីវិត លោក Takahiro នៅតែរក្សាភាពស្ងៀម​ស្ងាត់មិនបង្ហាញភាពភ័យខ្លាចអ្វីឡើយ។

តាមប្រភពព័ត៌មានស៊ើបអង្កេតលោក Takahiro ប្រើគណនី Twitter ដើម្បីចូលទៅជិតមនុស្សដែលមានចេតនាធ្វើអត្តឃាតឬអផ្សុក។ បន្ទាប់ពីនិយាយជាមួយជនរងគ្រោះ លោក Takahiro បានអញ្ជើញអ្នកទាំងនោះអោយទៅផ្ទះរបស់ខ្លួនដើម្បីបំពេញបំណងពួកគេ។

រូបភាព https://english.kyodonews.net

ព្រះរាជអាជ្ញានិយាយថាលោក Takahiro បានប្រព្រឹត្តអំពើឃាតកម្ម “សាហាវឃោរឃៅ និងគួរឱ្យស្អប់ខ្ពើម ដើម្បីបំពេញចំណង់របស់ខ្លួន” ។ ក្រៅពីសម្លាប់ជនរងគ្រោះ ជននេះថែមទាំងរំលោភនារី​រង​គ្រោះ ហើយយកប្រាក់របស់ពួកគេ។

យោងតាមការចោទប្រកាន់នេះលោក Takahiro បានច្របាច់ក និងបំលែងសាកសពជនរងគ្រោះមកពីទីក្រុងតូក្យូ និងខេត្តចំនួន ៤ ផ្សេងទៀត ចាប់ពីខែសីហាដល់ខែតុលាឆ្នាំ ២០១៧ ។ សាកសពរបស់ពួកគេត្រូវបានរកឃើញនៅក្នុងធុងក្លាសេក្នុងផ្ទះរបស់ឃាតករនៅ Zama ខេត្ត Kanagawa ។

រូបភាព https://english.kyodonews.net

ក្រៅពីនេះជនរងគ្រោះជាបុរសតែម្នាក់គត់ដែលលោក Takahiro សម្លាប់ជាមិត្តប្រុសរបស់នារីម្នាក់​ក្នុងចំណោមស្ត្រីដែលត្រូវសម្លាប់។ ជនរងគ្រោះត្រូវសម្លាប់បន្ទាប់ពីទៅដល់ផ្ទះរបស់លោក Takahiro ដើម្បីសាកសួរព័ត៌មានមិត្តស្រីរបស់ខ្លួន។

ករណីឃាតកម្មមនុស្សជាច្រើនត្រូវលាតត្រដាងកាលខែតុលាឆ្នាំ ២០១៧ ដោយសារបងប្រុស​ជន​រង​គ្រោះរកឃើញសាររបស់ប្អូនស្រីសន្ទនាជាមួយឃាតករ។ បងប្រុសជនរងគ្រោះស្នើសុំស្រ្តីម្នាក់ធ្វើ​ពុតចូលទៅជិតលោក Takahiro ដើម្បីប្រមូលព័ត៌មាន។ នៅពេលនាងប្រទះឃើញសាក​សព​មួយចំនួននៅក្នុងផ្ទះរបស់ Takahiro នាងបានទូរស័ព្ទទៅប៉ូលីសដើម្បីចាប់ខ្លួនឧក្រិដ្ឋ​ជន។

អំពើឃាតកម្មនេះបានធ្វើអោយសង្គមជប៉ុនមានការភ្ញាក់ផ្អើល ដូច្នេះរដ្ឋាភិបាលក៏ដូចជាអាជីវកម្ម​ត្រូវ​បង្កើនការការពារយុវវ័យដែលកំពុងត្រូវការជំនួយ។

បន្ទាប់ពីរឿងនេះ Twitter ជប៉ុនចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើអាចភ្ជាប់ទំនាក់ទំនងជាមួយអង្គការមិនរកប្រាក់ចំណេញ។ ពួកគេនឹងធ្វើសកម្មភាពនៅពេលរកឃើញពាក្យដែលទាក់ទងការធ្វើអត្តឃាត។

សេចក្តីជំនុំជម្រះបន្ទាប់របស់ Takahiro ធ្វើឡើងនៅថ្ងៃទី ១៥ ខែធ្នូ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: